ថៅកែរោងចក្រអ៊ីស្តក្រោន ទទួលយកថ្នាក់ដឹកនាំសហជីព៩នាក់ចូលធ្វើការវិញ ក្រោយកម្មករប្ដឹងទៅភាគីពាក់ព័ន្ធ

ច្រកចូលរោងចក្រ អ៊ីស្តក្រោន ហ៊្វូតវែរ អ៊ិនដាសស្ទ្រី ឯ.ក (EASTCROWN FOOTWEAR INDUSTRY CO,.LTD) ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមាន​ជ័យ រាជធានីភ្នំពេញ។(Independent Trade Union Confederation)

កម្មករឱ្យដឹងថា ថៅកែ​រោងចក្រ អ៊ីស្តក្រោន ហ៊្វូតវែរ អ៊ិនដាសស្ទ្រី ឯ.ក (EASTCROWN FOOTWEAR INDUSTRY CO,.LTD) បានទទួលយកថ្នាក់ដឹកនាំសហជីព ៩នាក់ ឱ្យចូល​ធ្វើការ​ងារ​វិញនៅសប្តាហ៍នេះ ក្រោយពួកគេប្តឹងទៅភាគីពាក់ព័ន្ធឱ្យជួយដោះស្រាយ ករណីថៅកែរោងចក្រនេះ​បញ្ចប់កិច្ចការងារដោយមិនត្រឹមត្រូវតាមច្បាប់។

កម្មករ-កម្មការិនីចំនួន​ ៩​នាក់ ដែលជាថ្នាក់ដឹកនាំសហជីពឯករាជ្យប្រចាំ​រោង​ចក្រ​ អ៊ីស្ត​ក្រោន ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែក្រោម ខណ្ឌ​មាន​​ជ័យ រាជធានីភ្នំពេញ ត្រូវបាន​ថៅកែចេញ​​លិខិត​​​បញ្ចប់​​កិច្ចស​ន្យាកា​រ​ងារ ក្រោយ​​កម្មករ​ទាំង​នោះនាំ​គ្នា​បង្កើត​​​សហជីព​មួយ​​ឈ្មោះ​ «សហជីពឯករាជ្យ» នៅ​ក្នុង​រោង​ចក្រ ដើម្បីជួយ​តស៊ូ​មតិ និង​ការពារ​​សិទ្ធិ​​ជូន​​កម្មករ ប៉ុន្តែត្រូវបានក្រុមកម្មករប្ដឹងករណីនេះ ទៅ​ក្រសួង​ការងារ និងក្រុមហ៊ុនបញ្ជាទិញឱ្យជួយអន្តរាគមន៍ឱ្យពួកគេចូលធ្វើការងារវិញ។

កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ថៅកែរោង​ចក្រ​ អ៊ីស្ត​ក្រោន បានចេញសេចក្តីជូនដំណឹងមួយឱ្យតំណាង​កម្មករ និង​ជាថ្នាក់​ដឹក​នាំ​សហជីព​ឯករា​ជ្យចំនួន ៩នាក់ ប្រចាំរោងចក្រនេះ រួមមាន អ្នក​ស្រី អៀម សំបាត់, អ្នកស្រី អាន យូសា, អ្នកស្រី ហ៊ន ស្រីនាង, លោក សួង សារិន, លោក សារ៉េត ថារ៉ីម, លោក ម៉ាត់ វី, លោក ឌួង តុលា, អ្នកស្រី ដួង សុខណា និង​អ្នក​ស្រី ដួង សុក​ណាង ឱ្យចូល​ធ្វើការងារ​នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។

ស្ថាបនិកសហជីពឯករាជ្យប្រចាំរោងចក្រ​​ អ៊ីស្តក្រោន លោក ឌួង តុលា បញ្ជាក់ប្រាប់វីអូឌីថ្ងៃពុធនេះថា តំណាងកម្មករ និងថ្នាក់ដឹកនាំសហជីពទាំង៩នាក់នោះ ទើបតែចូលធ្វើការងារពេញលេញនៅថ្ងៃទី១០​ ខែមករានេះទេ ដោយ​សារ​ជាប់​រវល់​ធ្វើឯកសារ​ផ្សេងៗតាមតម្រូវការរបស់ក្រុមហ៊ុន។

យ៉ាងណា វីអូឌី មិនអាចសុំការបញ្ជាក់ពីប្រធានផ្នែកធនធានមនុស្ស នៃរោងចក្រ​អ៊ីស្តក្រោន លោក វ៉ា អ៊ីហុង បានទេ ពាក់ព័ន្ធករណីនេះ។

ប្រធានសហព័ន្ធសហជីព​​ឯករាជ្យ លោក រី សិទ្ធីណែត ធ្លាប់បាន​ចាត់ទុក​ករណីវិវាទការងារនៅរោង​ចក្រ អ៊ីស្ត​ក្រោន​ នេះ​ថា ជាការ​រើសអើង​សហជីព ដោយលោកថា មុនបញ្ចប់កិច្ចសន្យាការងារកម្មករ គឺភាគីរោងចក្របានហៅកម្មករទាំង ៩នាក់ ទៅប្រាប់ឱ្យលាឈប់ពីសហជីព ដើម្បីទទួលបាន​ការបន្តកិច្ចសន្យាការងារឡើងវិញ ហើយរដ្ឋបាលរោងចក្រក៏ធ្លាប់ផ្ញើសារទៅកម្មករថាពុំមានការបញ្ចប់កិច្ចសន្យាការ​ងារ​ផង​ដែរ។

បើតាមលោក រី សិទ្ធីណែត កន្លងមក សហជីពរបស់លោកបានប្តឹងករណីនេះទៅក្រសួងការងារ និងក្រុមហ៊ុនបញ្ជាទិញម៉ាកភូម៉ា (PUMA) ហើយក្រសួងការងារបានកោះហៅភាគីជម្លោះទៅផ្សះផ្សា​ជាច្រើនលើកច្រើនសា ប៉ុន្តែមិនមានដំណោះស្រាយនោះទេ និងបានឱ្យភាគីមិនពេញ​ចិត្ត​ប្តឹង​ទៅ​តុលាការ​បន្ត​ផង​ដែរ។

ចំណែក​តំណាង​ក្រុម​ហ៊ុន​បញ្ជា​ទិញ​ម៉ាក​ភូម៉ា (PUMA) បានប្រាប់វីអូឌីតាមរយៈប្រព័ន្ធអេឡេចត្រូនិចអ៊ីម៉ែលកាលពីថ្ងៃទី២៥ ខែតុលា​​ ថា ក្រុមហ៊ុន​មួយ​នេះបេ្តជ្ញាការពារសិទ្ធិកម្មករក្នុងការបង្កើត​សហជីព ហើយ​មិន​អត់ឱនចំពោះការរំលោភបំពានលើសេរីភាព​សហជីព​ឡើយ។

បើតាម​​កម្មករ​ រោង​ចក្ រ​អ៊ីស្តក្រោន ហ៊្វូតវែរ អ៊ិនដាសស្ទ្រី ឯ.ក (EASTCROWN FOOTWEAR INDUSTRY CO,.LTD) មានកម្មករប្រមាណ៣ ០០០នាក់ កំពុងបម្រើការងារ ដែលមានថៅកែជាជនជាតិចិន និងជារោងចក្រផលិតស្បែកជើងម៉ាក ភូម៉ា (PUMA)

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ