ចិនធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់ជាថ្មីទៀត

FILE PHOTO: Aircraft carriers and airplane are seen in front of Chinese and Taiwanese flags in this illustration, August 6, 2022. REUTERS/Dado Ruvic/Illustration/File Photo

យោធាចិនបាន​និយាយ​ថា ខ្លួន​បាន​ធ្វើ​សមយុទ្ធ​យោធា​ជុំវិញ​​កោះតៃវ៉ា​ន់​ កាល​ពី​ថ្ងៃ​អាទិត្យ ដែល​ជា​សមយុទ្ធលើកទី២ ក្នុងរយៈពេលតិចជាងមួយខែ ដោយ​ក្រសួងការពារជាតិតៃវ៉ាន់បានរាយ​ការណ៍​ថា ខ្លួន​បាន​ឃើញ​យន្ត​ហោះ​ចម្បាំងចិនចំនួន៥៧​គ្រឿង។ នេះបើយោងតាមការចេញផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នេះ។

ប្រទេសចិន ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ទឹកដី​របស់​ខ្លួន ហើយ​បាន​និង​កំពុងបង្កើនសម្ពាធផ្នែកយោធា នយោបាយ និងសេដ្ឋកិច្ច ដើម្បីអះអាងពីការទាមទារទាំងនោះ។

បញ្ជាការ​ភាគ​ខាង​កើត​នៃ​កង​ទ័ព​រំដោះ​ប្រជាជនចិន បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍មួយ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ថា កង​កម្លាំងរបស់ខ្លួនបានរៀបចំ «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា និង​សមយុទ្ធប្រយុទ្ធជាក់ស្តែង» នៅក្នុងសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន់ ដោយផ្តោត​លើ​​ការ​វាយ​ប្រហារ​តាម​ផ្លូវ​គោក និងផ្លូវទឹក [សមុទ្រ]។

ប្រភពដដែល​​បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ខ្លី​មួយ​​របស់ខ្លួន​​ថា គោលបំណងនៃ​សមយុទ្ធ​នេះ គឺ​ដើម្បីសាកល្បង​សមត្ថភាព​ប្រយុទ្ធ​រួម​គ្នា និង «ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្ម​ភាព​បង្កហេ​តុរបស់កងកម្លាំងខាងក្រៅ និងកងកម្លាំងផ្តាច់ខ្លួនឯករាជ្យតៃវ៉ាន់»។

ក្រសួងការពារជាតិតៃវ៉ាន់ បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ក្នុង​រយៈ​ពេល២៤​ម៉ោង ខ្លួន​បានឃើញ​យន្ត​ហោះ​ចម្បាំង​ចិន​ចំនួន៥៧​គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន៤គ្រឿង ដែលកំពុង​ប្រតិបត្តិការជុំវិញកោះនេះ ក្នុងនោះយន្តហោះចំនួន២៨គ្រឿង ដែល​បាន​ហោះ​ចូល​​ទៅក្នុង​តំបន់ការពារដែនអាកាសរបស់តៃវ៉ាន់។

យោងតាមផែនទីពីក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹង​ថា ក្នុងចំណោមយន្តហោះចម្បាំងទាំង​នោះ មាន២៨​គ្រឿងបាន​ឆ្លង​កាត់​ខ្សែ​បន្ទាត់​មធ្យម​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​ជា​តំបន់ទ្រនាប់​មិន​ផ្លូវ​ការ​រវាង​ភាគី​ទាំង​ពីរ រួមទាំងយន្តហោះចម្បាំង Su-30 និង J-16 ខណៈយន្តហោះទម្លាក់គ្រាប់​បែក H-6 ដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែរ ចំនួន២គ្រឿង បា​ន​ហោះ​ទៅ​កាន់ភាគ​ខាង​ត្បូង​នៃ​កោះ​តៃវ៉ាន់។

ប្រទេសចិនបានធ្វើសមយុទ្ធស្រដៀងគ្នានេះកាល​ពី​ចុង​ខែ​មុន ដោយ​តៃវ៉ាន់​បាន​រាយ​ការណ៍ថា​ យន្តហោះចម្បាំងរបស់ចិនចំនួន៤៣​គ្រឿងបាន​ឆ្លង​កាត់​ខ្សែ​បន្ទាត់​មធ្យមរបស់តៃវ៉ាន់។

ប្រទេសចិន បាននិងកំពុងធ្វើសមយុទ្ធយោធាជារឿយៗទៅក្នុង​ដែន​ទឹក និង​អាកាស​ នៅ​ជិតកោះ​តៃវ៉ាន់ ​ក្នុង​រយៈ​ពេល​៣ឆ្នាំកន្លងមកនេះ។

ចិន​បាន​​ធ្វើ​សមយុទ្ធយោធា​ជុំវិញ​កោះ​តៃវ៉ាន់ ​កាល​ពី​ខែ​សីហា​ ឆ្នាំ​មុន ​បន្ទាប់​ពីដំណើរទស្សនកិច្ច​របស់ប្រធានសភាអាមេរិកលោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi)

តៃវ៉ាន់​ បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​ទាមទារ​អធិបតេយ្យភាព​របស់​ទីក្រុង​ប៉េកាំង ដោយ​​និយាយ​​ថា ​មា​ន​​តែ​​ប្រជាជនចំនួន២៣​លាន​នាក់​របស់​កោះ​នេះ​ប៉ុណ្ណោះ​ដែល​​អាច​សម្រេច​​អនាគត​របស់​ពួកគេបាន។

ទីក្រុងប៉េកាំង មានការខឹងសម្បាចំពោះការគាំទ្ររបស់អាមេរិកចំពោះតៃវ៉ាន់ រួម​ទាំង​ការ​លក់អាវុធ​ឱ្យ​​ប្រទេស​ដែន​កោះ​នេះ​ផង​ដែរ។

សហរដ្ឋអាមេរិក ក៏ដូចប្រទេសជាច្រើនផ្សេងទៀត មិនមាន​ទំនាក់​ទំនង​ការ​ទូត​ផ្លូវ​ការ​ជាមួយកោះ​តៃវ៉ាន់​ទេ ប៉ុន្តែ​ជាប្រទេសផ្គត់ផ្គង់សព្វាវុធដ៏សំខាន់បំផុតរបស់ដែនកោះនេះ និងជាអ្នកគាំទ្រ​នៅលើឆាកអន្តរជាតិ។

ក្នុងរ​យៈពេ​ល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំង បានបង្កើនសម្ពាធទៅលើរដ្ឋាភិបាលកោះតៃវ៉ាន់ ដើម្បីឱ្យរដ្ឋាភិបាលនៃដែនកោះមួយនេះទទួលយកអំណាចរបស់ទីក្រុងប៉េកាំង។ ចំណែក​រដ្ឋាភិបាលកោះតៃវ៉ាន់វិញ តែងលើកឡើងថា ពួកគេចង់បានសន្តិភាពជាមួយប្រទេសចិន ប៉ុន្តែប្រសិនបើចិនវាយប្រហារមកលើកោះនេះ ពួកគេនឹងការពារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ