អ្នក​ឃ្លាំ​មើល​ថា​ការ​បង្កើត​ក្រុង​និង​ស្រុក​បន្ថែម​ទៀត​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ចំណាយ​ថវិកា​ជាតិ​កាន់​តែ​ច្រើន​ ​

ផ្ទះមួយខ្នងរបស់ពលរដ្ឋក្នុងភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅអម​សង​ខា​ង​ផ្លូវ​​ល្បឿន​លឿន​​ភ្នំពេញ-​ព្រះសីហនុ ដែលត្រូវក្រុមហ៊ុនចិន សាងសង់របងការពារផ្លូវល្បឿនលឿន ប៉ុន្តែបិទផ្លូវចេញចូលផ្ទះពលរដ្ឋ។ (រូបថត៖ លោក គួយ ឡង់ឌី / ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២)

អ្នកឃ្លាំមើលលើកឡើងថា ការបំបែកខេត្តទៅជាក្រុងនិងស្រុកបន្ថែមទៀតនៅពេលនេះ មិនទាន់ជាតម្រូវការចាំបាច់នៅឡើយទេ ហើយនឹងប៉ះពាល់ដល់ការចំណាយថវិកាជាតិ ខណៈសេដ្ឋកិច្ចកម្ពុជានៅមិនទាន់រឹងមាំនៅឡើយក្រោយវិបត្តិកូវីដ-១៩មក។ ​

ការលើកឡើងនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ​សែន បាន​បង្កើតក្រុង​ ៣ ​និង​ស្រុក​ ២​​បន្ថែមទៀត​ ដោយការបង្កើតនេះ បំបែកចេញពី​ខេត្ត​កណ្តាល ខេត្តក្រចេះ​ ខណៈខេត្តកំពង់ស្ពឺ ​រដ្ឋាភិបាល​បានបំបែក​ស្រុក​ឧដុង្គ​ជា​២ ដោយ​បង្កើតជា ក្រុង​ថ្មី១ និង​ស្រុក​ថ្មី​មួយដែរ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា ការបំបែកខេត្តទៅជាក្រុង និងស្រុកបន្ថែមទៀតមិនបានចំណេញអ្វីដល់ជាតិឡើយ ផ្ទុយទៅវិញវាធ្វើឱ្យប៉ះពាល់ដល់ការចំណាយថវិការបស់រដ្ឋកាន់តែច្រើន។   

លោកបន្តថា«បំបែកដែនដីគ្រប់គ្រងឱ្យច្រើន ខេត្តច្រើនទឹកដីមិនធំទូលាយ ច្រើនតែឈ្មោះ ច្រើនតែក្រុងវាបង្កើតចំនួនថ្នាក់ដឹកនាំទេ។ ចំណាយថវិកាជាតិច្រើនផលប្រយោជន៍ជាតិវាអាចបាត់បង់ច្រើន ប៉ុន្តែប្រយោជន៍គណបក្សកាន់អំណាចបានច្រើនជាងតាមរយៈនៃការចែកអំណាចទៅគ្នាហើយការតម្រង់ទិសនៃអ្នកគាំទ្រ បោះឆ្នោតឱ្យនៅក្រុម នៅបក្សនៅ ឱ្យវាមានលទ្ធភាពប្រកួតប្រជែង។ អ៊ីចឹងគណបក្សកាន់ អំណាចនៅតែមានប្រៀបច្រើន»

លោក ឯម សុវណ្ណរ៉ា បន្តថា ប្រសិនបើបង្កើតឈ្មោះ ក្រុង ខេត្តច្រើនហើយ  ទឹកដីកម្ពុជារីកធំជាងមុននោះ លោកសាទរ។ ករណីនេះ លោកថា ប្រជាពលរដ្ឋគួរចូលរួមបញ្ចេញមតិ និង​ស្នើទៅកាន់រដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជា ឱ្យពិចារណាចំពោះការបែងចែក​ ឬពង្រីក រចនាសម្ព័ន្ធថ្នាក់ក្រោមជាតិនេះ ដោយមិនបានពង្រីកទឹកដី​នោះ​។

​ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើ​ម្បីអភិ​វឌ្ឍន៍ និងស​ន្តិភាព​ លោ​ក យ​ង់ ​គិមអេង ​មានប្រសាសន៍ថា​​ ក្នុងកាលៈទេសៈនេះ មិនមានភាពចាំបាច់ដែលត្រូវរដ្ឋាភិបាល​បំបែកក្រុងថ្មី និងស្រុកថ្មី ដោយសារ បច្ចុប្បន្នរដ្ឋាភិបាលកំពុងធ្វើវិមជ្ឈការ ដើម្បីពង្រឹងអំណាចដល់ថ្នាក់ឃុំ-សង្កាត់។ ភាពមិនចាំបាច់មួយទៀត លោកថា ចំនួនប្រជាជនកម្ពុជាក៏មិនមានការកើនឡើង ដែលធ្វើឱ្យការផ្ដល់សេវាសាធារណៈមានភាពលំបាកឡើយ។ បន្ថែមពីនេះ បញ្ហាសេដ្ឋកិច្ចក្រោយជំងឺកូវីដ-១៩ ក៏មិនទាន់មានភាពប្រសើរឡើងដែរ ខណៈចាប់ពីផ្ទុះកូវីដរហូតដល់បច្ចុប្បន្នការរឹតត្បិតចំពោះចំណាយនៅស្ថាប័នរដ្ឋដែលរដ្ឋាភិបាលក៏នៅដដែល។

លោកថា៖« ក្នុងកាលៈទេសៈបច្ចុប្បន្ន បើយើងទុកថវិកាជួយដល់ប្រជាពលរដ្ឋ ឬក៏ផ្ដល់សេវាកម្មមួយចំនួនដែលគ្នារងផលប៉ះពាល់ដោយសារកូវីដ។ អាហ្នឹងអាចជួយបញ្ហាសេដ្ឋកិច្ចឱ្យមានកំណើនបានគួរសមដែរ។​ បើសិនយើងបង្កើតក្រុងស្រុក ខ្ញុំឃើញបញ្ហាចាយច្រើនណាស់ ហេដ្ឋារចនាសម្ព័ន្ធចាយទៅលើអគារ ចាយទៅលើប្រាក់ខែ មនុស្សអីហូរហែ។ អ៊ីចឹងការចំណាយរបស់រដ្ឋាភិបាលកាន់តែធំ»។

ក្នុងអនុក្រឹត្យដាច់ដោយឡែកពីគ្នា ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន កាលពីថ្ងៃទី​​២៣ ខែធ្នូ ឆ្នាំ​២០២២​​ ឱ្យ​ដឹងថា រដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុង​ចំនួន​ពីរ​បន្ថែមទៀត​នៅ​ក្នុងខេត្តកណ្តាល។

ក្រុងទាំងដែលត្រូវបង្កើតក្នុងនោះ  ​ក្រុង​អរិយ​ក្សត្រ​ដោយ​កាត់​យក​ឃុំ​ចំនួន​៦ ពី​ស្រុក​ខ្សាច់កណ្តាល និង​ឃុំ​ចំនួន​៥ ​ពី​ស្រុក​ល្វាឯម​។ ចំណែក​ក្រុង​សំពៅ​ពូន​ ដោយ​កាត់​យក​ឃុំ​ចំនួន​៥ ​ពី​ស្រុក​កោះធំ​ នៃ​ខេត្ត​កណ្តាល​។

ដោយឡែកអនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​២៣ ខែធ្នូ ដដែលថា ​​បានបង្កើត​ស្រុក​អូរ​គ្រៀង​សែន​ជ័យ នៃ​ខេត្តក្រចេះ ដោយ​កាត់​យក​ឃុំ​ចំនួន​៥ ពី​ស្រុក​បូរ​ ក្នុងខេត្ត​ក្រចេះ​។

ក្រៅពីខេត្តកណ្ដាល និងក្រចេះនោះ អនុក្រឹត្យចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  ​បំបែក​ស្រុក​ឧដុង្គ​ជា​២ ដោយ​បង្កើតបានជា ក្រុង​ថ្មី ១ និង​ស្រុក​ថ្មី​ ១ សម្រាប់​ខេត្តកំពង់ស្ពឺ ​ក្រុង​ថ្មី​គឺ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ចំណែក​ស្រុក​ថ្មី​នោះ​គឺ ស្រុក​សាមគ្គី​មុនី​ជ័យ​។

តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃទី ២៣ ខែធ្នូ បានឱ្យដឹងថា ការបង្កើត​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ដោយ​កាត់​យក​ឃុំ​ចំនួន ៥​ ក្នុងនោះ ឃុំ​វាំង​ចាស់ ឃុំ​វាល​ពង់ ឃុំ​ត្រាច​ទង ឃុំ​ព្រះ​ស្រែ និង​ឃុំ​ក្សេមក្សាន្ត ពី​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។

ចំណែក ការបង្កើត​ស្រុក​សាមគ្គី​មុនី​ជ័យ បាន​កាត់​យក​ឃុំ​ចំនួន ១០​ ក្នុងនោះឃុំ​ចាន់​សែន ឃុំ​ជើង​រាស់ ឃុំ​ជំ​ពូ​ព្រឹក្ស ឃុំ​ក្រាំងចេក ឃុំ​មានជ័យ ឃុំ​ព្រៃ​ក្រសាំង ឃុំ​យុទ្ធ​សាមគ្គី ឃុំ​ដំណាក់​រាំង ឃុំ​ពាំង​ល្វា និង​ឃុំ​ភ្នំ​តូច ពី​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​ ដោយទីតាំង​រដ្ឋបាល ស្រុក​សាមគ្គី​មុនី​ជ័យ ស្ថិតនៅក្នុង​ឃុំ​ជើង​រាស់​។​

​ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន លើកឡើងថា ការបង្កើតក្រុង និងស្រុកថ្មីនេះ ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួលជាងមុន។ ​ លោកច្រានចោលទៅនឹងការលើកឡើងថា ការបង្កើតក្រុង និងស្រុកថ្មីពេលនេះ ជាការចំណាយថវិកាជាតិឥតប្រយោជន៍ឬនាំឱ្យខាតថវិកាជាតិបន្ថែមទៀតនោះ។  ​

លោកថា៖«ចំណុចទី២ ដែលគេនិយាយខាតបង់ថវិកាជាតិ មិនពិតទេ មន្ត្រីមួយចំនួន ប្រៀបធៀបជាមួយពលរដ្ឋនោះ ប្រជាពលរដ្ឋមានចំនួនច្រើនជាងការកាត់បន្ថយភាពក្រីក្រ ការប្រឆាំងអ្វីទៅដែលនៅក្នុងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដូច្នេះ មន្ត្រីទាំងអស់នឹងនៅគៀកជាមួយនឹងមហាជន។ យើងបានស្ដាប់ យើងបានលឺ យើងបានចូលរួមរបស់មហាជនធ្វើឱ្យយើងទទូលបាននូវអ្វីទៅដែលជាការផ្ដល់សេវាកម្ម»។

គួរបញ្ជាក់ថា  ខេត្តមួយចំនួននៃប្រទេសកម្ពុជាត្រូវបានបំបែកជាពីរ ក្នុងនោះ ខេត្តត្បូងឃ្មុំ បានបំបែកចេញពីខេត្តកំពង់ចាម ហើយខេត្តកែប បំបែកចេញពីខេត្តកំពត ខណៈខេត្តប៉ៃលិន ត្រូវបំបែកចេញពីខេត្តបាត់ដំបងជាដើម៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ