ហ្វីលីពីន​ពង្រឹង​វត្តមាន​យោធា​នៅ​ក្នុង​ដែនសមុទ្រ​ដែល​មាន​ជម្លោះ បន្ទាប់​ពី​ចិន​បង្កើន​សកម្មភាព​យោធា​នៅ​ក្បែរ​តំបន់​នេះ

ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) ជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) អំឡុងខែវិច្ឆិកា ឆ្នាំ២០២២។ (ហ្វសប៊ុក៖ Bongbong Marcos)

ប្រទេសហ្វីលីពីន បានបញ្ជាឱ្យយោធារបស់ខ្លួនពង្រឹងវត្តមាននៅក្នុងសមុទ្រចិនខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយលើកឡើងពី «ការគំរាមកំហែង» ដល់តំបន់នេះ បន្ទាប់ពីចិនបង្កើនសកម្មភាពយោធារបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ។

ការបញ្ជានេះកើតឡើងពីរថ្ងៃបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ទីក្រុងប៉េកាំងបានចាប់ផ្តើមទាមទារនូវទឹកដីបន្ថែមទៀតនៅក្នុងប្រជុំកោះស្ព្រាតលី សមុទ្រចិនខាងត្បូង ដោយដាក់ទីតាំងយោធានៅក្នុងប្រទេសមួយចំនួន។

ក្រសួងការពារជាតិហ្វីលីពីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «ការរំលោភបំពានណាមួយនៅក្នុងសមុទ្រហ្វីលីពីនខាងលិច ឬការទាមទារផ្នែកណាមួយ គឺជាការគំរាមកំហែងដល់សន្តិសុខនៃកោះប៉ាហ្កាសា [Pagasa]»។

ក្រសួងការពារជាតិហ្វីលីពីន បាននិយាយថា ខ្លួនបានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធពង្រឹងវត្តមានរបស់ខ្លួននៅសមុទ្រហ្វីលីពីនខាងលិច បន្ទាប់ពីចិនបង្កើនសកម្មភាពយោធានៅជិតកោះប៉ាហ្កាសា (Pagasa)។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិនបានសាងសង់កោះសិប្បនិម្មិតនៅលើថ្មប៉ប្រះទឹក ខណៈកំពុងសាងសង់មូលដ្ឋានយោធា និងព្រលានយន្តហោះ។

ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយបង្ហាញរូបភាពពីផ្កាយរណបរបស់មន្ត្រីសហរដ្ឋអាមេរិកថា មានការបង្កើតដីថ្មីនៅប្រជុំកោះស្ព្រាតលី (Spratlys) នៅលើថ្មប៉ប្រះទឹកអ៊ែលដាដ (Eldad), ថ្មប៉ប្រះទឹកវីតស៊ុន (Whitsun), កោះឡានគាម ខេ (Lankiam Cay) និងកោះសែនឌី ខេ (Sandy Cay)។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងការបរទេសចិនបានហៅរបាយការណ៍នេះថា «គ្មានមូលដ្ឋានទាំងស្រុង»។

សេចក្តីថ្លែងការណ៍យោធាហ្វីលីពីនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការល្បាតតាមអាកាស និងជើងទឹកជាប្រចាំរបស់ខ្លួនបាន «សង្កេតឃើញវត្តមាននាវាជីវពលចិននៅជុំវិញតំបន់ខាងលើ»។

ហ្វីលីពីន​បាន​ចោទប្រកាន់​ឆ្មាំ​ឆ្នេរសមុទ្រ​ និង​កងជីវពល​ដែនសមុទ្រចិន​ជាច្រើន​ដង​ ពីបទ​ធ្វើទុក្ខបុកម្នេញ និង​វាយប្រហារ​លើ​ទូក​នេសាទ និង​នាវា​ផ្សេងទៀត​ក្នុង​តំបន់​។

ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) បានអះអាងថា លោកនឹងមិនអនុញ្ញាតឱ្យចិនជាន់ឈ្លីលើសិទ្ធិដែនសមុទ្ររបស់ប្រទេសលោកឡើយ ផ្ទុយពីអតីតប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ​ឌុយ​ទែរតេ (Rodrigo Duterte) ដែលស្ទាក់ស្ទើរក្នុងការរិះគន់ប្រទេសមហាអំណាចមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ