រុស្ស៊ី និងអ៊ុយក្រែន ដោះដូរឈ្លើយសឹកចំនួន៥០នាក់បន្ថែមទៀត

ទាហានមកពីកងវរសេនាតូចអន្តរជាតិ Carpathian Sich ធ្វើសមយុទ្ធនៅជិតសមរភូមិមុខ ខណៈដែលការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត នៅជិត Kreminna ប្រទេសអ៊ុយក្រែន ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។ (REUTERS/Clodagh Kilcoyne REFILE)

រុស្ស៊ី និងអ៊ុយក្រែន បានដោះដូរឈ្លើយសឹកចំនួន៥០នាក់ កាល​ពី​ថ្ងៃ​អាទិត្យ តាម​កិច្ច​ព្រមព្រៀង​​មួយ​ដែល​ភាគី​ទាំង​ពីរ​សាទរ ទោះ​បី​ជា​មាន​ការ​ប្រយុទ្ធគ្នានៅភាគខាងកើត​អ៊ុយ​ក្រែន​ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣​នេះ។

ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹង​​ថា ទាហានរុស្ស៊ីចំនួន៥០នាក់ដែល​ត្រូវ​បាន​​ដោះ​លែងមក​វិញ​ នឹងត្រូវបញ្ជូនតាមយន្តហោះទៅកាន់ទីក្រុងមូស្គូ ដើម្បីទទួលការព្យាបាល និងការស្តារនីតិសម្បទាផ្លូវចិត្តឡើងវិញ។

ក្រសួងនេះបានលើកឡើង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នៅថ្ងៃទី៨ ខែមករា ជាលទ្ធផលនៃការចរចា ទាហាន​រុស្ស៊ីចំ​នួន៥០​នាក់ដែលស្ថិតក្នុងគ្រោះថ្នាក់ដល់ជីវិតក្នុងអំឡុពេលចាប់ជាឈ្លើយសឹក ត្រូវបាន​ដោះ​លែង​ដោយរប​បទីក្រុងកៀវ»។

អ៊ុយក្រែន​ បាន​បញ្ជាក់​ថា ពិត​ជា​មានការដោះដូរឈ្លើយសឹកពិតមែន ហើយ​បាន​និយាយ​ថារុស្ស៊ី​បាន​​ដោះលែង​​ទាហាន​​អ៊ុយ​ក្រែន​​ចំនួន៥០​នាក់ តាម​កិច្ច​ព្រម​ព្រៀង​ដូច​គ្នានេះ។

លោក​ អ៊ែនឌ្រី យឺម៉ាក់ (Andriy Yermak) ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានលើកឡើង​នៅលើបណ្តាញសង្គម​ Twitter ថា៖ «ជោគជ័យមួយទៀតក្នុងការដោះដូរឈ្លើយសឹក។ ទាហានអ៊ុយក្រែនចំនួន៥០​នាក់ ត្រូវបានដោះលែង»។

លោកបន្តថា៖ «យើង​ត្រូវយក​ប្រជាជនរបស់យើងទាំងអស់ត្រលប់មកវិញ ហើយ​យើងកំពុងធ្វើកិច្ចការនេះយ៉ា​សកម្ម»។

លោក Yermak បានបង្ហោះរូបភាពនៃទាហានអ៊ុយក្រែន​ដែលត្រូវបានដោះលែង ដោយកាន់ថង់អាហារ​នៅជិ​ត​រថយន្តក្រុងដែលពួកគេហៀបនឹង​ឡើង​ជិះ និង​វីដេអូ​ដែល​ពួកគេច្រៀងភ្លេងជាតិអ៊ុយក្រែន​នៅពេលកំពុងធ្វើដំណើរ។

គួរបញ្ជាក់ថា កន្លងមក ប្រទេសទាំងពីរក៏ធ្លាប់បានដោះដូរឈ្លើយសឹកដែរ ហើយការដោះដូរដ៏ធំផុតចាប់តាំងពីសង្គ្រាមផ្ទុះ​ឡើងនោះ គឺកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ដែលមានការដោះដូរ​ឈ្លើយសឹករហូតដល់២១៥នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ