ពលរដ្ឋ៤៦០គ្រួសារនៅជាប់ព្រលានយន្តហោះថ្មី ស្នើអាជ្ញាធរផ្ដល់បណ្ណកម្មសិទ្ធិ ដោយបារម្ភពីការបណ្ដេញចេញដោយបង្ខំ

ស្ថានភាពដីក្រោយរងការឈូសឆាយក្រោមគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី សាងសង់ដោយក្រុមហ៊ុន​ CAIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ នៅថ្ងៃចន្ទនេះ កំពុងធ្វើការឈូសឆាយដីស្រែដែលកំពុងមានទំនាស់ជាមួយពលរដ្ឋនៅឡើយ ដោយពលរដ្ឋអះអាងថា ពួកគេមិនទាន់ទទួលបានការដោះស្រាយនិងសំណងសមរម្យនៅឡើយ។ (ហ៊ី ឆាយ)

ប្រជាពលរដ្ឋប្រមាណ ៤៦០គ្រួសារ រស់នៅ​ឃុំ​ណ្ដោក ស្រុកកណ្ដាល​ស្ទឹង និង​សង្កាត់កំពង់សំណាញ់ ក្រុង​តាខ្មៅ ដែលមានភូមិសាស្ត្រ​​ជាប់​ព្រលាន​យន្ត​ហោះ​​ដែលកំពុងសាងសង់ថ្មី​​ បាន​​ស្នើ​ដល់​​អភិបាល​ខេត្ត​​កណ្ដាល​ផ្ដល់​ប្លង់​កម្ម​សិទ្ធិ​ដល់​ពួកគេ​ ខណៈពួកគាត់​បារម្ភខ្លាចមានការបណ្ដេញចេញដោយ​បង្ខំ ក្រោយ​បុគ្គលិក​ព្រលាន​យន្តហោះ និងអាជ្ញាធរមូល​ដ្ឋាន​ចុះទៅស្រង់ទិន្នន័យ​ និងហាមសាងសង់​សំណង់ថ្មី។

ការ​ស្នើ​នេះបាន​ធ្វើ​ឡើង​ ខណៈ​​​​ពលរដ្ឋ​ប្រមាណ ២០០នាក់ អះអាងថា ​តំណាងឱ្យ​ពលរដ្ឋ​ប្រមាណ ៤៦០គ្រួសារ បាននាំគ្នា​ទៅប្រមូលផ្តុំ​នៅមុខរដ្ឋបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃអង្គារនេះ។

​ពលរដ្ឋ​ភូមិអំពៅព្រៃ ឃុំកណ្ដោក អ្នកស្រី​ ម៉ុត ចាន់​សុផាននី​ បានឱ្យដឹងថា ការ​ដែលពួកគាត់នាំគ្នាទៅប្រមូល​ផ្តុំនៅមុខសាលា​ខេត្តនេះ ដោយសារតែ​​ពេល​​ថ្មីៗនេះ បុគ្គលិក​របស់ក្រុមហ៊ុនដែលសាងសង់ព្រលា​ន​យន្តហោះថ្មី និងអាជ្ញាធរមូល​ដ្ឋាន បាន​ចុះទៅបង់លេខផ្ទះ ស្រង់ទិន្នន័យប្រជាពលរដ្ឋ និងកំណត់​ថ្ងៃឱ្យ​ពលរដ្ឋមួយចំនួន​រុះរើផ្ទះ ដោយ​ពុំបានបញ្ជាក់ពីមូល​ហេតុឡើយ។

អ្នកស្រីបន្តថា គ្រួសាររបស់គាត់ ក៏ដូចជាពលរដ្ឋផ្សេងទៀត បានរស់នៅ​ទីនោះអស់រយៈពេល២០ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅមិនទាន់មានបណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីនៅឡើយ ហើយ​នៅពេល​ដែលមាន​រឿងហេតុ​បែបនេះ ធ្វើ​ឱ្យ​អ្នកស្រីមាន​ក្ដីបារ​ម្ភ​​ខ្លាច​​អាជ្ញាធរ​រុះរើផ្ទះ និង​បណ្ដេញពួកគាត់​ចេញពីដីដោយបង្ខំ។

ករណីនេះ​ អ្នកស្រី សុផាននី បានស្នើដល់អាជ្ញា​ធរ​ខេត្តចេញបណ្ណកម្មសិទ្ធិ​ដល់ប្រជាពលរដ្ឋ និងស្នើអភិបាលខេត្តបង្កើតវេទិកាសាធារណៈដោយបញ្ជាក់ប្រាប់ប្រជាពលរដ្ឋឱ្យបានច្បាស់​ថា ពលរដ្ឋ​នឹង​មិនត្រូវបាន​បណ្តេញចេញពីលំនៅឋានដោយ​បង្ខំនោះទេ។

អ្នកស្រីថា៖ «គឺ​លទ្ធផល​ គឺយើងចង់​ឱ្យ​​គាត់​ទៅ​ចង្អុល​បំភ្លឺ​រឿង​​កា​រ​បាញ់[ថ្នាំនិងកំណត់លេខ]ផ្ទះ ដោយគ្មានមូលហេតុ​ ឱ្យ​ប្រជា​​ពលរដ្ឋរុះរើ​ទ្រុងពពែ និងមិ​ន​ឱ្យសង់ផ្ទះលើដីខ្លួនឯង​។ ទាល់តែគាត់បើកវេទិកា​ហើយ​ ហើយ​លោក​សម្រេចថា​ឥលូវប្រជាជន គាត់ផ្ដល់បណ្ណកម្មសិទ្ធិឱ្យ​ គឺប្រជាជនទាំងអស់គ្នា គ្មាននរណាចង់ចេញពីកន្លែងដែលខ្លួនរស់នៅទេ​»។

ពលរដ្ឋម្នាក់ទៀត​មកពីភូមិអាចម៍កុក​ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ អ្នកស្រី ងុយ សំណាង​​ និយាយ​​ថា អំឡុង​ពេល​​ពលរដ្ឋប្រមូលផ្តុំនៅមុខសាលាខេត្តនោះ អាជ្ញាធរ​ខេត្តបាន​អនុញ្ញាតឱ្យ​ពលរដ្ឋចូលទៅជួប និងបានបញ្ជាក់ថានឹងពុំមានការ​រុះរើ​ផ្ទះពលរដ្ឋ ឬបណ្តេញប្រជាពលរដ្ឋពីតំបន់នោះ​ដោយ​បង្ខំទេ។ តែយ៉ាងណា អ្នកស្រីថា រូបគាត់ ក៏ដូចជាពលរដ្ឋផ្សេងទៀត នៅតែមានក្តីបារម្ភខ្លាចបាត់​បង់​​ដី និងផ្ទះ​សម្បែង ដូចពលរដ្ឋផ្សេងទៀត​​នៅក្បែរតំបន់នោះ។

ករណីនេះ អ្នកស្រី ងុយ សំណាង ស្នើ​ដល់ក្រសួងរៀបចំដែនដី និងអាជ្ញាធរ​ខេត្ត ផ្តល់បណ្ណ​កម្មសិទ្ធិ​ដល់ពលរដ្ឋ ដើម្បីឱ្យ​ពលរដ្ឋ​អស់ក្តីបារម្ភ។

​អ្នកស្រីនិយាយ​​ថា៖ «ខ្ញុំចង់ឱ្យគាត់ផ្ដល់​ប្លង់កម្មសិទ្ធិ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋគាត់រស់នៅទីហ្នឹង គាត់មា​ន​ភាពកក់​ក្ដៅ កុំឱ្យគាត់ភ័យ​ខ្លាច​​ទៀត។​ មានការបារម្ភភ័យ ខ្លាចណាស់! បង​ខ្លាចតែ​ដូច​​ពួ​ក​គាត់​ដែរ!​ អ៊ីចឹង​បានស្នើដ​ល់អភិបាល​ខេត្ត​​ គាត់​ទៅបើកវេទិកា[សាធារណៈ]​ឱ្យពួកខ្ញុំបានដឹង ឱ្យមានទំនុកចិត្ត»។

វីអូឌី​ មិនទាន់អាចសុំការឆ្លើយតបជុំវិញករណីនេះពី​អភិបាលខេត្ត​កណ្ដាល​ លោក គង់ សោ​ភ័ណ្ឌ​ និងអភិ​បាលរង​ខេត្ត លោក នូវ​ប៉េង ច័ន្ទតារា បានទេ នៅថ្ងៃ​អង្គារនេះ។​

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យី សុខសាន្ត​ ដែល​បាន​ឃ្លាំមើល​ករណីនេះ​ បានលើក​ឡើង​​ថា ​អាជ្ញាធរពាក់ព័ន្ធ​គួរតែ​បង្ហាញនូវតម្លាភាព ប្រសិនបើ​ចង់អភិវឌ្ឍកន្លែងណាមួយ ​ហើយ​​ត្រូវ​​សិក្សា​ពី​ផល​ប៉ះ​ពាល់​ និង​ជូនដំណឹងដល់ពលរដ្ឋឱ្យបានដឹងជាមុន ​ចៀសវាង​​ធ្វើឱ្យពលរដ្ឋ​មានការភ័យខ្លា​ច​។​

លោកថា៖ «ប្រសិនបើរដ្ឋាភិបាល​ធ្វើការអភិវឌ្ឍ​ លោកត្រូវចុះធ្វើការសិក្សាអំពីផលបះពាល់​ ហើយការធ្វើអភិវឌ្ឍន៍ ត្រូវតែ​មានជំហាន​ក្នុងការដោះស្រាយ​ ពន្យល់ប្រជាពលរដ្ឋ​ ពន្យល់ពីគម្រោង​នៃការ​សាងសង់​​ ឬក៏ធ្វើ​ហេដ្ឋារចនាសម្ពន្ធ​ដែលបញ្ជាក់ប្រាប់គាត់ថា​ ប្រសិនជាប៉ះពាល់​ ត្រូវ​ដោះស្រាយឱ្យគាត់តាមរបៀបណា​»។

ពាក់ព័ន្ធនឹងករណីនេះ​ កាលពីខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយដោយកាត់ដីរដ្ឋទំហំ២ ៦០០ហិកតា ដើម្បីសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីមួយនេះ ដែលលាតសន្ធឹងលើឃុំចំនួន៤ រួមមាន ឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្ដាល​ស្ទឹង ខេត្តកណ្ដាល និងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។

គម្រោងនេះត្រូវបានទទួលសិទ្ធិសាងសង់ដោយក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ហៅកាត់ថា អូស៊ីអាយស៊ី (OCIC) របស់ឧកញ៉ា ពុង ឃាវសែ និងលេខាធិការដ្ឋានអាកាសចរណ៍​ស៊ីវិល (SSCA) ដែលត្រូវចំណាយ​ទឹកប្រាក់​ជាង​មួយ​ពាន់​លាន​ដុល្លារ (១ ៥០០លានដុល្លារ) ហើយ​ត្រូវ​បានព្យាករថានឹងសាងសង់រួចរាល់ក្នុងឆ្នាំ២០២៣។

កាលពីខែកក្កដា ឆ្នាំ២០២១ ក្រុមពលរដ្ឋបានចេញលិខិតចំហមួយច្បាប់ដោយបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិ​ថ្មី អូស៊ីអាយស៊ី (OCIC) របស់លោកឧកញ៉ា ពុង ឃាវសែ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ៣៣០គ្រួសារ នៅឃុំទាំង៤នោះ ដែលមានក្បាលដីទំហំជាង១លានម៉ែត្រការ៉េ។

តែយ៉ាងណា អាជ្ញាធរខេត្ត​បានដោះស្រាយ​​ផ្តល់​គោលនយោបាយ​ដល់ពលរដ្ឋ​មួយចំនួន​ហើយ នៅសល់ពលរដ្ឋមួយចំនួនទៀតនៅ​មិនទាន់ទទួលយកគោលនយោបាយ​នោះ​​នៅឡើយ ដោយពួកគាត់អះអាង​ថា ការដោះស្រាយ​ដោយផ្តល់សំណង ៨ដុល្លារក្នុងមួយម៉ែត្រ​ការ៉េ​ មិនអាចឱ្យ​​​ពួកគាត់អាចស្វែងរកដីនៅទីតាំងផ្សេងសម្រាប់រស់នៅបានឡើយ ដែលករណីនេះធ្វើឱ្យ​ពលរដ្ឋ​ទាំងនោះបន្តការតវ៉ាដល់បច្ចុប្បន្ន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ