បទយកការណ៍៖ តារាចម្រៀងរ៉េប គា សុគន្ធ និពន្ធបទថ្មីបណ្ដុះមនសិការជាតិដល់យុវជនជំនាន់ក្រោយ

តារាចម្រៀងរ៉េប យុវជន គា សុគន្ធ ក្នុងកម្មវិធីតន្ត្រីមួយធ្វើឡើងដើម្បីរំឭកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ២០២២។ (ហ៊ាន រង្សី/ VOD)

តារាចម្រៀងរ៉េបដែលធ្លាប់ជាប់ពន្ធនាគារ យុវជន គា សុគន្ធ វ័យ២៤ឆ្នាំ បានបញ្ចេញស្នាដៃទំនុកច្រៀងថ្មីរបស់ខ្លួនជាបន្តបន្ទាប់ រួមមានដូចជា បទ៣៦៥ថ្ងៃ បទកងពលកម្ពុជា និងបទបឹងទឹកភ្នែក ជាដើម ក្នុងគោលបំណងបណ្ដុះស្មារតីប្រជាពលរដ្ឋជាពិសេសយុវជនជំនាន់ក្រោយឱ្យគិតគូរបញ្ហាជាតិដែលកំពុងកើតមានឡើង។

មានដើមកំណើតក្នុងទឹកដីអង្គរ ខេត្តសៀមរាប យុវជនសម្បុរខ្មៅស្រអែមរូបនេះត្រូវបានតុលាការដោះលែងចេញពីពន្ធនាគារ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីអនុវត្តទោសរយៈពេល១ឆ្នាំ ក្នុងចំណោមទោស ១ឆ្នាំ ៨ខែ ក្រោមបទចោទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» ពាក់ព័ន្ធអត្ថន័យបទចម្រៀងរបស់គាត់ដែលផ្សព្វផ្សាយតាមបណ្តាញសង្គមយូធូប (YouTube)។

ក្រោយពេលចេញពីពន្ធនាគារ យុវជន គា សុគន្ធ បានបន្តអាជីពលើវិថីសិល្បៈ ដោយច្រៀងរៀបរាប់អំពីការរំលោភសិទ្ធិមនុស្ស អំពើ​អយុត្តិធម៌ក្នុងសង្គម និងបញ្ហាធនធានធម្មជាតិ ជាដើម ក្នុងបំណងបំផុសឱ្យយុវជនមានគំនិតស្នេហាមាតុភូមិរបស់ខ្លួន។

យុវជនរូបនេះនិយាយថា៖ «អ្វីដែលជាកម្លាំងចិត្តរបស់ខ្ញុំបន្ទាប់មក មានគេគាំទ្រច្រើន។ អ្នកគាំទ្រខ្ញុំខ្លាំងបំផុត ឪពុកម្ដាយ បងប្អូន ជាពិសេសអង្គការសង្គមស៊ីវិល ដែលគាត់ជាអ្នកច្បាប់ គាត់យល់ថាបទហ្នឹងមានភាពត្រឹមត្រូវ ហើយខ្ញុំយល់ឃើញថាខ្ញុំអត់ខុស។ អ៊ីចឹងហើយក៏ខ្ញុំនៅតែបន្តលើវិស័យហ្នឹងដដែល»។

កើតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប គា សុគន្ធ គឺជាកូនទី៤ ក្នុងចំណោមបងប្អូន ៤នាក់។ សុគន្ធបានបោះបង់ការសិក្សាត្រឹមថ្នាក់ទី៩ ដោយសារតែជីវភាព។ ក្នុងឆ្នាំ២០១៩ យុវជន គា សុគន្ធ គឺជាជាងថតរូបនៅក្នុងតំបន់ប្រាសាទតាព្រហ្ម និងបានរៀនពីរបៀបតែងនិពន្ធ និងការច្រៀងបទបែបរ៉េប (Rapper) តាមរយៈបណ្តាញសង្គមយូធូប (YouTube)។

ក្នុងពេលថ្មីៗនេះ ស្នាដៃបទថ្មីរបស់ សុគន្ធ គឺបទ បឹងទឹកភ្នែក ត្រូវបានអង្គការដែលសកម្មក្នុងការការពារសិទ្ធិមនុស្សលីកាដូ ផ្សព្វផ្សាយនៅ​ថ្ងៃ «ទិវាសិទ្ធិលំនៅឋាន​ពិភពលោក» ក្នុង​ឆ្នាំ​២​០​២​២​ ដោយមានអ្នកទស្សនាជាងកន្លះលាននាក់នៅលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) ។

​អត្ថន័យក្នុងបទ បឹងទឹកភ្នែក បានរិះគន់ចំពោះការ​លុប​បឹងដើម្បី​ធ្វើ​គម្រោង​អភិវឌ្ឍន៍​ ​ដែលបង្កឱ្យមានការជន់លិចយ៉ាងអាក្រក់ក្នុងក្រុងភ្នំពេញ ការ​បណ្ដេញពលរដ្ឋ​ចេញពីលំនៅឋាន​ ​និងការគំរាមកំហែងជីវភាពប្រជាពលរដ្ឋកំពុងរស់នៅជាប់បឹងដែលបានលុបនោះ។ ​ចំណែកបទ ៣៦៥ថ្ងៃ វិញ បានលាតត្រដាងពីជីវិតអាប់អួក្នុងពេលដែល សុគន្ធ ជាប់ពន្ធនាគាររយៈពេល១ឆ្នាំ។ យុវជនរូបនេះចាត់ទុកថា ការកាត់ទោសពីតុលាការបែបនេះ គឺជារឿងអយុត្តិធម៌បំផុតសម្រាប់ជីវិតរបស់គាត់ដែលមិនអាចបំភេ្លចបាន។

ឃ្លាមួយក្នុងបទ ៣៦៥ថ្ងៃ សរសេរថា៖ «ខ្ញុំឈរលើអព្យាក្រឹត ប្រយុទ្ធនឹងឧបសគ្គ ក្នុងនាមជាទណ្ឌិត សក់ត្រូវគេកោរ ជីវិតក៏ចាក់សោរ ៣៦៥ថ្ងៃ ស៊ីបាយជាមួយចោរ។ យប់បង្ហូតដៃតាមចង្រឹង គិតពិចារណា និងខកចិត្តពេញទំហឹង»។

ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២២ អង្គការសង្គមស៊ីវិលចំនួន២៨ស្ថាប័ន បានរៀបចំពិធីប្រគល់ពានរង្វាន់ដល់អ្នកការពារសិទ្ធិមនុស្សឆ្នើម ចំនួន១២នាក់/តំណាងសហគមន៍ ដែលបានខិតខំបំពេញកិច្ចការងាររបស់ខ្លួនក្នុងការលើកកម្ពស់សិទ្ធិមនុស្សដើម្បីបម្រើប្រយោជន៍រួម ក្នុងនោះក៏មានតារាចម្រៀងរ៉េប គា សុគន្ធ មួយរូបផងដែរ។

លោក រស់ សុដ្ឋា នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) និងជាគណៈកម្មាធិការមួយរូបក្នុងកម្មវិធីផ្តល់ពាន បានចាត់ទុកយុវជន គា សុគន្ធ ជាសិល្បករម្នាក់ដែលបានចូលរួមលើកកម្ពស់សេរីភាពបញ្ចេញមតិក្នុងប្រទេសកម្ពុជា រហូតជាប់ពន្ធនាគារ។ លោកថា សិល្បកររូបនេះជាមនុស្សមានតម្លៃ និងមានភាពក្លាហាន សក្តិសមទទួល «ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សឆ្នើម» នេះ។

លោកថា៖ «[ការផ្ដល់ពានជូន] គា សុគន្ធ ពាក់ព័ន្ធសេរីភាពបញ្ចេញមតិ និងបញ្ហារំលោភសិទ្ធិ។ គាត់ច្រៀងពីបញ្ហារំលោភសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ សិទ្ធិបញ្ចេញមតិនេះ ដើម្បីប្រយោជន៍សាធារណៈដែរ មិនមែនដើម្បីផលប្រយោជន៍គាត់ [គា សុគន្ធ] ណា!»

យុវតីម្នាក់ដែលតែងតែស្តាប់បទចម្រៀងលោក គា សុគន្ធ គឺកញ្ញា អេង ស្រីពៅ វ័យ២៤ឆ្នាំ បានលើកឡើងថា មូលហេតុដែលគាត់ចូលចិត្តស្តាប់បទស្នេហាជាតិទាំងនោះ គឺដោយសាររាល់អត្ថន័យក្នុងទំនុកច្រៀងបានឆ្លុះបញ្ចាំងពីតថភាពពិតក្នុងសង្គម និងបានបណ្តុះមនសិការជាតិដល់យុវជនជំនាន់ក្រោយ។

យុវតី អេង ស្រីពៅ បន្តថា៖ «ស្តាប់ហើយមានអារម្មណ៍ថារំភើប ទាំងភ្លេង ទាំងសាច់[ទំនុកច្រៀង] ដែលគាត់ច្រៀងមក វាច្បាស់ៗល្អ។ បទគាត់និយាយមកធ្វើឱ្យយើងជក់ចិត្ត ទាំងផ្តល់ភាពសប្បាយផង បានអប់រំផង ក្រើនរំលឹកផង ហើយបង្ហាញពីទិដ្ឋភាពជាក់ស្តែងក្នុងសង្គមទៀត»

យ៉ាងណាក្តី សម្រាប់យុវជន គា សុគន្ធ បានប្រាប់ថា ការនិពន្ធបទចម្រៀងរិះគន់រឿងរ៉ាវក្នុងសង្គមជាក់ស្តែងបែបនេះ ត្រូវបានក្រុមគ្រួសាររបស់លោកហាមឃាត់មិនឱ្យបន្តអាជីពនេះទេ ព្រោះតែបារម្ភពីសុវត្ថិភាពលោក។

លោកថា៖ «ពេលខ្លះគាត់ [ក្រុមគ្រួសារ] ហាមដែរ ពីព្រោះគាត់បារម្ភពីសុវត្ថិភាពរបស់ខ្ញុំ ប៉ុន្តែគាត់ក៏មិនបានបិទសិទ្ធិសេរីភាពខ្ញុំនៅក្នុងការនិយាយពីបញ្ហាអស់ហ្នឹងទេ ឱ្យតែយើងនិយាយនៅក្នុងភាពត្រឹមត្រូវ»។

ប៉ុន្តែសម្រាប់សិល្បករវ័យក្មេងរូបនេះបានប្រកាសជំហរថា នឹងមិនបោះបង់អាជីពជាអ្នកចម្រៀងរ៉េបនោះទេ ទោះបីជាគាត់ប្រឈមពីសុវត្ថិភាពផ្ទាល់ខ្លួន និងធ្លាប់ជាប់ពន្ធនាគារដោយសារស្នាដៃបទចម្រៀងរបស់ខ្លួនក្តី។ យុវជន គា សុគន្ធ និយាយថា ការឃុំខ្លួនលោកពីសំណាក់អាជ្ញាធរនាពេលកន្លងមក គឺជារូបភាពមួយដើម្បីបំបិទមាត់ និងបំបាក់ស្មារតីយុវជនជំនាន់ក្រោយ មិនឱ្យហានតស៊ូមតិរកដំណោះស្រាយចំពោះបញ្ហាក្នុងសង្គមដែលកំពុងកើតមាន។

លោកបន្តថា៖ «ការឃុំខ្លួនខ្ញុំ! ខ្ញុំយល់ថាជារឿងអយុត្តិធម៌មួយ ព្រោះខ្ញុំយល់ថា ខ្ញុំម្នាក់[ច្រៀង]ឱ្យគេ ១ពាន់នាក់ ១ម៉ឺននាក់ ស្តាប់បានគេយល់ [អត្ថន័យក្នុងចម្រៀង]។ អ៊ីចឹងបើគេចាប់ខ្ញុំ! ខ្ញុំមានអារម្មណ៍ថា អ្នកចម្រៀងស្រករក្រោយ ចង់ច្រៀងបទប្រភេទអ៊ីចឹង គាត់ភ័យបាត់ហើយហ្នឹង»។

លោកបន្ថែមថា៖ «បើនិយាយទូទៅ ចម្រៀងគឺជាសិល្បៈមួយនៃការឆ្លុះនៃសង្គម ហើយវាទូលំទូលាយខ្លាំងណាស់ ប៉ុន្តែនៅពេលដែលគេចាប់យើង វាអត់ដែលមានច្បាប់ចាប់អ្នកចម្រៀងទេ ព្រោះចម្រៀងពីសង្គមពីជាតិអីហ្នឹង តាំងពីសម័យលោកតា ស៊ីន ស៊ីសាមុត ក៏គាត់ច្រៀងដែរ​! អ៊ីចឹងការចាប់ខ្លួនខ្ញុំ គឺដើម្បីបន្លាចទៅដល់អ្នកជុំវិញខ្លួន»។

មាត្រា៤១ នៃរដ្ឋធម្មនុញ្ញ បានចែងថា៖ «ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន​ សេរីភាព​ខាង​សារព័ត៌មាន​​ សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ​ សេរីភាព​ខាង​ការ​ប្រជុំ។ ជន​ណា​ក៏​ដោយ​មិន​អាច​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ​ដោយ​រំលោភ​ នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នក​ដទៃ​ ដល់​ទំនៀមទម្លាប់​ល្អ​របស់​សង្គម​ ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ និង​ដល់​សន្តិសុខ​ជាតិ​​បាន​ឡើយ។ របប​សារព័ត៌មាន​ត្រូវ​រៀបចំ​ឡើង​ដោយ​ច្បាប់»។

បងស្រីបង្កើតរបស់តារារ៉េប គា សុគន្ធ គឺកញ្ញា គា ចាន់ណា វ័យ២៨ឆ្នាំ រៀបរាប់ថា យុវជន គា សុគន្ធ ជាក្មេងប្រុសមា្នក់មានអត្តចរិតស្លូតបូត សុភាពរាបសា ស្តាប់បង្គាប់ឪពុកម្តាយ និងមិនសូវចេះនិយាយលេងសើចច្រើន។ កញ្ញាថា ក្រុមគ្រួសាររបស់គាត់មានការឈឺចាប់ ក្នុងពេលដែល គា សុគន្ធ ត្រូវជាប់ពន្ធនាគារ ប៉ុន្តែគាត់មានមោទកភាពដែលមានប្អូនប្រុសជាសិល្បករមានសមត្ថភាពអាចច្រៀងដាស់តឿនឱ្យប្រជាពលរដ្ឋកម្ពុជាមានឧត្តមគតិស្នេហាជាតិរបស់ខ្លួន។

កញ្ញា គា ចាន់ណា បន្តថា៖ «ទី១ យើងរំភើប និងមានមោទកភាពចំពោះប្អូន ដែលគាត់នៅតែក្លាហាន នៅតែរឹងមាំ។ ទី២ យើងគិតថា ប្រសិនតែយុវជនយើងគ្រប់គ្នារវល់តែ[ខ្លាច]រអានឹងការគំរាមគំហែង ដូច[ករណីគ្រួសារ]ខ្ញុំ និងប្អូនខ្ញុំក៏ដោយ ​អ៊ីចឹងយើងបានអ្នកណាដែលជាជំហរ ឈរជាគោលសម្រាប់ឱ្យយុវជនផ្សេងៗទៀត? ដូចគេថាប្រទេសជាតិទាំងមូលត្រូវការយុវជន»

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូ លោក អំ សំអាត សង្កេតឃើញថា អាជ្ញាធរកម្ពុជាតែងតែប្រើប្រាស់ផ្លូវច្បាប់ទប់ស្កាត់ការបញ្ចេញមតិរបស់ពលរដ្ឋ ដើម្បីការពារទង្វើរបស់ខ្លូន។ លោកថា ចម្រៀងគឺជាមធ្យោបាយមួយដើម្បីបញ្ចេញមតិ ហើយ​ការបំបិទមិនឱ្យពលរដ្ឋនិពន្ធបទចម្រៀងលាតត្រដាងពីស្ថានភាពជាក់ស្តែង គឺជាការរំលោភសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយ៉ាងធ្ងន់ធ្ងរ។​ លោកបន្តថា អ្នកមានស្នាដៃទាំងនោះគួរត្រូវទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាលជាជាងការចាប់ដាក់ពន្ធនាគារដូចករណី គា សុគន្ធ បែបនេះ។

លោកថា៖ «ខ្ញុំយល់ថា ទេពកោសល្យដែលយុវជន បងប្អូនប្រជាពលរដ្ឋមានក្នុងការនិពន្ធបទភ្លេង និពន្ធបទចម្រៀងនេះ គឺកម្រណាស់។ បើសិនជាមានអ៊ីចឹងមែន ទោះជាបទចម្រៀង ឬក៏ការនិពន្ធហ្នឹងវាមានការខ្វះចន្លោះ គួរតែមានការជជែក ឬការបង្រៀនបន្ថែម ដើម្បីបំពេញទេពកោសល្យរបស់អ្នកទាំងអស់ហ្នឹងឱ្យពេញលេញ ក្នុងការចូលរួម[កសាង]ក្នុងសង្គមជាតិ»។

លោក សាន ផល្លា អគ្គនាយករងបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ មិនបានឆ្លើយតបជុំវិញការលើកឡើងចំពោះការរឹតត្បិតសិទ្ធិសេរីភាពអ្នកនិពន្ធបានទេ ដោយថា ករណីនេះហួសពីដែនសមត្ថភាពរបស់លោក។

លោកថា៖ «ខ្ញុំអាចឆ្លើយដែរ ក្នុងកម្រិតបច្ចេកទេស! ដល់ពេលកម្រិតអ៊ីចឹង [ការរឹតត្បិតសិទ្ធិសេរីភាពអ្នកនិពន្ធ] ទាល់តែអ្នកនាំពាក្យនៅក្នុងក្រសួង ពេលខ្ញុំឆ្លើយទៅ វាអត់ត្រូវន័យហ្នឹង»

អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនអាចសុំការអត្ថាធិប្បាយបានទេជុំវិញករណីនេះ ដោយទូរសព្ទចូលជាច្រើនដង មិនមានអ្នកទទួល។

ក្នុងខែមិថុនា ឆ្នាំ២០២១ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​នៃ​គណៈមេធាវី​អាមេរិក (ABA) បាន​ចាត់ទុកការ​​ផ្ដន្ទាទោសយុវជន គា សុគន្ធ គឺ​គ្មាន​​ភស្តុតាង​រឹងមាំ​ក្នុង​ការ​ស្វែង​រក​ការ​ពិត និង​ផ្តល់​យុត្តិធម៌​ជូន​​​​ពលរដ្ឋ ស្រប​តាម​ច្បាប់​កម្ពុជា និង​កតិកាសញ្ញា​អន្តរជាតិ ស្តីពី​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ។ ប្រភពដដែលថា សំណុំរឿងនេះ គឺជាការរំលោភសិទ្ធិមនុស្ស និងបំពានទៅលើនីតិវិធីច្បាប់ជាតិ និងអន្តរជាតិ។

កាលពីឆ្នាំ២០១៩ អាជ្ញាធរកម្ពុជាក៏បានឃាត់ខ្លួនយុវជនម្នាក់ឈ្មោះ ឈុន ឌីម៉ី ឬហៅថា ឌីម៉ី ខេមបូ (Dymey-Cambo) ម្ចាស់បទ “សង្គមនេះ” ដោយបញ្ជាឱ្យយុវជនរូបនោះសុំទោសជាសាធារណៈ ក្រោយពេលដែលអត្ថន័យក្នុងបទនោះបានរិះគន់ពីបញ្ហាសង្គមកម្ពុជាចំៗ ដូចជា អំពើពុករលួយ ភាពអយុត្តិធម៌ និងការជិះជាន់លើប្រជាពលរដ្ឋក្រីក្រពីអ្នកមានអំណាច ជាដើម។

ទោះជាយ៉ាងណាក្តី ត្រលប់មកតារាចម្រៀងរ៉េប គា សុគន្ធ វិញ មិននឹកស្មានថាបទចម្រៀងរបស់ខ្លួនមានការគាំទ្រច្រើនពីប្រជាពលរដ្ឋបែបនេះទេ។ សុគន្ធ ប្តេជ្ញាថានឹងបន្តផលិតសា្នដៃទំនុកច្រៀងថ្មីជាបន្តទៀត ទោះបីជាប្រឈមនឹងការគំរាមកំហែងនៅលើដំណើរជីវិតក្នុងវិថីសិល្បៈរបស់ខ្លួនយ៉ាងណាក្តី។

យុវជន គា សុគន្ធ និយាយថា៖ «នៅពេលដែលខ្ញុំនៅក្នុងពន្ធនាគារ ខ្ញុំអត់ដឹងទេ! ព្រោះនៅក្នុងហ្នឹង វាស្ងាត់អស់ហើយ យើងដឹងត្រឹមថាពេលដែលចេញមកវិញ យើងនៅសល់ដូចជាចំហាយដែលយើងអូសទៅ។ ពេលដែលតាមដានព័ត៌មានខ្លួនឯងក៏ដឹងថាគេគាំទ្រខ្ញុំច្រើន ហើយខ្ញុំក៏សូមអរគុណដែលគាំទ្រមកលើខ្ញុំ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ