សង្គមស៊ីវិលជំរុញរដ្ឋាភិបាលបង្កើតប្រព័ន្ធមួយដែលអាចឱ្យសាធារណជនផ្ដល់យោបល់ទៅលើផែនការលទ្ធកម្មសាធារណៈ

សកម្មភាពជួសជុលផ្លូវមួយកន្លែង ក្នុងខេត្តកំពង់ឆ្នាំង កាលពីខែកញ្ញា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អង្គការសង្គមស៊ីវិលចំនួន២ ដែលសកម្មក្នុងកិច្ចការ «បើកចំហព័ត៌មានសាធារណៈ» ជំរុញឱ្យរដ្ឋាភិបាលបង្កើតប្រព័ន្ធមួយដែលអាចឱ្យសាធារណជនផ្តល់យោបល់ទៅលើផែនការលទ្ធកម្ម ឬវិធីកំណត់នូវតម្រូវការដោយបើកចំហ យុត្តិធម៌ នៅថ្នាក់ក្រោមជាតិ ខណៈសេចក្តីព្រាងច្បាប់លទ្ធកម្មសាធារណៈកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាជាសាធារណៈ ហើយអាចឈានទៅការអនុម័តនាពេលខាងមុខ។

ការជំរុញនេះធ្វើឡើងតាមរយៈរបាយការណ៍ «សិក្សាស្រាវជ្រាវលើក្របខណ្ឌច្បាប់លទ្ធកម្មសាធារណៈ» ដែលត្រូវបានផ្សព្វផ្សាយក្នុងសិក្ខាសាលាមួយ នារាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ។

ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងដោយវិភាគលើឯកសារនិងព័ត៌មានដែលមានស្រាប់ អំពីក្របខណ្ឌច្បាប់និងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈនៅកម្ពុជា ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់លទ្ធកម្មសាធារណៈ ហើយកំពុងស្ថិតនៅដំណាក់កាលពិភាក្សាជាសាធារណៈ។

ក្នុងនោះ របាយការណ៍ផ្តោតសំខាន់លើបញ្ហាបច្ចេកទេស ៧ចំណុច ដូចជា តម្លាភាព, ការគ្រប់គ្រង, គណនេយ្យភាព និងសុចរិតភាព, ការគ្រប់គ្រង និងត្រួតពិនិត្យ, សិទ្ធិប្តឹងទាមទារ, ការចូលរួមពីសាធារណជន និងការបើកចំហនិងបរិយាបន្ន។

តាមរយៈរបាយការណ៍នេះ អង្គការសង្គមស៊ីវិលចំនួន២ រួមមាន អង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) អង្គការតម្លាភាពអន្តរជាតិកម្ពុជា (TI) ដោយមានជំនួយផ្នែកច្បាប់ពីការិយាល័យមេធាវី សិដ្ឋាល័យ បានផ្តល់យោបល់ថា រដ្ឋាភិបាលគួរបង្កើតប្រព័ន្ធមួយដែលអនុញ្ញាតឱ្យសាធារណជនអាចផ្តល់យោបល់ទៅលើផែនការលទ្ធកម្ម និងគម្រោងលទ្ធកម្ម ដោយយកគណនេយ្យភាពសង្គមដែល​បង្កើតឡើងដោយរដ្ឋបាលថ្នាក់ក្រោមជាតិជាគំរូ។

របាយការណ៍បន្តថា ដើម្បីជំរុញឱ្យមានការចូលរួមពីសាធារណជនឱ្យមានប្រសិទ្ធភាព ព័ត៌មានអំពីគម្រោងលទ្ធកម្មសាធារណៈរួមមានព័ត៌មានអំពីតម្លៃ គុណភាព និងការអនុវត្ត គួរត្រូវបានបោះផ្សាយជូនសាធារណជន ជាទម្រង់សង្ខេប និងងាយយល់។

ប្រភពដដែលបន្ថែមថា សាធារណជនអាចត្រូវបានតំណាងដោយសមាជិកសភា ឬក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ដើម្បីពិនិត្យនិងសម្រេចលើការចំណាយទៅលើគម្រោងលទ្ធកម្មសាធារណៈ។ ដូច្នេះ រាល់ថវិកាដែលត្រូវចំណាយទៅលើគម្រោងលទ្ធកម្មសាធារណៈ និងផែនការគម្រោងលទ្ធកម្មសាធារណៈ គួរត្រូវបានរាយការណ៍ជាសង្ខេបជូនសភា និងក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ភ្ជាប់ជាមួយនឹងឯកសារថវិកាប្រចាំឆ្នាំ សម្រាប់ឱ្យសភា និងក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ពិនិត្យ និងសម្រេច។

នារាល់ចុងឆ្នាំ របាយការណ៍សង្ខេបនៃការអនុវត្តគម្រោងត្រូវរៀបចំឡើងនិងដាក់ជូនសភានិងរដ្ឋបាលថ្នាក់ក្រោមជាតិ ពិនិត្យនិងសួរនាំ ប្រសិនបើមានចម្ងល់។

មេធាវីនៃការិយាល័យមេធាវី «សិដ្ឋាល័យ» ដែលផ្តល់ជំនួយផ្នែកច្បាប់លើរបាយការណ៍នេះ និងជាវាគ្មិនក្នុងសិក្ខាសាលា អ្នកស្រី សុខ វណ្ណសិកា លើកឡើងថា ការគ្រប់គ្រងហិរញ្ញវត្ថុ គឺផ្អែកទៅលើសម្មតិកម្ម ខណៈសម្មតិកម្ម គឺបានមកពីការចូលរួមរបស់សាធារណជន។

ក្រៅពីនោះ អ្នកស្រីថា ការអភិវឌ្ឍប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ គឺទាមទារនូវការបម្រើសេវាសាធារណៈល្អ។ ក្នុងនោះ ការផ្ទេរតាមមុខងារ គឺត្រូវការមតិពីពលរដ្ឋផ្ទាល់តាមមូលដ្ឋាន ដូចជា បញ្ហាការប្រមូលសំរាម ប្រព័ន្ធលូ ផ្លូវលំ សុខាភិបាល ការអប់រំកុមារតូចៗ ជាដើម។

អ្នកស្រី សុខ វណ្ណសិកា ថា៖ «ហេតុអ្វីបានជា Public’s participation សំខាន់? ទី១ គឺដោយសារចំណាយរបស់យើង គឺផ្តល់សេវាសាធារណៈ។ អ៊ីចឹងអ្នកប្រើសេវារបស់យើង គឺប្រជាជនហ្នឹងឯង។ អ៊ីចឹងការផ្តល់សេវាសាធារណៈ យើងត្រូវដឹងថាគាត់ចង់បានអីសិន។ ទី២ ការចូលរួមហ្នឹង គឺវាជួយទប់ស្កាត់ ឬក៏ជួយពង្រឹង accountability ដូចមាន issue មួយ ខ្ញុំលើកជាឧទាហរណ៍ពិតមួយ ប្រទេសមួយខ្ញុំទៅហ្នឹង រដ្ឋាភិបាលមិនដឹងគាត់នឹកឃើញយ៉ាងម៉េច គាត់ទៅបង្កើត airport ធំមួយ នៅតំបន់ដាច់ស្រយាលមួយ។ ហើយតំបន់នោះអត់មាន Economic activities ហើយតំបន់ហ្នឹងក៏អត់មាន Tourism activities ដែរ។ ដល់ពេលសង់ហើយ airport ហ្នឹងអត់ដើរៗក្ស័យធន។ អាហ្នឹងហើយជាអី្វដែលប្រជាជនគាត់ត្រូវចូលរួម»។

មេធាវីរូបនេះបន្ថែមថា រដ្ឋាភិបាលបានប្រមូលពន្ធពីពលរដ្ឋ ដើម្បីប្រើប្រាស់លើតម្រូវការសាធារណៈ ដូច្នេះនេះជារឿងចាំបាច់ដែលពលរដ្ឋត្រូវតាមដាននូវការប្រើប្រាស់ថវិកាដែលបានពីការបង់ពន្ធរបស់ពួកគេ។

អគ្គនាយករង នៃនាយកដ្ឋានលទ្ធកម្មសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាវាគ្មិន លោក សេង ស្រេង តបនឹងសំណួរ វីអូឌី ក្នុងសិក្ខាសាលានោះថា ការរៀបចំផែនការលទ្ធកម្មបានប្រសិទ្ធភាពត្រូវមានធាតុផ្សំ ដូចជា ការដឹងពីតម្រូវការ ក្រុមប្រឹក្សា និងដំណាក់កាលថ្នាក់លើត្រួតពិនិត្យ និងក្រុមការងារគ្រប់គ្រងលើចំណាយសាធារណៈ ជាដើម។

លោក សេង ស្រេង ថា៖ «[ឧទាហរណ៍] កសិកម្ម តើយើងរៀបចំការចំណាយហ្នឹង យើងមានបានសួរកសិករទេ? ដែលអ្នកនៅទាបបំផុតនេះ! គាត់ត្រូវទទួលផលប្រយោជន៍ស្ទើរតែចុងក្រោយហើយ។ [] ការចំណាយទៅលើលទ្ធកម្មហ្នឹង ទិញកុំព្យូទ័រ តើយើងមានបានសួរសាធារណជនទេ? ជាទូទៅ អត់បានស្ទាក់ចាប់គាត់មកសួរនាំអីឱ្យច្បាស់លាស់ទេ។ ប៉ុន្តែនូវការចំណាយ នូវការគ្រប់គ្រងលទ្ធកម្មថ្នាក់ក្រោមជាតិ មុននឹងគាត់រៀបចំផែនការលទ្ធកម្មហ្នឹង គឺយើងហៅថា PU, គាត់ជាអ្នករៀបចំមែន គាត់ត្រូវឆ្លងទៅគណៈកម្មការលទ្ធកម្ម។ ហើយមុន submit មកក្រសួងហិរញ្ញវត្ថុហ្នឹង គាត់ទៅប្រឹក្សារបស់គាត់។ ក្រុមប្រឹក្សាហ្នឹងជានរណា? គឺជាតំណាងរបស់ពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ពួកគាត់ហ្នឹងឯង»

យ៉ាងណា មន្ត្រីក្រសួងសេដ្ឋកិច្ចរូបនេះមិនបានបញ្ជាក់ទេ ថាតើនឹងមានការពិចារណាបង្កើតប្រព័ន្ធណាមួយ ដូចជាប្រព័ន្ធអេឡិចត្រូនិចជាដើម ដែលអាចឱ្យសាធារណជនផ្តល់យោបល់ទៅលើផែនការលទ្ធកម្មនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមការជំរុញរបស់សង្គមស៊ីវិល ឬយ៉ាងណានោះ។

និស្សិតឆ្នាំទី៣ ផ្នែក Marketing នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង កញ្ញា អឿន ចន្ថា ដែលចូលរួមក្នុងសិក្ខាសាលានោះដែរ ប្រាប់ថា ការចូលរួមគឺដើម្បីឈ្វេងយល់ពីការដេញថ្លៃ ការវាយតម្លៃ ចំណូលពលរដ្ឋ ឱ្យស៊ីសង្វាក់ទៅនឹងការប្រមូលពន្ធពីពួកគាត់ ជាដើម។

កញ្ញាយល់ថា​ បើពលរដ្ឋយល់ដឹងពីលទ្ធកម្មសាធារណៈ នោះពួកគាត់អាចបញ្ចេញយោបល់លើសកម្មភាពរបស់រដ្ឋាភិបាល ដូចជាការប្រើប្រាស់ថវិកាដែលបានពីការបង់ពន្ធរបស់ពលរដ្ឋឱ្យសមនឹងតម្រូវការ ព្រមទាំងបញ្ចៀសនូវអំពើពុករលួយផងដែរ។

កញ្ញា អឿន ចន្ថា ថា៖ «បើយើងដឹងព័ត៌មានហ្នឹង អ៊ីចឹងយើងអាចផ្តល់ជាមតិ ឬក៏គំនិតយោបល់ទៅខាងអ្នកដែលគាត់យកពន្ធយកអី ដែលគាត់បានថវិកាពីប្រជាពលរដ្ឋ។ អ៊ីចឹងគាត់ដឹងព័ត៌មានច្រើន ដូចជារដ្ឋ អ៊ីចឹង គាត់ដឹងថារដ្ឋហ្នឹង គឺគាត់មិនត្រូវយកទៅចាយខាងផ្លូវអំពើពុករលួយ អ៊ីចឹង[ត្រូវយកទៅចាយ]លក្ខណៈណាដែលមានប្រយោជន៍សម្រាប់ប្រជាជនយើងទាំងអស់ ទូទាំងប្រទេស។ ហើយការប្រើប្រាស់ហ្នឹង វាសមទៅនឹងតម្រូវការរបស់យើងអត់!»

ក្រៅពីនោះ របាយការណ៍ «សិក្សាស្រាវជ្រាវលើក្របខណ្ឌច្បាប់លទ្ធកម្មសាធារណៈ» បានស្នើការពិចារណាទៅលើការផ្ទេរមុខងារត្រួតពិនិត្យលទ្ធកម្ម ទៅស្ថាប័នដោយឡែក ក្រៅពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានមុខងារគ្រប់គ្រងលទ្ធកម្មសាធារណៈរួចទៅហើយ ដើម្បីធានានូវតុល្យភាពនៃអំណាច និងចៀសវាងនូវបញ្ហាទំនាស់ផលប្រយោជន៍។

របាយការណ៍នេះក៏បានស្នើឱ្យសេចក្តីព្រាងច្បាប់លទ្ធកម្មសាធារណៈ ចែងនូវបញ្ញត្តិពិសេស លុបលើបញ្ញត្តិទូទៅនៃច្បាប់កិច្ចសន្យា ដើម្បីមោឃៈរាល់កិច្ចសន្យាលទ្ធកម្មដែលត្រូវបានធ្វើឡើងដោយមិនស្របច្បាប់។ ប្រការនេះអាចជួយកាត់បន្ថយបញ្ហាពុករលួយដែលផ្តើមឡើងដោយវិស័យឯកជន ដើម្បីទទួលបានកិច្ចសន្យាលទ្ធកម្មសាធារណៈ។

អង្គការសង្គមស៊ីវិលចង់ឃើញភាគីរដ្ឋាភិបាលពិចារណាដាក់ធាតុចូល ក្រោយការផ្សព្វផ្សាយរបាយការណ៍ ការវាយតម្លៃលើកម្មវត្ថុ ចំណុចបញ្ហា និងអនុសាសន៍ទាំងនេះ៕

តើកិច្ចសន្យាលទ្ធកម្មសាធារណៈគឺជាអ្វី?

ដំបូងត្រូវយល់ពាក្យថា លទ្ធកម្ម សិន។ លទ្ធកម្ម មានន័យថា នីតិវិធី ឬរបៀប ដែលរដ្ឋ (ឬឯកជន) ស្វែងរកអ្នកមកធ្វើការងារណាមួយឱ្យ។ ការងារនោះអាចជា ការទិញ ឬជួលផលិតផល និងការផ្ដល់សេវាកម្មជាដើម។ ឧទាហរណ៍ រដ្ឋចង់រកក្រុមហ៊ុនមកសាងសង់ផ្លូវជាតិ វិធីដែលរដ្ឋស្វែងរកក្រុមហ៊ុនហៅថា រដ្ឋធ្វើលទ្ធកម្ម។

ដូច្នេះ សរុបពាក្យថា កិច្ចសន្យាលទ្ធកម្មសាធារណៈ គឺជាកិច្ចព្រមព្រៀងមួយធ្វើឡើងដែលមានដៃគូម្ខាងជារដ្ឋ និងម្ខាងទៀតជារដ្ឋ ឬឯកជន ក្នុងធ្វើការងារណាមួយ ដែលអាចជាការទិញទំនិញ ឬផ្ដល់សេវាកម្ម។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ