ការចរចារកដំណោះស្រាយវិវាទការងារនៅរោងចក្រ បូវឃើរ មិនទទួលបានលទ្ធផល

តំណាងកម្មករចំនួន​ ១២នាក់ បម្រើការងារនៅរោងចក្រ បូវឃើរ ទៅសម្របសម្រួលរកដំណោះស្រាយជាមួយ​ភាគី​រោង​ចក្រ​ នៅ​ទីស្តីការ​ក្រសួង នៅ​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោយ​ពីថៅកែបង្ខំ​កម្មករ​​ឱ្យដាក់​ពាក្យឈ​ប់សម្រាកពីការងារដោយ​គ្មានប្រាក់​ឈ្នួល ​រៀង​​រាល់​​ថ្ងៃ​​សៅរ៍ ​រយៈពេល​១ខែ កាលពីខែ​ធ្នូ ឆ្នាំ​២០២២ ក្រោមហេតុផលអត់​ការ​ងារ។ (ផ្ដល់ឱ្យ)

តំណាងកម្មករ​ ឱ្យដឹងថា ការចរចារកដំ​ណោះស្រា​យ​វិវាទការងារនៅរោងចក្រកាត់ដេរសម្លៀក​បំពាក់​ បូវឃើរ ហ្គាមេន ហ្វេកធើរី ខេមបូឌា លីមីត​ធីត (Bowker Garment Factory Cambodia) CO.,LTD. ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃម្សិលមិញ មិនទាន់​ទទួលបានលទ្ធផលនៅ​ឡើយ។

ប្រធាននាយកដ្ឋានវិវាទ​ការងារ​ នៃក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អាំង សេង​លី បានកោះហៅតំណាងកម្មករចំនួន​ ១២នាក់ បម្រើការងារនៅរោងចក្រ បូវឃើរ ទៅសម្របសម្រួលរកដំណោះស្រាយជាមួយ​ភាគី​រោង​ចក្រ​ នៅ​ទីស្តីការ​ក្រសួង នៅ​ថ្ងៃទី៥ ខែធ្នូ ម្សិលមិញ​​នេះ ក្រោយ​ពីថៅកែបង្ខំ​កម្មករ​​ឱ្យដាក់​ពាក្យឈ​ប់សម្រាកពីការងារដោយ​គ្មានប្រាក់​ឈ្នួល ​រៀង​​រាល់​​ថ្ងៃ​​សៅរ៍ ​រយៈពេល​១ខែ កាលពីខែ​ធ្នូ ឆ្នាំ​២០២២ ក្រោមហេតុផលអត់​ការ​ងារ ប៉ុន្តែក្រុម​កម្មករ​មិន​ព្រម ដោយ​យល់​ថា ទង្វើ​នេះខុសច្បាប់ស្តីពីការងារ។

តំណាងកម្មករ និងជាសមាជិកសហជីពកម្ពុជា លោក ឆន ចាន់ ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា ការជួបចរចារក​ដំណោះ​ស្រាយ​កាល​ពីថ្ងៃ​ម្សិលមិញនោះ គឺពុំ​មានលទ្ធផល​អ្វីនោះទេ​ ខណៈការជជែកចរចានោះបានចាប់ផ្តើមតាំងពីម៉ោង២រសៀល ដល់ម៉ោងជាង៦ល្ងាច។

តំណាងកម្មកររូបនេះ ឱ្យដឹងថា ក្នុងការចរចានោះ ក្រុម​កម្មករ​នៅ​តែ​រក្សាជំហរ​ទាម​ទារ​ទៅ​ថៅកែ​ឱ្យ​ផ្តល់​ប្រាក់​ឈ្នួល​៥០ភាគ​រយ​ អំឡុង​ពេល​ឈប់​សម្រាក​រៀង​រាល់​ថ្ងៃសៅរ៍ ​រយៈពេល១ខែ ក្នុងខែធ្នូ ឆ្នាំ២០២២ ប៉ុន្តែ​ភាគី​រោងចក្រ​នៅ​តែ​មិន​ព្រម​ផ្តល់​ជូន​អ្វី​ទាំង​អស់ ដោយ​រក្សា​ជំហរ​ឱ្យកម្មករឈប់សម្រាកដោយគ្មានប្រាក់ឈ្នួលដដែល។

លោកបន្ថែមថា៖ «អត់មានលទ្ធផល​​អ្វីទេ​ ខាងក្រុមហ៊ុនគេនៅតែនិយាយ​ថាគ្មាន​លទ្ធភាព​ផ្តល់​ជូន​កម្មករ ប៉ុន្តែ​ពួក​យើងតំណាង​ឱ្យ​កម្មករ​នៅ​តែរក្សាជំហរទាមទារ​ឱ្យផ្តល់ប្រាក់ឈ្នួល៥០ភាគរយ​ អំឡុងពេលឈប់សម្រាកនោះ ព្រោះបើ​កាលណា​មិន​ផ្តល់​ជូន​ពួក​យើង​ វាផ្ទុយ​ពីច្បាប់​ស្តីពី​ការ​ងារ»។

វីអូឌី មិនអាចរកការបញ្ជាក់ពីប្រធាននាយកដ្ឋានវិវាទ​ការងារ​ នៃក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អាំង សេង​​លី បាន​ទេ ខណៈ​ប្រធាន​រដ្ឋបាលរោងចក្រ បូវឃើរ លោក ស៊ាង រដ្ឋា ទូរសព្ទចូល គ្មានអ្នកទទួល។

ប្រធានសហព័ន្ធសហជីពឯករាជ្យ លោក រី សិទ្ធីណែត ដែលតាមដានករណីនេះ មានប្រសាសន៍ថា ករណីថៅកែឱ្យដាក់ពាក្យ​ឈប់​ដោយ​ខ្លួន​ឯង​ដោយគ្មានប្រាក់ឈ្នួលនេះ គឺ​ជាការ​មិន​ទទួល​ខុស​ត្រូវ កេង​ប្រវ័ញ្ចកម្លាំងពលកម្មករ និងជាទង្វើខុសច្បាប់។

ប្រធានសហព័ន្ធសហជីពរូបនេះ បន្តថា ប្រសិនបើរោងចក្រអត់មានការងារឱ្យកម្មករធ្វើទេ គឺម្ចាស់រោងចក្រត្រូវជូនដំណឹងទៅនាយកដ្ឋានអធិការការងារ ដើម្បីសុំព្យួរការងារកម្មករ ប៉ុន្តែលោកថា រោងចក្រ បូវឃើរ នៅមានការងារឱ្យកម្មករធ្វើ និងមានការថែមម៉ោងពីថ្ងៃចន្ទដល់ថ្ងៃសុក្រផងដែរ។

លោក រី សិទ្ធីណែត ឱ្យដឹង​ទៀត​​ថា ពាក់ព័ន្ធរឿងនេះ សហជីព​របស់​លោក​បាន​ប្តឹង​ទៅ​ក្រុម​ហ៊ុន​បញ្ជាទិញ អាឌីដាស (ADIDAS) និង​អង្គ​ការ​អន្ត​រ​ជាតិ ILO រួចហើយ ប៉ុន្តែមិនទាន់មានការឆ្លើយតបពីស្ថាប័នទាំងនេះនៅឡើយ។

កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ សហព័ន្ធសហជីពឯករាជ្យ និង​អង្គការដៃគូផ្សេងទៀត បានផ្ញើលិខិតមួយទៅក្រុម​ហ៊ុនបញ្ជា​ទិញ អាឌីដាស (ADIDAS) ដើម្បី​សុំ​អន្តរាគមន៍​ដោះ​ស្រាយ​វិវាទ​ការ​ងារ​ជូន​កម្មក​រ​នៅ​រោង​ចក្រ បូវ​ឃើរ ដោយអះ​អាង​ថា រោង​ចក្រ​មួយ​នេះបាន​បង្ខំកម្មករឱ្យដាក់ពាក្យសុំច្បាប់ឈប់សម្រាកដោយគ្មានប្រាក់ឈ្នួល រៀងរាល់ថ្ងៃសៅរ៍​ នៅក្នុង​ខែធ្នូ​ ឆ្នាំ​២០២២។

លិខិត​ដដែល​នេះបានឱ្យដឹង​ថា កាល​ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ តំណាងរោងចក្រ បូវឃើរ កោះប្រជុំជាមួយតំណាងកម្មករ និងថ្នាក់ដឹកនាំសហជីព ហើយប្រកាសថា ក្រុម​ហ៊ុនគ្មានសម្ភារធ្វើ និង​បានបង្ខំឱ្យកម្មករទាំងអស់ប្រើប្រាស់ច្បាប់ឈប់សម្រាកដោយគ្មានប្រាក់ឈ្នួល ប៉ុន្តែភាគីកម្មករមិនព្រម។

លើសពីនេះ ខាងរោងចក្របានបង្ខំឱ្យប្រធានក្រុមតាមផ្នែកនីមួយៗ និង​សហជីព បង្ខំទៅកម្មករឱ្យទទួលយកសំណើរបស់ក្រុមហ៊ុន ដោយឱ្យកម្មករផ្តិតមេដៃតាមការបង្ខំរបស់រោងចក្រ ខណៈកម្មករផ្នែកខ្លះត្រូវបានតម្រូវឱ្យធ្វើការងារថែមម៉ោងវេនយប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ដែលករណីនេះ ​សហជីពចាត់ទុកថាជារឿងអយុត្តិធម៌មួយសម្រាប់កម្មករផ្សេងៗទៀត ដែលអត់មាន​ការ​ងារ​ធ្វើ។

ក្នុងលិខិតនោះ ក្រុមសហជីពបានស្នើដល់អ្នកបញ្ជាទិញ Adidas ជំរុញ និង​ដាក់សម្ពាធទៅលើក្រុមហ៊ុន បូវឃើរ ត្រូវអនុវត្តច្បាប់ស្តីពីការងារឱ្យបានត្រឹមត្រូវ ពោល​គឺឱ្យកម្មករឈប់សម្រាកដោយមានប្រាក់ឈ្នួល​ត្រឹមត្រូវ ក្នុងករណីរោងចក្រអត់ការ​ងារ​ឱ្យក​ម្មករ​ធ្វើការ​ពិត​ប្រាកដ​មែន។

បើតាមតំណាងកម្មករ​ លោក ឆន ចាន់ រោងចក្រ បូវឃើរ ជារោងចក្រកាត់ដេរសម្លៀកបំពាក់មានកម្មករជាង ៤ ៣០០​នាក់បម្រើកា​រ​ងារ និងមានថៅកែជាជនជាតិហុងកុង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ