សង្គមស៊ីវិលថាចំណាត់ការលើអ្នករិះគន់ប្រព័ន្ធបោះឆ្នោតជាវិធានរក្សាទុកជំងឺសង្គម

រូបលោក សុន ឆ័យ អនុប្រធាន​គណបក្សភ្លើងទៀន បង្ហាញនៅក្នុងទូរសព្ទដៃរបស់អ្នកគាំទ្រ ក្រោយលោកចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបណ្ដឹងរបស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដែលបានប្ដឹងរូបលោកពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ជុះវិញការរិះគន់រឿងភាពមិនប្រក្រតីនៃការបោះឆ្នោត។ (ហ៊ាន រង្សី)

អ្ន​​​កឃ្លាំមើលព្រួយបារម្ភថា ការប្ដឹងទារសំណងជំងឺចិត្តរហូត១លានដុល្លារពីអ្នករិះ​គ​ន់​ប្រ​​ព័​​ន្ធ​​​​​​​​​​​​​​​​បោះ​ឆ្នោតមិនត្រឹ​​មត្រូវ ជាវិធានរក្សាទុកជំងឺសង្គម បន្តឱ្យប៉ះទង្គិចដល់វិស័យសេដ្ឋកិច្ច​និ​ង​​​​​​នយោបាយ ដោ​​​​​​យ​​​​​សំអាង​​ថា វិ​ធាននេះជាទម្រង់គំរាមកំហែងសំឡេងឯករាជ្យដែលជាតួអង្គឆ្លុះបញ្ចាំងដើម្បីកែ​លម្អ​​ស​ង្គមតា​មយន្តការប្រជាធិបតេយ្យ។

ការលើកឡើងនេះ បន្ទាប់ពីសាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានកាត់ក្ដីឱ្យអនុប្រ​ធា​ន​គណបក្សភ្លើងទៀន លោ​ក សុ​ន ឆ័យ ​បន្តចាញ់ក្តីគណបក្សប្រជាជនកម្ពុជា និង គ.ជ.ប. ជាដើមបណ្តឹ​ង​ ក្នុងសំណុំរឿ​ង​​ «បរិហារកេរ្តិ៍» ទាក់ទងនឹងលោក សុន ឆ័យ រិះគន់ថាការបោះឆ្នោតថ្មីៗនេះ មានការលួចបន្លំ​សន្លឹ​កឆ្នោត។

សេ​ចក្តីសម្រេចនោះ សាលាឧទ្ធរណ៍បង្គាប់ឱ្យលោក សុន ឆ័យ បង់ប្រាក់ពិន័យ១០លាន​រៀល និងប្រា​ក់ជំងឺចិត្តឱ្យបក្សកាន់អំណាចចំនួន៤​ពាន់លា​ន​រៀល ឬប្រមាណជា១លានដុល្លារអាមេរិក។

សម្រាប់អ្នកស្រាវជ្រាវភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា មើលឃើញថា ការដែលតុលាការកាត់សេចក្តីឱ្យបក្សកាន់អំណាចឈ្នះក្ដីលើអ្នកនយោបាយជំទាស់ មិនមែនជារឿងថ្មីទេ ដោយថា ប្រព័ន្ធតុលាការត្រូវបានគេមើលឃើញថាស្ថិតក្រោមឥទ្ធិពលនយោបាយ ដូច្នេះសេចក្តីសម្រេចមិនអាចងាកចេញពីបន្ទាត់នយោបាយបានទេ។

លោកថា៖ «ដោយសាររឿងក្ដីរបស់លោក សុន ឆ័យ ជារឿងក្តីនយោបាយ ដូច្នេះការសម្រេចរបស់តុលាការគឺធ្វើទៅតាមទំនោររបស់គណបក្សកាន់អំណាច»។

លោកថា យុទ្ធសាស្ត្រនេះជាអាវុធមុខពីរ តាមបន្លាចអ្នកនយោបាយជំទាស់ផង និងគំរាមកំហែងដល់សំឡេងឯករាជ្យផងដែរ ដោយថា វិធានលើលោក សុន ឆ័យ អាចនឹងកើតមានលើអ្នកដទៃទៀត បើពួកគេហ៊ា​​​​​នអ្នករិះគន់ភាពមិនត្រឹមត្រូវលទ្ធផលបោះឆ្នោតខាងមុខ ខណៈបក្សកាន់អំណាចកំពុងសម្រេច​ផែន​កា​របន្តវេនទៅមនុស្សជំនាន់ក្រោយ។

លោកគិតថា បើគ្មានអ្វីកែលម្អ របត់នេះនៅតែឱ្យមានភាពផុយស្រួយនៃការបែកបាក់ជាតិ បង្កផលប៉ះទង្គិច ទាំងខាងន​យោបាយនិងសេដ្ឋកិច្ច ដោយថា ស្ថានភាពនយោបាយបច្ចុប្បន្នកំពុងប្រឈមនឹងវិធានអន្តរជាតិ ដើម្បីឆ្លើល​យតបទៅនឹងការធ្លាក់ចុះស្ថានភាពគោរពសិទ្ធិនុស្ស និងលំហប្រជាធិបតេយ្យ ។

លោកថា៖ «ជាអ្នកតាមដាន យើងតែងតែចង់បានថានយោបាយ វាទាល់តែពួកគាត់ហ្នឹងធ្វើដើម្បីផលប្រ​យោ​ជន៍ជាតិជាធំ យកបញ្ហាជាតិធ្វើជាវេទិកាជជែកឬក៏រិះគន់គ្នា មិនមែនវាយប្រហារគ្នាជាលក្ខណៈបុគ្គល។ បើមិ​​​នដូច្នេះទេ សង្គមខ្មែរនៅតែបែកបាក់ ទណ្ឌកម្មអន្តរជាតិនឹងកាន់តែធ្លាក់ចុះជាបន្តបន្ទាប់មកទៀត ហើ​យ​វាធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចកម្ពុជា ហើយនឹងជីវភាពប្រជាពលរដ្ឋផងដែរ»។

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនិចហ្វិក លោក សំ គន្ធាមី យល់ថា ការរិះគន់ប្រព័ន្ធបោះឆ្នោតខ្វះសុចរិតភាព ជាសិទ្ធិបញ្ចេញមតិដើម្បីកែលម្អសង្គម ដែលធានាដោយរដ្ឋធម្មនុញ្ញ។

លោកយល់ថា ចំណាត់ការទៅលើលោក សុន ឆ័យ ដែលភ្ជាប់នឹងការបង់ប្រាក់រហូត១លានដុល្លារឱ្យបក្សកាន់អំណាចនោះ នឹងមិនជំរុញឱ្យមានការកែលម្អប្រព័ន្ធបោះឆ្នោតដើម្បីដោះស្រាយបញ្ហាសង្គមទេ តែវាហាក់ធ្វើឱ្យសេរីភាពបញ្ចេញមតិកាន់តែរួមតូច និងធ្វើឱ្យការបោះឆ្នោតខ្វះសុចរិតភាព។

លោកថា៖ «បើប្រព័ន្ធបោះឆ្នោតគ្មាននរណារិះគន់បាន ធ្វើម៉េចនឹងដំណើរការល្អទៅ? គ្រាន់តែគេរិះគន់ ប្ដឹងបរិហារកេរ្តិ៍ ប្តឹងអី! ហើយលុយរាប់លានអ៊ីចឹង បង់លុយបង់អី! ធ្វើម៉េច[ឱ្យការបោះឆ្នោត]សុក្រឹតបានទៅ?»

យ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិមួយខ្សែនៅខេត្តព្រះសី​ហ​នុ កាលពីថ្ងៃពុធម្សិលមិញ បានការពារថា ការចេញបញ្ចាឱ្យមានវិធានរឹបអូសអចលនទ្រព្យដីធ្លីរបស់លោក សុ​ន ឆ័យ តាមការបង្គាប់របស់តុលាការថា ជាវិធានដើម្បីលុបបំបាត់វប្បធម៌លាបពណ៌ចោទប្រកាន់បក្ស​​កា​ន់អំណាចថាជាចោរលួចសន្លឹកឆ្នោត។

លោកថា៖ «បើមិនធ្វើអ៊ីចឹងទេ អាហ្នឹងមិនរាងៗ! បើហ្អែងចង់ស្រែកអី ទៅស្រែកនៅក្រៅស្រុកទៅ អញធ្វើអីហ្អែងមិនកើត ប៉ុន្តែនៅក្នុងស្រុក អញធ្វើហើយៗ! អាហ្នឹងនិយាយគ្នាឱ្យច្បាស់ៗ! ហើយរឿងច្បាប់ស្រុកខ្មែរ គឺខ្មែរ»។

យ៉ាងណា នាយកគ្រប់គ្រងទូទៅនៅអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា សាររបស់មេដឹកនាំនេះនឹងជះឥទ្ធិពលមិនល្អដល់សេរីភាពបញ្ចេញមតិ និងអ្នកវិភាគឯករាជ្យ ពាក់ព័ន្ធនឹងការជំរុញឱ្យកែលម្អបញ្ហាសង្គមតាមយន្តការប្រជាធិបតេយ្យ ដោយបារម្ភពីការជាប់បណ្តឹង «បរិហារកេរ្តិ៍» ដែលមានចំនួនទឹកប្រាក់រាប់ពាន់លានរៀលបែបនេះ។

លោកថា៖ «អ៊ីចឹង បើសិនជាករណីការបញ្ចេញមតិស្ថិតនៅក្នុងភាពភ័យខ្លាចណាមួយ វាក៏មិនសូវល្អដែរ នៅក្នុងសង្គមប្រជាធិបតេយ្យ។ ប៉ុន្តែខ្ញុំនៅតែសង្ឃឹម និងលើកទឹកចិត្តពលរដ្ឋជាម្ចាស់ឆ្នោត យើងត្រូវតែប្រើប្រាស់នូវសិទ្ធិរបស់យើងក្នុងការបញ្ចេញមតិ ដើម្បីធ្វើការរិះគន់ ដើម្បីកែលម្អនិងធ្វើការស្ថាបនា»។

យ៉ាងនេះក្តី អ្នកឃ្លាំមើលការបោះឆ្នោត លោក សំ គន្ធាមី យល់ថា ដើម្បីពង្រឹងផ្ទៃក្នុងជាតិបាន វាលុះណាតែអ្នកនយោបាយតម្កល់ប្រយោជន៍ជាតិជាធំ ធ្វើឱ្យប្រព័ន្ធបោះឆ្នោតឆ្លុះបញ្ចាំងឆន្ទៈម្ចាស់ឆ្នោត តាមគោលការណ៍ប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និងយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ