យុវជន​ចាប់​ផ្តើម​​ធ្វើ​បាតុកម្ម​ទាមទារ​រដ្ឋាភិបាល​លុប​​គម្រោង​​បង្កើត​​ដេប៉ាតឺម៉ង់​​សិក្សា​​ភាសា​វៀតណាម​​

សកម្មភាពយុវជន និងពលរដ្ឋជាច្រើននាំគ្នាធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ដោយលើកបដាភ្ជាប់ជាមួយពាក្យស្នើសុំបញ្ឈប់ការចេញបណ្ណស្នាក់នៅអចិន្ដ្រៃយ៍ និងលុបចោលគម្រោងបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាម។ (ហ៊ាន រង្សី)

ពលរដ្ឋ និងយុវជនមកពីខេត្តមួយចំនួន បានប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ​ ដើម្បី​ធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការចេញបណ្ណស្នាក់នៅ​អចិន្ដ្រៃយ៍​ដល់ជនបរទេស​​ និងលុបចោល​គម្រោង​បង្កើត​ដេប៉ាតឺម៉ង់​សិក្សា​ភាសាវៀតណាម​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

ការធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ របស់ពលរដ្ឋនិងយុវជនជិត ២០នាក់ ធ្វើឡើងរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ដោយលើកបដាភ្ជាប់ជាមួយពាក្យស្នើសុំបញ្ឈប់​ការចេញបណ្ណស្នាក់នៅ​អចិន្ដ្រៃយ៍ និងលុបចោលគម្រោងបង្កើតដេប៉ាតឺម៉ង់​សិក្សាភាសាវៀតណាម។

លោក អ៊ំ ឈុម លើកឡើងថា ភាសាវៀតណាមមិនមែនជាភាសាអន្តរជាតិ ដូច្នេះ មិនចាំរហូតដល់បង្កើត​ដេប៉ាតឺម៉ង់​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ លោកច្រានចោលចំពោះ ការចោទប្រកាន់ថា ពួកគាត់រើសពូជសាសន៍ ទើបនាំគ្នាធ្វើបាតុកម្មប្រឆាំងការបង្កើត​ដេប៉ាតឺម៉ង់​សិក្សា និងផ្ដល់ស្នាក់នៅអចិន្ត្រយ៍ដល់ជនបរទេសបែបនេះ។  

លោក អ៊ំ ឈុម បញ្ជាក់ថា ការទាមទាររបស់ពួកគេ​នេះ ដោយសារបារម្ភនិងប្រុងប្រយ័ត្នតែប៉ុណ្ណោះ ព្រោះចាប់ពីសម័យមុន រហូតដល់បច្ចុប្បន្ន វៀត​ណាមនៅតែ​មាន​មហិច្ឆតា​ឈ្លានពាន​ទឹកដីកម្ពុជា។

លោកថា៖«ចំពោះទំនាក់ទំនងការទូតដែលដឹកនាំ លោក ក្រសួងឯកឧត្តមផ្សេងៗលើកថា ដើម្បីទំនាក់ទំនងការទូតខ្ញុំគិតថា នៅក្នុងទំនងទំនងការទូតនេះ វាអត់ត្រូវយើងយកភាសាវៀតណាមទៅដាក់ទេ  ហើយយើងក៏អត់ជំទាស់ដែរ បើភាសាវៀតណាមបង្កើតដោយស្ថាប័នឯកជន យើងអត់ហាមទេ។ យើងអត់មានការរើសអើងពូជសាសន៍ទេ តែពាក់ព័ន្ធនឹងពលរដ្ឋខ្មែរគាត់ខ្លាច ប្រវត្តិសាស្ត្រវាសារដើម»។

លោកអំពាវនាវទៅប្រជាពលរដ្ឋឱ្យប្រើសិទ្ធិខ្លួន  ដោយងើបឡើងតវ៉ា ​ប្រឆាំងនឹងការចេញបណ្ណស្នាក់នៅ​អចិន្ដ្រៃយ៍​ដល់ជនបរទេស​ និងលុបចោល​គម្រោង​បង្កើត​ដេប៉ាតឺម៉ង់​សិក្សា​ភាសាវៀតណាម ដើម្បីការពារទឹកដីដែលនៅសល់ឱ្យបានគង់វង្ស។

 លោកថា៖«យើងឃើញថា ឆ្នាំនេះ គាត់ចេញបណ្ណ ៦ ម៉ឺននាក់ជាង ចុះក្រោមអាយុ១៨ឆ្នាំ ចុះព័ត៌មានដែលមិនច្បាស់ការ តើវាមានប៉ុន្មានម៉ឺននាក់នៅក្នុងប្រទេសកម្ពុជា។  យើងឃើញហើយតាមបណ្ដាខេត្តផ្សេងៗសុទ្ធជនជាតិយួន។ អ៊ីចឹងការព្រួយបារម្ភដល់អនាគតវាអាចឈាន ចូលទៅដល់ដាក់អាណានិគមជាប្រយោល ព្រោះការស្នើសុំយើងឃើញថ្មីៗគឺមានច្រើន ទីមួយ កាត់ដី៤០ហិកតា និងសម្បទាន៩៩ ឆ្នាំ  ហើយមានការដាក់បញ្ជូនភាសា ផ្ដល់បណ្ណស្នាក់នៅក៏មានការពាក់ពឹងពីរដ្ឋមន្ត្រីវៀតណាម ដែលទាមទារឱ្យថ្នាក់ដឹកនាំជួយមើលការខុសត្រូវពួកគាត់ទៀត»។

ពលរដ្ឋម្នាក់ទៀតអ្នកស្រី ជា សុភី មកពីខេត្តកំពង់ចាម បានលើកឡើងដែរថា  ពលរដ្ឋវៀតណាមដែលកំពុងរស់នៅប្រទេសកម្ពុជាបច្ចុប្បន្ន ស្ទើរតែមានសិទ្ធិជាងប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ស្រុកថែមទៀតផង។  

អ្នកស្រីកត់សម្គាល់ឃើញថា រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ហាក់មិនសូវយកចិត្តទុកលើពលរដ្ឋរបស់ខ្លួនឡើយ  ប៉ុន្តែបើពលរដ្ឋវៀតណាមវិញ ដោយផ្ដល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ហើយ និងបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាមថែមទៀត។

អ្នកស្រីថា៖«ខ្ញុំមកនេះ ដោយសារ ខ្ញុំមានការឈឺចាប់  ហើយមិនអនុញ្ញាតឱ្យធ្វើបណ្ណស្នាក់នៅស្របច្បាប់នៅខ្មែរទេ ព្រោះខ្មែរមិនអាចទៅរស់នៅស្របច្បាប់ប្រទេសយួនបានទេ។ សូម្បីខ្មែរម្ចាស់ទឹកដី ម្ចាស់ដើមកំណើតផងគេធ្វើបាបមិនឱ្យរៀន មិនឱ្យអីចុះយើងយួនមកនៅស្រុកខ្មែរមិនមែនម្ចាស់ទឹកដីស្រាប់ពីមុនមកផង គេទើបនឹងចូលមកថ្មីៗ គេមានសិទ្ធិខ្លាំងម្លេះ ផ្សារដើមគ ផ្សារនាគមាសខ្ញុំទៅលក់ចង្អេ ហើយសុទ្ធតែយួន មកនៅពេញហ្នឹង។ ខ្ញុំឈឺចាប់ណាស់ខ្ញុំជាពលរដ្ឋខ្មែរ។ ខ្ញុំដាំបន្លែលក់ពិបាកវេទនា លក់អត់ចេញយកមកផ្សារដើមគរ ផ្សារនាគមាសសុទ្ធតែយួនពេញផ្សារ»។

វីអូឌីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាលោក រស់ សុវាចា និងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានទេ នាថ្ងៃសៅរ៍នេះ។

កាលពីសប្តាហ៍មុន រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចអនុញ្ញាតឱ្យក្រុមយុវជន​ធ្វើបាតុកម្មនៅ​ទីលាន​​ប្រជា​ធិប​​តេយ្យ​ ប្រឆាំង​​​​​​​ការ​​​​ចេញ​បណ្ណ​ស្នាក់​​​​នៅ​អចិន្ត្រៃយ៍​ដល់​​​ជន​​​បរទេស និង​លុប​ចោល​គម្រោង​​​​បង្កើត​អគា​រ​​សិក្សាភាសាវៀតណាម​នៅ​​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃទី២៤ និង២៥ ខែធ្នូ ឆ្នាំ២០២២​ វេលាម៉ោង៦ព្រឹក រហូតដល់ម៉ោង៦ល្ងាច ដោយដាក់កំហិតឱ្យអ្នកចូលរួមក្រោម២០០នាក់តែប៉ុណ្ណោះ។

ការស្នើសុំធ្វើបាតុកម្មរបស់ក្រុមយុវជន​ទាំងនេះ ធ្វើឡើងក្រោយពីក្រសួងអប់រំ យុវជន និងកីឡា គ្រោង​​បង្កើត​អាគារ​សិក្សា​​ភាសា​​​វៀត​​​ណាម​​​​នៅ​​​សាកល​វិទ្យាល័យភូ​មិន្ទ​ភ្នំពេញ ខណៈក្រសួង​មហាផ្ទៃ​បានក្រើនរំឭក​ដល់​​​មន្ត្រី​ក្រោម​ឱវាទ និង​វិស័យ​ឯកជនទទួល​ស្គាល់​បណ្ណ​​​​​ស្នាក់​នៅអចិន្ត្រៃយ៍ជនបរទេសអន្តោប្រវេសន្ត​សម្រាប់​បម្រើ​ក្នុងជីវភាពប្រចាំថ្ងៃ បន្ទាប់ពីរកឃើញថា មន្ត្រី​ថ្នា​ក់​ក្រោមជាតិ និងវិស័យឯកជនមួយចំនួន មិនទាន់​ទទួលស្គាល់តម្លៃ​ក្នុងការប្រើប្រាស់បណ្ណ​ស្នាក់នៅអចិន្ត្រៃយ៍​​របស់ជនបរទេសអន្តោប្រវេសន្តទាំងនោះ។

កាលពីថ្ងៃទី២០ ខែវិច្ឆិកា កន្លងទៅ ប្រធាន​រដ្ឋសភាវៀតណាម លោក វឿង ឌីញ ហ្វេ ​ បានស្នើឱ្យកម្ពុជា​ឱ្យបង្កលក្ខណៈងាយស្រួលទាក់ទងនឹងការផ្តល់ឯកសារ​​ស្របច្បាប់​​ដល់​ប្រជាពលរដ្ឋ​ខ្លួន​ ដែលតាំងទីលំនៅ​​​លើទឹកដីកម្ពុជា ខណៈអ្នកឃ្លាំមើលនិយាយថា ការស្នើដដែលៗនេះ ជារឿងអាក្រក់នៃនយោបាយការទូតរបស់វៀតណាមមកលើកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ