តុលាការ​យោធា​មីយ៉ាន់ម៉ា​ប្រកាស​សាលក្រម​ចុងក្រោយ​ឱ្យ​លោកស្រី អ៊ុងសាន ស៊ូជី ជាប់​ពន្ធនាគារ​៧ឆ្នាំទៀត

មនុស្ស​ម្នាក់​បង្ហាញ​ម្រាម​ដៃ​បី​លើក​ឡើងនៅ​មុខ​ផ្ទាំង​បដា​ដែល​មាន​រូប​លោកស្រី​ អ៊ុងសាន ស៊ូជី អំឡុង​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង​យ៉ាំងហ្គោន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ ២០២១។ (REUTERS/Stringer TPX)

តុលាការយោធាមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះ បានប្រកាសសាលក្រមចុងក្រោយ ដោយផ្តន្ទាទោសលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ពីបទពុករលួយចំនួន៥ករណី និងដាក់ពន្ធនាគាររយៈពេល៧ឆ្នាំបន្ថែមទៀត ដែលធ្វើឱ្យលោកស្រីត្រូវជាប់ពន្ធនាគារសរុបរយៈពេល៣៣ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០​ ខែធ្នូ ឆ្នាំ២០២២ នេះ។

នៅក្នុងស​វនាការបិទទ្វារ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តបទល្មើសទាក់ទងនឹងការជួល និងប្រើប្រាស់ឧទ្ធម្ភាគចក្រ ខណៈលោកស្រីនៅជាមេដឹកនាំមីយ៉ាន់ម៉ា។

ក្នុងការប្រកាសសាលក្រមនៅថ្ងៃសុក្រនេះ លោកស្រីត្រូវបានផ្តន្ទាទោសរយៈពេល៧ឆ្នាំបន្ថែមលើទោសជាប់ពន្ធនាគាររយៈពេល២៦ឆ្នាំចាប់តាំងពីខែធ្នូ ឆ្នាំមុន។ ដូច្នេះ មានន័យថា លោកស្រីត្រូវជាប់ពន្ធនាគាររយៈពេល៣៣ឆ្នាំ។

លោកស្រី អ៊ុងសាន ស៊ូជី អាយុ៧៧ឆ្នាំ ត្រូវបានចាប់ខ្លួននៅពេលដែលយោធាបានដណ្តើមអំណាចកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំមុន ដោយរដ្ឋប្រហារ ដែលបានបិទបញ្ចប់លទ្ធិប្រជាធិបតេយ្យដែលមានរយៈពេលមួយទសវត្សរ៍ និងបានធ្វើឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងភាពវឹកវរ។

លោកស្រីកំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ ក្នុងទីក្រុងណៃពិដោ (Naypyitaw) ដោយមិនមានសិទ្ធិទទួលបានមេធាវីឡើយក្រៅពីឡើងតុលាការ។

ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ ត្រូវបានផ្តន្ទាទោសជាច្រើនករណី ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារយ៉ាងហោចណាស់២៦ឆ្នាំ ក្នុងរយៈពេល១២ខែចុងក្រោយនេះ។ ក្រុមអ្នករិះគន់បានច្រានចោលការចោទប្រកាន់ទាំងនេះ និងថាជាវិធីដើម្បីរក្សាអំណាចរបស់យោធា។

លោកស្រីត្រូវបានរបបយោធាមីយ៉ាន់ម៉ាចោទប្រកាន់រាប់ចាប់ពីបទរំលោភបំពានលើវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងការកាន់កាប់ឧបករណ៍វិទ្យុទាក់ទងដោយខុសច្បាប់ រហូតដល់បទញុះញង់ ការបំពានច្បាប់ស្តីពីការរក្សាការសម្ងាត់របស់រដ្ឋ និងការព្យាយាមមានឥទ្ធិពលលើគណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពច្របូកច្របល់ គិតចាប់តាំងពីក្រុមយោធាបានដណ្តើមយកអំណាចមកគ្រប់គ្រងកាលពីខែកុម្ភៈ ឆ្នាំមុន និងបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង​សាន ស៊ូជី ដែល​បង្កឱ្យមានជាបាតុកម្មកើតឡើងជាញឹកញាប់នៅក្នុងប្រទេស ក្នុងនោះ ជនស៊ីវិលរាប់ពាន់នាក់​ក៏ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបកូដកម្ម និងបាតុកម្មនានាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ