ប្រជាពលរដ្ឋ​នៅ​ទីក្រុងកៀវ​ត្រូវ​ជម្លៀសខ្លួន​ទៅកាន់​លេនដ្ឋាន ខណៈ​សំឡេង​ស៊ីរ៉ែន​បន្លឺ​ពេញ​ទីក្រុង

People take shelter inside a metro station during massive Russian missile attacks in Kyiv, Ukraine December 29, 2022. REUTERS/Viacheslav Ratynskyi

នៅព្រឹកថ្ងៃសុក្រនេះ ប្រជាពលរដ្ឋនៅទីក្រុងកៀវ (Kyiv) ត្រូវបានតម្រូវឱ្យជម្លៀសខ្លួនទៅកាន់លេនដ្ឋាន ខណៈសំឡេងស៊ីរ៉ែនបានបន្លឺពេញទីក្រុង មួយថ្ងៃបន្ទាប់ពីរុស្ស៊ីវាយប្រហារតាមអាកាសយ៉ាងគំហុក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។

ភ្លាមៗបន្ទាប់ពីម៉ោង២ រំលងអធ្រាត្រ រដ្ឋាភិបាលទីក្រុងកៀវបានចេញសារជូនដំណឹងតាមតេឡេក្រាមរបស់ខ្លួន អំពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ហើយបានអំពាវនាវឱ្យប្រជាពលរដ្ឋទៅជ្រកនៅលេនដ្ឋាន។

លោក អូឡិចស្គី គូឡេបា (Olekskiy Kuleba) អភិបាលតំបន់កៀវ បាននិយាយនៅលើបណ្តាញតេឡេក្រាមថា «ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) នៅតែបន្ត»

សាក្សីម្នាក់បានប្រាប់ Reuters ថា នៅចម្ងាយ២០គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុងកៀវ មានសំឡេងផ្ទុះ និងសំឡេងបាញ់តបជាច្រើននៃប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន លោក​ វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានថ្លែងនៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃព្រហស្បតិ៍ថា ប្រព័ន្ធការពារដែនអាកាសនៅភាគខាងត្បូង ភាគខាងកើត និងភាគខាងលិចប្រទេសអ៊ុយក្រែន បានបាញ់ទម្លាក់មីស៊ីលរុស្ស៊ីចំនួន៥៤គ្រាប់ និងដ្រូនចំនួន១១គ្រឿង។

លោក Zelenskiy បន្តថា តំបន់ភាគច្រើនគ្មានអគ្គិសនីប្រើប្រាស់ ដែលរួមមាន ទីក្រុងកៀវ (Kyiv), អូដេសា (Odesa), តំបន់ខឺសុន (Kherson) និងតំបន់ជុំវិញទីក្រុងលីវ (Lviv) ជិតព្រំដែនភាគខាងលិចជាមួយប៉ូឡូញ។

រូបភាពបង្ហាញដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញពីបុគ្គលិកសង្គ្រោះបន្ទាន់ដែលកំពុងស្វែងរកជនរងគ្រោះតាមគំនរបាក់បែកក្នុងទីក្រុងកៀវ ដែលត្រូវបានបំផ្លាញដោយមីស៊ីល។ ក្រុមមន្ត្រីបាននិយាយថា មីស៊ីលច្រើនជាង១២០គ្រាប់ត្រូវបានបាញ់ក្នុងអំឡុងពេលការវាយប្រហារ។

ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អាគារលំនៅដ្ឋានជាង១៨ និងហេដ្ឋារចនាសម្ពន្ធសំខាន់ៗចំនួន១០ ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារចុងក្រោយនេះ។

ការបាញ់ស្រោចតាមអាកាសរបស់រុស្ស៊ី ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលសំដៅលើហេដ្ឋារចនាសម្ពន្ធថាមពលបានធ្វើឱ្យមនុស្សរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ និងគ្មានកម្ដៅនៅក្នុងរដូវរងានេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ