អ៊ុយក្រែន​បដិសេធ​ការអះអាង​របស់​រុស្ស៊ី​ដែលថា​បាន​សម្លាប់​ទាហាន​អ៊ុយក្រែន​ជាង៦០០នាក់

ផ្សែងហុយចេញពីអគារបាក់បែកក្រោមការវាយប្រហាររបស់រុស្ស៊ី អំឡុងពេលបទឈប់បាញ់រយៈពេល៣៦ម៉ោង ដែលប្រកាសដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ខណៈដែលការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត ពីតំបន់ជួរមុខ Donbas នៃទីក្រុង Bakhmut ប្រទេសអ៊ុយក្រែន ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣។ (REUTERS /Clodagh Kilcoyne)

អ៊ុយក្រែ​ន​ បាន​បដិសេធការ​អះអាង​របស់​រុស្ស៊ី ដែ​ល​ថាយោធារបស់ខ្លួនបានវាយប្រហារលើមូល​ដ្ឋានទ័ពអ៊ុយក្រែន នៅក្នុងតំបន់ដុនបាស (Donbas) និងបានសម្លាប់ទាហានអ៊ុយក្រែនជាង៦០០នាក់ និង​ថា​មិនមានអ្នករងរបួសនៅក្នុងការវាយប្រហារនោះឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Al Jazeera កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។

ក្រសួងការពារជាតិរុស្ស៊ី បាន​និយាយ​ថា មីស៊ីល​បាន​វាយ​ប្រហារ​មូល​ដ្ឋាន​ទ័ព​បណ្ដោះ​អាសន្នចំនួន​២ ដែល​មាន​ទាហាន​អ៊ុយក្រែន​ចំនួន១ ៣០០​នាក់ នៅទីក្រុងក្រាម៉ាតូស (Kramatorsk) ក្នុង​តំប​ន់​ដូណេតស៍ (Donetsk) ភាគខាងកើតអ៊ុយក្រែន។ ក្រសួងនេះបាននិយាយថា «ទាហាន​អ៊ុយក្រែនជាង ៦០០​នាក់ ត្រូវ​បាន​សម្លាប់» នៅ​ក្នុង​ប្រតិបត្តិការ​ដែល​ខ្លួន​ហៅ​ថា
 «ជា​ការ​វាយ​ប្រហារ​សង​សឹក» លើទាហានអ៊ុយក្រែន។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី​ លោក អ៊ីហ្គ័រ កូណាស្សេនកូវ (Igor Konashenkov) បាននិយាយ​ថា ការវាយប្រហារនេះត្រូវបានធ្វើឡើងជាការសងសឹក បន្ទាប់ពីអ៊ុយក្រែនបានសម្លាប់​ទាហាន​រុស្ស៊ីរា​ប់​សិប​នាក់នៅក្នុងការវាយប្រហារមួយលើទីក្រុងម៉ាគីវ៉ា (Makiivka) កាលពីសប្តាហ៍​មុន។

ពាក់ព័ន្ធនឹង​ករណី​នេះ មន្ត្រី​អ៊ុយក្រែន​បាន​បដិសេធ​ថា ​មិន​មាន​អ្នក​រង​របួស​ក្នុង​ការ​វាយ​ប្រហារ​​របស់​រុស្ស៊ី​លើ​​ក្រុង​ក្រាម៉ាតូស (Kramatorsk) ទេ។

លោក សឺហ៊ី ចេរេវ៉ាត់យី (Serhiy Cherevaty) អ្នកនាំពាក្យរបស់កងកម្លាំងអ៊ុយក្រែននៅភាគខាង​កើត បាន​និយាយ​ថា ការ​វាយ​ប្រហារ​របស់​រុស្ស៊ីលើទីក្រុងក្រាម៉ាតូស (Kramatorsk) បានបំផ្លាញតែហេដ្ឋារចនាសម្ពន្ធស៊ីវិលប៉ុណ្ណោះ។

លោកបន្ថែមថា៖ «កងកម្លាំងរបស់អ៊ុយក្រែនមិនរងផលប៉ះពាល់ឡើយ»។

ប្រធានរដ្ឋបាល​តំបន់​ដូណេតស៍ (Donetsk) លោក ប៉ាវឡូ គីរីលេនកូ (Pavlo Kyrylenko) បាននិយាយកាលពីថ្ងៃអាទិត្យថា កងទ័ពរុស្សីបានបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតចំនួន ៧លើក​ លើទី​ក្រុង​ក្រាម៉ាតូស (Kramatorsk) ដោយបន្ថែមថា «គ្រឹះស្ថានសិក្សា ទីកន្លែងឧស្សាហកម្ម និងយានដ្ឋាន» ត្រូវបានបំផ្លាញ ហើយមិនមានអ្នករងរបួសនោះទេ។

អ្នករាយការណ៍ព័ត៌មានពីទីភ្នាក់ងារសារព័ត៌មាន Reuters បានទៅមើលអន្តេវាសិកដ្ឋានមហាវិទ្យា​ល័យ​ចំនួន២ ដែលក្រសួងការពារជាតិរុស្ស៊ី អះ​អាង​ថា ជាមូលដ្ឋាន​ទ័ព​អ៊ុយ​ក្រែន​បណ្តោះអាសន្ន។

ពួក​គេ​​បា​ន​​និយាយ​​ថា មិន​មានការ​ខូច​ខាត​ធ្ងន់ធ្ងរ​ពីការវាយប្រហារនោះទេ។ គ្មាន​សញ្ញា​ច្បាស់​លាស់​​ណា​មួយ​​ដែល​​ថា ​កងទ័ព​អ៊ុយ​ក្រែន​ស្នាក់​នៅ​​ទីនោះ​ឡើយ ហើយ​​ក៏មិនបានឃើញ​សាក​សព ឬ​​ស្នាម​ប្រលាក់​​ឈាម​ឡើយ​។

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គិតរហូតមកដល់ពេលនេះ បានឈានចូលមកដល់ខែទី​១០ហើយ ដែល​បាន​បង្ក​ឱ្យ​ជន​ស៊ីវិល​រាប់​ពាន់​នាក់បានស្លាប់បាត់បង់ជីវិត និងតំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក ខណៈលោក ហ្សេលេនស្គី ក៏ធ្លាប់បានចោទ​ប្រទេស​រុស្ស៊ីថា​កំពុង​តែព្យាយាម​កម្ចាត់ប្រទេសរបស់លោកចេញពីពិភពលោកផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ