ក្រសួងការងារហៅតំណាងកម្មករជាង១០នាក់នៅរោងចក្រ បូវឃើរ ទៅដោះស្រាយក្រោយមានវិវាទការងារ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជីវៈ។ រូបភាព៖ ហ៊ី ឆាយ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកោះហៅតំណាងកម្មករជាង១០នាក់ បម្រើការងារនៅរោងចក្រកាត់ដេរសម្លៀក​បំពាក់​ បូវឃើរ ហ្គាមេន ហ្វេកធើរី ខេមបូឌា លីមីត​ធីត (Bowker Garment Factory Cambodia) CO.,LTD. នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ទៅដោះស្រាយ ក្រោយមានវិវាទការងារជាមួយក្រុមហ៊ុន។

ក្នុង​លិខិតចុះ​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ២០២៣ ប្រធាននាយកដ្ឋានវិវាទ​ការងារ​ នៃក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អាំង សេង​លី បាន​កោះ​ហៅតំ​ណាងក​ម្មករចំនួន១២នាក់ មានឈ្មោះ​ នួន វិចិត្រ, ឆន ចាន់, ខន ខេន, ពែល ចំរើន, សុខ ចន្ធី, ឌឹម សុលាង, ខៀវ សុខលីន, ឌុក សាវិន, សំ គឹមសុខ, ស៊ិន វិច្ឆិកា, ប៉ុម ស្រីយ៉ា, និង ឡឹក សុភ័ក្រ បម្រើការ​ងារ​នៅរោ​ងច​ក្រ​​ បូវ​ឃើរ ឱ្យ​ចូល​ទៅដោះស្រាយ​វិវាទ​ការងារ​ជាមួយក្រុមហ៊ុន នៅថ្ងៃទី៥ ខែមករានេះ។

តំណាង​កម្មករ និង​ជា​សមាជិកសហជីពកម្ពុជា លោក ឆន ចាន់ ប្រាប់វីអូឌីថា វិវាទការងារនៅរោងចក្រ បូវឃើរ កើត​ឡើង ក្រោយ​ពីថៅកែបង្ខំ​កម្មករ​ឱ្យដាក់​ពាក្យឈ​ប់សម្រាកពីការងារ ដោយគ្មានប្រាក់ឈ្នួល ​រៀង​រាល់​ថ្ងៃ​សៅរ៍ ​រយៈពេល​១ខែ កាលពីខែ​ធ្នូ ឆ្នាំ​២០២២ ក្រោមហេតុផលអត់​ការ​ងារ ប៉ុន្តែក្រុម​កម្មករ​មិន​ព្រម ដោយ​យល់​ថា ទង្វើ​នេះខុសច្បាប់ស្តីពីការងារ។

តំណាងកម្មកររូបនេះ បន្ត​ថា ក្រុមក​ម្មករ​ទាមទារឱ្យថៅកែផ្តល់ប្រាក់ឈ្នួល ៥០ភាគរយ អំឡុង​ពេល​ឈប់​សម្រាក​រៀង​រាល់ថ្ងៃសៅ​រ៍​ រយៈពេល១ខែ ក្នុងខែធ្នូ។ លោកថា ករណីក្រសួងការងារ កោះហៅកម្មករទៅដោះស្រាយនេះ គឺក្រុមកម្មករមិនបានប្តឹងនោះទេ ប៉ុន្តែតំណាងកម្មករទាំងអស់នឹងចូលទៅជួបជាមួយមន្ត្រីក្រសួងការងារ តាមការកោះហៅនៅថ្ងៃស្អែកនេះ។

លោកបន្ថែមថា៖ «ខ្ញុំនិយាយពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​ទៅ​កាន់​ខាង​រោង​ចក្រ​ដែរ ប៉ុន្តែខាងរោងចក្រនៅតែប្រកាសជំហរថា ខាងរោង​ចក្រអត់មានលទ្ធភាពផ្តល់ឱ្យកម្មករដដែល»

ប្រធាន​រដ្ឋបាលរោងចក្រ បូវឃើរ លោក ស៊ាង រដ្ឋា ប្រាប់ថាកំពុង​រវល់​ប្រជុំ​ មិនអាចនិយាយបាន។

ប្រធាន​សហព័ន្ធ​សហជីព​​​ឯករាជ្យ លោក រី សិទ្ធី​ណែត ដែល​តាម​ដាន​ករណី​នេះ​ មានប្រសាសន៍ថា ករណី​ថៅកែឱ្យដា​ក់ពាក្យ​ឈប់​ដោយ​ខ្លួន​ឯង​​ដោយគ្មានប្រាក់ឈ្នួលនេះ​ ជា​ការ​​មិន​ទទួល​ខុស​ត្រូវ កេ​ងប្រវ័ញ្ចកម្លាំងពលកម្មករ និងជាទង្វើខុសច្បាប់។ លោក​​បន្តថា ប្រសិនបើរោងចក្រ​អត់​មាន​ការ​ងារ​ឱ្យ​កម្មករធ្វើទេ គឺម្ចាស់រោងចក្រត្រូវ​ជូន​ដំណឹង​ទៅ​នាយក​ដ្ឋានអធិការ​ការ​ងារ ដើម្បី​សុំព្យួរ​ការ​ងារ​កម្មករ ប៉ុន្តែលោកថា រោងចក្រ បូវឃើរ នៅមានការងារ​ឱ្យ​កម្មករ​ធ្វើ និង​មាន​ការ​ថែម​ម៉ោងពីថ្ងៃចន្ទដ​ល់​ថ្ងៃ​សុក្រ​ផង​ដែរ។

លោកបន្ថែមថា៖ «យើងមើលឃើញថា ករណីនេះមិនមែនកើតមានតែរោងចក្រ​ បូវឃើរ ​ទេ គឺ​មាន​រោងច​ក្រជាច្រើនទៀតដូចរោងចក្រនៅ[ខេត្ត]​កំពង់ឆ្នាំងអី គឺ​គេធ្វើអ៊ីចឹង​ដែរ​ ដោយ​មាន​អ្នក​ខ្សឹប​ប្រាប់​ថា ធ្វើអ៊ីចឹងទៅ ចំណេញ​ថៅកែ។​ បើកាល​ណាថៅកែ​ឱ្យកម្មករ​ឈប់ ​ហើយឱ្យប្រាក់ឈ្នួល៥០ភាគរយ មានន័យថា ថៅកែត្រូវបង់លុយឱ្យកម្មករច្រើន។​ អ៊ីចឹងគេប្រើមធ្យោ​បាយ​ហ្នឹង​ដើម្បីគេចវេះក្នុងការទទួលខុសត្រូវ ហើយចំណេញលុយទៅខាងនិយោជក។ ហើយបើយើងក្រឡេកមើលច្បាប់ គឺវាខុសច្បាប់ ត្រង់​​មាត្រា៨៣ ស្តីពីច្បាប់ការងារ ដែលថៅកែមិនបានដាក់ការងារឱ្យកម្មករធ្វើគ្រប់គ្រាន់»

កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ​២០២២ សហព័ន្ធសហជីពឯករាជ្យ និងអង្គការដៃគូផ្សេងទៀត បានផ្ញើ​លិខិតមួយទៅក្រុមហ៊ុនបញ្ជាទិញ អាឌីដាស (ADIDAS) ដើម្បីសុំអន្តរាគមន៍​ដោះ​ស្រាយ​វិវាទ​ការងារជូនកម្មករនៅរោងចក្រ បូវឃើរ ដោយអះអាង​​ថា រោងចក្រមួយ​នេះបាន​បង្ខំកម្មករឱ្យដាក់ពាក្យសុំច្បាប់ឈប់សម្រាកដោយគ្មានប្រាក់ឈ្នួល រៀងរាល់ថ្ងៃសៅរ៍​ នៅក្នុងខែ​ធ្នូ​ ឆ្នាំ២០២២។

លិខិត​ដដែល​នេះបានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ តំណាងរោងចក្រ បូវឃើរ កោះប្រជុំជាមួយតំណាងកម្មករ និងថ្នាក់ដឹកនាំសហជីព ហើយប្រកាសថា ក្រុមហ៊ុនគ្មានសម្ភារធ្វើ និង​បាន​បង្ខំឱ្យកម្មករទាំងអស់ប្រើប្រាស់ច្បាប់ឈប់​សម្រាក​ដោយ​គ្មាន​ប្រាក់​ឈ្នួល ប៉ុន្តែភាគីកម្មករមិនព្រម។

លើសពីនេះ ខាងរោងចក្របានបង្ខំឱ្យប្រធានក្រុមតាមផ្នែកនីមួយៗ និង​សហជីព​ ប​ង្ខំទៅកម្មករឱ្យទទួលយកសំណើរបស់ក្រុមហ៊ុន ​ដោយឱ្យកម្មករផ្តិតមេដៃតាមការបង្ខំរបស់រោងចក្រ ខណៈកម្មករផ្នែកខ្លះត្រូវបានតម្រូវឱ្យធ្វើការងារថែមម៉ោង​វេនយប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ដែលករណីនេះ សហជីពចាត់ទុកថាជារឿងអយុត្តិធម៌មួយសម្រាប់កម្មករផ្សេងៗទៀតដែលអត់មានការងារធ្វើ។

ក្នុងលិខិត​នោះ ក្រុម​សហជីពបានស្នើដល់អ្នកបញ្ជាទិញ Adidas ជំរុញនិងដាក់សម្ពាធទៅលើក្រុមហ៊ុន បូវឃើរ ត្រូវអនុវត្តច្បាប់ស្តីពីការងារឱ្យបានត្រឹមត្រូវ ពោល​គឺឱ្យកម្មក​រ​ឈប់​សម្រាក​ដោយ​មាន​ប្រាក់​ឈ្នួលត្រឹ​ម​ត្រូវ ​ក្នុងករណីរោងចក្រអត់ការងារឱ្យកម្មករធ្វើពិតប្រាកដមែន។

យ៉ាងណា សហជីពឱ្យដឹងថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនបញ្ជាទិញ Adidas មិន​បានឆ្លើយតបនៅឡើយទេ ពាក់ព័ន្ធកិច្ច​សុំ​អន្តរាគមន៍នេះ។

បើតាម​តំណាង​កម្មករ​ លោក ឆន ចាន់ រោងចក្រ​ បូវឃើរ ជារោងចក្រកាត់ដេរសម្លៀកបំពាក់ មានកម្មករ​ជាង​៤ ៣០០នាក់កំពុង​បម្រើ​ការ​ងារ និង​មានថៅកែជាជនជាតិហុងកុង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ