លោក ហ៊ុន សែន រំពឹងថា ឆ្នាំនេះសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញ បើទេសចរចិនត្រលប់មកកម្ពុជាវិញប្រមាណ២លាននាក់

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា អញ្ជើញជាសហអធិបតីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ស្វាគមន៍​អ្នក​ទេស​ចរ​បរទេស ជាពិសេស​ជន​ជាតិ​ចិន ត្រលប់​មក​កាន់​ប្រទេស​កម្ពុជា​ជាថ្មី​ទៀតនៅឆ្នាំនេះ ដោយ​លោក​រំពឹង​ថា កម្ពុជា​នឹង​ទទួល​បាន​អ្នក​ទេសចរ​ចិន២លាន​នាក់​ឡើង​វិញ ក្រោយពេលចិនបើកឱ្យពលរដ្ឋចេញក្រៅប្រទេស។

ក្នុងពិធីបើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​ឆ្លង​​​កាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលប្រជាមានិតចិន នៅថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន  សែន បាន​ថ្លែង​​​ថា មុន​​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ កម្ពុជា​ទទួ​ល​​បាន​ភ្ញៀវទេសចរបរទេសសរុ​ប​ ៦លាន​៦សែន​នាក់ ដែល​ក្នុង​នោះមា​ន​ជន​ជាតិ​ចិន​ប្រហែល​២លាននាក់។ លោកបន្តថា បច្ចុប្បន្ននេះ ភ្ញៀវទេស​ចរបរទេស​ដែលមកកម្ពុជាមានប្រមាណជា២លាន​​២​សែន​នាក់​តែ​ប៉ុណ្ណោះ ក្រោយ​ពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានធូរស្រាលឡើងវិញ។

យ៉ាងណា លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា តាមការព្យាកររបស់​មន្ត្រីជំ​នាញ បើ​នៅក្នុងឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេស​ចរ​ ក្នុងនោះមានទាំងជនជាតិចិន ចាប់​ពី៤លាន​នាក់​ឡើងទៅ នឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារីកលូតលាស់ល្អប្រសើរឡើងវិញ។

លោកថ្លែងថា៖ «បើទេសចរចិនចាប់ផ្តើមបើក ជើងយន្តហោះកើនក្នុងមួយថ្ងៃៗរាប់សិបជើង ពេលនោះអាចថាយើងទទួលបានទេសចរចិនត្រលប់មកវិញប្រមាណ២លាននាក់ ព្រោះវាសម័យមុនកូវីដ អ៊ីចឹង​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ចាប់​ផ្តើម​រើប ជាមួយនឹង​កំណើន​សេដ្ឋកិច្ច​កសិកម្ម​ក៏​កើន សេវា​កម្ម​ក៏​កើន។ ហើយ​ខ្ញុំ​សង្ឃឹម​ថា ទេសច​រ​ចិន​នឹង​តម្រង់​ឆ្ពោះ​មក​កម្ពុជា អ្នកដែល​ទទួលផល​ប្រយោជន៍​ច្រើន​ រួម​​មាន កម្ពុជា ថៃ សាំងហ្គាពួរ[សិង្ហបុរី] ជាគោលដៅទេសចរដែលទាក់ទាញ ហើយដែលសម្រួលឱ្យទេសចរចិន»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបន្តក្រើនរំឭកទៅកាន់ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវនាំគ្នាចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារនៃការឆ្លងរាលដាលនៃជំងឺកាចសាហាវនេះ ខណៈ​ជំងឺ​កូវីដ-១៩ នៅ​មិនទាន់ទប់ស្កាត់ឱ្យអស់ទាំងស្រុងនៅឡើយ។

អគ្គនាយក​បច្ចេកទេ​ស នៃក្រសួង​សុខាភិបា​ល លោក ហុក  គឹមចេង មានប្រសាសន៍ថា បើ​សិនជាចិន​បើកឱ្យប្រជាជនរបស់ខ្លួនចេញទៅ​ក្រៅប្រទេសវិញ ហើយមានភ្ញៀវទេសចរចិនត្រលប់មកកម្ពុជាវិញ នោះ​ក្រសួង​នឹង​​ពិភាក្សាជាមួយអន្តរក្រសួង និងសុំគោលការណ៍ពីថ្នាក់ដឹកនាំ ថាតើត្រូវធ្វើចត្តាឡីស័ក ឬ​ធ្វើ​តេស្តរកវីរុស​​កូវីដ-១៩ ឬក៏មិនចាំបាច់ធ្វើតេស្ត​ ជាដើម។

ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី បានគាំទ្រ​នឹង​ការលើកឡើង​រប​ស់​​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការ​​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស ជាពិសេសជនជាតិចិន ឱ្យត្រលប់មកកាន់ប្រទេសកម្ពុជាជាថ្មីទៀត ដើម្បីលើកកម្ពស់​វិស័យ​ទេសចរណ៍ និងសេដ្ឋកិច្ច​ជាតិ។ ប៉ុន្តែលោក​មានក្តីបារម្ភចំពោះបញ្ហា​នៃការ​ឆ្លងរាលដាលនៃជំងឺកូវីដ-១៩​​ ក្នុងទ្រង់​ទ្រាយ​ធំ​ជា​ថ្មី​ទៀត ខណៈបច្ចុប្បន្ន​ ​ប្រទេស​ចិន​កំពុង​តែ​រីក​រាល​ដាលនៃការឆ្លង​​ជំងឺ​ផ្លូវដង្ហើម​មួយនេះ​​កាន់តែខ្លាំងនោះ។

ករណីនេះ លោក អ៊ូច វុទ្ធី បាន​ជំរុញ​ដល់​​ក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល ត្រូវយកចិត្តទុកដាក់ និងរឹតបន្តឹងផ្នែកសុខភាព ដោយធ្វើតេស្តភ្ញៀវទេសចរទាំងនោះ ដើម្បីកុំឱ្យកម្ពុជាឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដូចកាលពីអតីតកាល។

លោកមានប្រសាសន៍ថា៖ «យើងរឹតបន្តឹងផ្នែកសុខាភិបាល​ ដែលគាត់ចូលមកតាម​ច្រកជើងទឹក ជើង​គោក ជើងអាកាស ដើម្បីយើង​ពិនិត្យ​មើលថាតើ​មាន​​កូវីដ-១៩​ដែរឬអត់។ បើសិនជា​យើង​ពិនិត្យ​ឃើញ​ថា​មាន យើងត្រូវមានវិធានការយ៉ាងម៉េច ព្រោះ​ឥលូវ​នេះ ចិន​ផ្ទុះ​ឡើង​ខ្លាំង ដោយសារគាត់បើកសេដ្ឋកិច្ចទូលាយដូច​យើងអ៊ីចឹង​ ហើយគាត់ក៏មិននឹកស្មានថា​ផ្ទុះខ្លាំង។ចុងក្រោយនេះ យើង​មាន​តួលេខរហូតទៅដល់៣០០លាននាក់ដែលឆ្លងកូវីដនៅប្រទេសចិន»។

លោកបន្ថែមថា៖ «កុំឱ្យសេដ្ឋកិច្ចយើងបិទខ្ទប់ដូចកាលពីឆ្នាំមុន គឺ​ប្រជាពលរដ្ឋស្រែករកពុទ្ធោ អ្នកដែលមានធនធាន អ្នកដែលមធ្យមអត់អីទេ ប៉ុន្តែអាណិតគ្នាកម្មករតាមរោងចក្រ​​ ជួលផ្ទះគេទៅ អាហ្នឹងហើយមានហានិភ័យខ្ពស់ អ្នកខ្លះដាច់បាយ ដាច់អង្ករ ទៅរកអ្វីផ្សេងមិនកើត ខ្លះដេកឈឺនៅក្នុងផ្ទះ អ្នកខ្លះអត់បានទៅរកពេទ្យ កន្លែងហ្នឹងហើយដែលគួរតែបារម្ភ។ ហើយខាងក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល ដើម្បីផ្តល់យោបល់ដល់សម្តេចនាយករដ្ឋមន្ត្រី ឱ្យបានដឹង ឱ្យបានជ្រាប»។

កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារជាសំឡេងទាំងយប់ ដោយ​​បាន​ប្រកាស​ឱ្យ​ចាក់​​​វ៉ាក់​សាំង​ការពារ​វីរុស​​កូវីដ-១៩​ ដូស​ទី​៦ សម្រាប់​មនុស្ស​​ពេញ​វ័យ ហើយថ្នាំវ៉ាក់សាំង ត្រូវចាក់រៀងរាល់៦ខែម្តង ខណៈបណ្តាប្រទេសជាច្រើន​​នៅ​ក្នុង​តំបន់ និងពិភពលោក ចាប់ផ្តើមឆ្លងកូវីដឡើងវិញ។

កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ សារព័ត៌មាន Reuters បានផ្សាយថា ប្រទេសចិន​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ការផ្ទុះ​ឡើងវិញ​នៃជំងឺ​កូវីដ-១៩។

បើតាមទីភ្នាក់ងារសារព័ត៌មាន Shine ដែលចុះផ្សាយកាលថ្ងៃទី២៨​ ខែធ្នូ ឆ្នាំ២០២២ គឺ​បណ្តាប្រទេសមួយចំនួន ក្នុងនោះរួមមាន សហរដ្ឋអាមេរិក អ៊ីតាលី ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និងកោះតៃវ៉ាន់ ជាដើម បាន​តម្រូវឱ្យអ្នកដំណើរមកពីប្រទេសចិន ធ្វើតេស្ត​រកជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់ការ​ឆ្លង​រាលដាលនៃជំងឺនេះចូលទៅក្នុងប្រទេសទាំងនោះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ