តៃវ៉ាន់​នឹង​បង្កើន​រយៈពេល​នៃ​កាតព្វកិច្ច​យោធា​ដល់​១ឆ្នាំ ដោយសារ​ការ​គំរាមកំហែង​ពី​ចិន​កាន់តែខ្លាំងឡើង

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី 蔡英文 អំឡុងពេលចុះពិនិត្យសមយុទ្ធយោធាដែនអាកាស នាចុងខែកក្កដា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ 蔡英文 Tsai Ing-wen)

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) បាននិយាយនៅថ្ងៃអង្គារនេះថា កោះតៃវ៉ាន់នឹងបង្កើនរយៈពេលនៃកាតព្វកិច្ចយោធាចាប់ពី៤ខែ ដល់១ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដោយសារមានការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នេះ។

ចំណាត់ការ​នេះកើត​ឡើង ខណៈ​ចិន​បង្កើន​សម្ពាធ​ផ្នែក​យោធា ការទូត និង​សេដ្ឋកិច្ច​ លើ​កោះ​តៃវ៉ាន់​ ដើម្បី​អះអាង​ពី​ការ​ទាមទារ​អធិបតេយ្យភាព​របស់​ខ្លួន រួម​ទាំង​សមយុទ្ធទ័ពអាកាសស្ទើរ​រាល់ថ្ងៃ​នៅ​ក្បែរដែន​កោះមួយ​នេះ ​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុងក្រោយនេះ។

លោកស្រី សៃ អ៊ីងវេន បាននិយាយបន្ទាប់ពីកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិថា តៃវ៉ាន់ចង់បានសន្តិភាព ប៉ុន្តែចាំបាច់ត្រូវមានលទ្ធភាពការពារខ្លួន។

លោកស្រីបានប្រាប់សន្និសីទសារព័ត៌មានថា «ដរាបណាតៃវ៉ាន់មានភាពរឹងមាំគ្រប់គ្រាន់ នោះនឹងក្លាយជាជម្រកនៃប្រជាធិបតេយ្យ និងសេរីភាពទូទាំងពិភពលោក ហើយប្រទេសនេះនឹងមិនក្លាយជាសមរភូមិទេ»។

លោកស្រីបន្ថែមថា៖ «តៃវ៉ាន់ចង់ប្រាប់ពិភពលោកថា រវាងលទ្ធិប្រជាធិបតេយ្យ និងរបបផ្ដាច់ការ យើងជឿជាក់យ៉ាងមុតមាំលើលទ្ធិប្រជាធិបតេយ្យ។ រវាងសង្គ្រាម និងសន្តិភាព យើងពិតជាចង់បានសន្តិភាព។ ចូរយើងបង្ហាញភាពក្លាហាន និងការប្តេជ្ញាចិត្ត ដើម្បីការពារមាតុភូមិរបស់យើង និងការពារលទ្ធិប្រជាធិបតេយ្យ»។

ទីក្រុងតៃប៉ិ ដែលបដិសេធការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ បានរាយការណ៍ពីការរំលោភបំពានពីទ័ពអាកាសចិន ដែលមិនធ្លាប់មាន ដោយយន្តហោះ​កងទ័ពអាកាស​ចិន​ចំនួន​៤៣គ្រឿង​បាន​ហោះ​ឆ្លងកាត់​ខ្សែបន្ទាត់​នៃ​ច្រកសមុទ្រតៃវ៉ាន់។

ប្រទេសចិនក៏បានធ្វើសមយុទ្ធយោធានៅជិតកោះតៃវ៉ាន់កាលពីខែសីហា បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិដោយប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi)

លោក ឆេ​ ជុង (Chieh Chung) អ្នកស្រាវជ្រាវនៅមូលនិធិគោលនយោបាយជាតិតៃវ៉ាន់ បានប៉ាន់ប្រមាណថា ការបង្កើនរយៈពេលកាតព្វកិច្ចយោធានេះ អាចបង្កើនចំនួនកងទ័ពពី ៦០ ០០០នាក់ ទៅ ៧០ ០០០នាក់ក្នុងមួយឆ្នាំ បន្ថែមពីលើចំនួនកងទ័ពជំនាញបច្ចុប្បន្ន ដែលនឹងមានចំនួន១៦៥ ០០០នាក់ ក្នុងឆ្នាំ២០២៧។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំងបានបង្កើនសម្ពាធទៅលើរដ្ឋាភិបាលកោះតៃវ៉ាន់ ដើម្បីឱ្យរដ្ឋាភិបាលនៃដែនកោះមួយនេះទទួលយកអំណាចរបស់ទីក្រុងប៉េកាំង។ ចំណែករដ្ឋាភិបាលកោះតៃវ៉ាន់វិញ តែងលើកឡើងថា ពួកគេចង់បានសន្តិភាពជាមួយប្រទេសចិន ប៉ុន្តែប្រសិនបើចិនវាយប្រហារមកលើកោះនេះ ពួកគេនឹងការពារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ