តុលាការ​កោះហៅ​សហជីព​៣នាក់​ចូលបំភ្លឺ ក្រោយ​ពី​ថៅកែ​ក្រុមហ៊ុន​ប្ដឹង​ករណី​ពួកគេ​តវ៉ា​ទាមទារ​អត្ថប្រយោជន៍​ជូន​កម្មករ

ទិដ្ឋភាពនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅឱ្យប្រធាន និងសមាជិកសហជីព ២នាក់ទៀត ចូលបំភ្លឺនៅតុលាការ ក្នុងខែមករា ឆ្នាំ២០២៣ ខាងមុខ តាមបណ្ដឹងរបស់ក្រុមហ៊ុន សិនតៃ ហ្គាមេន

យោងតាមដីកាកោះហៅចេញដោយចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លឹម សុគន្ធារ៉ា ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានបង្គាប់ឱ្យប្រធានសហជីពស្មារតីកម្មករ លោក កឹម សុភេន និងលេខាធិការ លោក គឹម វណ្ណដេត ព្រមទាំងអនុប្រធានសហជីពសា្មរតីកម្មករ ​អ្នកនាង ម៉ិច ស៊ាងហៃ ចូលបំភ្លឺនៅតុលាការ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ  ដើម្បីចូលរួមនីតិវិធីត្រៀមសម្រាប់ទាញហេតុផល។

ដីកាកោះហៅ ឱ្យដឹងថា ការឱ្យប្រធាន និងសមាជិកសហជីពសា្មរតីកម្មករ ទាំង២នាក់ ចូលបំភ្លឺនៅតុលាការ បន្ទាប់ពីទទួលបានបណ្ដឹងពីមេធាវីការពារក្ដីឱ្យថៅកែក្រុមហ៊ុន សិនតៃ ដែលប្ដឹងទាមទារសំណងខូចខាត អំឡុងពេលកម្មករចេញធ្វើកូដកម្មរយៈពេលពីរថ្ងៃ កាលពីដើមខែធ្នូ ឆ្នាំ២០២២នេះ។

បើតាមពាក្យបណ្ដឹង លោក តាំង ម៉េង មេធាវីតំណាងក្រុមហ៊ុន សិនតៃ ហ្គាមេន  ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បានប្ដឹងទាមទារសំណងខូចខាតពីប្រធានសហជីពស្មារតីកម្មករ លោក កឹម សុភេន និងលេខាធិការ លោក គឹម វណ្ណដេត ព្រមទាំងអនុប្រធានសហជីពសា្មរតីកម្មករ​ អ្នកនាង ម៉ិច ស៊ាងហៃ ចំនួន៣៧ ៥០០ដុល្លារ។

បើតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន ការទាមទារសំណងនេះ ដោយសំអាងថា ការតវ៉ារបស់កម្មកររយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែធ្នូ កន្លងទៅនេះ បានធ្វើឱ្យខូចខាតចង្វាក់ផលិតកម្មរបស់រោងចក្រ។

ប្រធានសហជីពស្មារតីកម្មករ លោក កឹម សុភេន ប្រាប់វីអូឌីនៅថ្ងៃអង្គារម្សិលមិញនេះថា ក្រុមហ៊ុនប្ដឹងពួកគាត់នេះ បន្ទាប់ពីពួកគេចេញមុខការពារអត្ថប្រយោជន៍ជូនកម្មករ ដោយសារក្រុមហ៊ុនព្យួរការងារកម្មករ។ លោកបញ្ជាក់ថា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោកនិងសហការីនឹងចូលខ្លួនបំភ្លឺតាមដីការបស់តុលាការ។

លោក កឹម សុភេន ថា៖ «ខ្ញុំគិតថាក្រុមហ៊ុន គាត់មានចេតនាមួយចង់បំបាក់ស្មារតី ចង់បំភ័យពួកយើងឱ្យលែងហ៊ានជួយដោះស្រាយឱ្យកម្មករ ព្រោះរឿងវិវាទការងារ យើងដោះស្រាយតាមរយៈក្រសួងអីត្រឹមត្រូវហើយ ប៉ុន្តែបែរជាគាត់រុញសំណុំរឿងទៅតុលាការ មានន័យថាជាចេតនាមួយចង់បំបាក់ពួកយើង។ នៅនេះ សហជីពពួកខ្ញុំសកម្មក្នុងការជួយកម្មករគ្រប់បញ្ហាទាំងអស់ ហ៊ានចេញមុខ»។

លោកថា៖ «សម្រាប់ខ្ញុំ មានតែការស្នើទៅតុលាការ គាត់ពិចារណាក្នុងសំណុំរឿងពួកខ្ញុំ ដោយសារពួកខ្ញុំធ្វើជួយបងប្អូនកម្មករដោយស្ម័គ្រចិត្ត គ្មានចង់បានអត្ថប្រយោជន៍អ្វីទេ ប៉ុន្តែជាលទ្ធផល ត្រូវបានក្រុមហ៊ុនប្ដឹង។ ខ្ញុំសោកស្ដាយណាស់ ការធ្វើដោយមិនចង់បានអី ធ្វើដោយស្មោះត្រង់ តែលទ្ធផលបែរជាទទួលបានបែបនេះ ពិតជាសោកស្ដាយមែនទែន»។

លោក តាំង ម៉េង មេធាវីការពារក្ដីឱ្យក្រុមហ៊ុន សិន តៃ ហ្គាមេន លើកឡើងថា ក្រុមហ៊ុនប្ដឹងទៅតុលាការ ដោយសារប្រធានសហជីព និងសហជីព២នាក់ទៀត បានកៀរគរកម្មករតវ៉ា ដែលធ្វើឱ្យប៉ះពាល់ដល់ខ្សែចង្វាក់ផលិកម្មរបស់ក្រុមហ៊ុន។

លោកថា៖ «គេមិនមែនចេះតែទារដូចពួកគាត់ទេ សំខាន់ជាងគេ គាត់ទាមទារទៅតាមការខូចខាតជាក់ស្ដែង អាហ្នឹងពាក់ព័ន្ធនឹងការយឺតយ៉ាវទៅឱ្យអតិថិជនទេ។ យើងគិតតែទៅលើប្រាក់ឈ្នួល ថ្លៃភ្លើង ថៃ្លអគារ។ ខ្ញុំចង់បញ្ជាក់ថា កូដកម្មហ្នឹង ដោយសារនិយោជកគាត់ទ្រាំអត់បាន ដោយសារគាត់[កម្មករ]ធ្លាប់កូដកម្មម្ដងហើយ កាលពីឆ្នាំ២០១៥។ [កម្មករ]គាត់ធ្លាប់កូដកម្មបែបហ្នឹង អត់មានជូនដំណឹង អត់មានធ្វើអីតាមនីតិវិធីច្បាប់ទេ»។

ដើមចមនៃការផ្ទុះការតវ៉ាកាលពីដើមខែធ្នូនេះ ក្រោយពីថៅកែក្រុមហ៊ុន សិន តៃ បានជូនដំណឹងមកកម្មករដែលត្រូវបានព្យួរការងារចំនួន៩០០នាក់ ក្នុងរយៈពេល២ខែ ដោយផ្ដល់ប្រាក់៣០ដុល្លារក្នុងមួយខែសម្រាប់កម្មករម្នាក់ ខណៈកម្មករទាមទារឱ្យក្រុមហ៊ុនផ្តល់ប្រាក់៥០ភាគរយនៃប្រាក់ឈ្នួល។

បន្ថែមពីនេះ កម្មករក៏ទាមទារឱ្យក្រុមហ៊ុនប្ដូរវេនកម្មករដើម្បីធ្វើការ ប៉ុន្តែក្រុមហ៊ុនមិនព្រម ដោយលើកហេតុផលថា ការប្តូរនេះនឹងប៉ះពាល់ដល់ខ្សែចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន ដោយថាកម្មករទាំងនោះមិនមានជំនាញក្នុងការដេរសម្លៀកបំពាក់ដែលនៅសល់។

ប្រធានសហជីពស្មារតីកម្មករ ឱ្យដឹងថា រោងចក្រ ​សិន តៃ ជារោងចក្រផលិតសម្លៀកបំពាក់ មានទីតាំងស្ថិតភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានថៅកែជាជនជាតិចិន ហើយមានកម្មករជិត២ ០០០នាក់បម្រើការងារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ