ទ្រព្យសម្បត្តិគ្រួសារមេដឹកនាំយោធាមីយ៉ាន់ម៉ា ត្រូវបានរកឃើញនៅក្នុងការឆ្មក់ចូលឆែកឆេរមួយកន្លែងក្នុងប្រទេសថៃ

ប្រមុខរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតក្នុងរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ធ្វើជាអធិបតីក្នុងក្បួនដង្ហែកងទ័ព នៅថ្ងៃទិវាកងកម្លាំងប្រដាប់អាវុធ ក្នុងទីក្រុង Naypyitaw ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។ (REUTERS/Stringer/)

មន្ត្រីថៃ​បានរកឃើញទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់កូ​ន​មេដឹកនាំ​របប​យោធាមីយ៉ាន់​ម៉ា អំឡុង​ពេល​ឆ្មក់​ចូល​ឆែកឆេរអាផាតមិន (Apartment) មួយ​កន្លែង​របស់​មហា​សេដ្ឋី​មីយ៉ាន់ម៉ាម្នាក់​នៅទីក្រុង​បាង​កក ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ពីបទជួញដូរគ្រឿងញៀន និង​លាង​លុយកខ្វក់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។

បណ្ណកម្មសិទ្ធិ និងសៀវភៅ​ធនាគារ​​ដែលជាកម្មសិទ្ធិរបស់កូនស្រី និងកូនប្រុសរបស់លោក មីន អ៊ុង​ឡាំង (Min Aung Hlaing) ដែលជាមេដឹកនាំយោធាមីយ៉ាន់ម៉ា ត្រូវបានរកឃើញនៅគេហដ្ឋានរបស់​លោក ទុន មីន​ឡាត់ (Tun Min Latt) អាយុ៥៣​ឆ្នាំ នៅពេលដែលលោកត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃកាលពីខែកញ្ញា ឆ្នាំមុន រួម​ជាមួយនឹង​ជនជាតិ​ថៃចំនួន៣​នាក់ ដោយចោទ​ប្រកាន់​ពីបទ​ «សមគំនិតក្នុងការជួញដូរគ្រឿងញៀន និងការលាងលុយកខ្វក់»។

លោក ទុន មីនឡាត់ មាន​ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក មីន អ៊ុង​​ឡាំង (Min Aung Hlaing) ដែលបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១។ នេះបើយោងតាមប្រភពចំនួន៣ ដែល​ដឹង​អំពី​បញ្ហានេះបាន​ប្រាប់ Reuters កាល​ពីឆ្នាំមុន។

ប្រភពដដែលបន្តថា លោក ទុន មីនឡាត់ បានផ្គត់ផ្គង់ដល់​របប​យោធាមីយ៉ាន់ម៉ា។ លោក ទុន មីនឡាត់ (Tun Min Latt) កំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន ខណៈមេធាវី​របស់​លោក​មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​បាន​ទេ។

ទោះយ៉ាងណា កូនទាំង២នាក់​របស់​លោក មីន អ៊ុងឡាំង (Min Aung Hlaing) ពុំប្រឈមនឹងការចាត់វិធានការផ្លូវច្បាប់ឡើយ ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិទាំងនោះ។ អាជ្ញាធរ​ថៃ​ចាត់​ទុកថា ​ពួកគេ​មិន​ពាក់ព័ន្ធ​នឹង​ការស៊ើបអង្កេត ចំពោះករណីលោក ទុន មីនឡាត់ ឡើយ។

កូនប្រុសរបស់លោក មីន អ៊ុងឡាំង ឈ្មោះ អ៊ុង យ៉េស៊ុន (Aung Pyae Sone) និងកូនស្រីឈ្មោះ ឃីនធីរីថេតម៉ុន (Khin Thiri Thet Mon) ដែលបានរងទណ្ឌកម្មពីសហរដ្ឋអាមេរិក និងកាណាដា មិនបានឆ្លើយតបទៅនឹងសំណើសុំការអធិប្បាយពី Reuters ឡើយ។

សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា​ ពួកគេ [អ៊ុង យ៉េស៊ុន និង ឃីន ធីរីថេតម៉ុន] ​មាន​អាជីវកម្ម​ដែល «ទទួល​បាន​ផលប្រយោជន៍ដោយ​ផ្ទាល់​ពី​តួនាទី​ និង​ឥទ្ធិពល​របស់ឪពុក»។

អ្នកនាំពាក្យអង្គការយុត្តិធម៌សម្រាប់មីយ៉ាន់ម៉ា (Justice for Myanmar) បាននិយាយថា ការស៊ើបអង្កេតក៏បានរកឃើញផងដែរថា គ្រួសាររបស់លោក មីន អ៊ុងឡាំង កំពុងលាក់ទ្រព្យសម្បត្តិនៅក្នុងប្រទេសថៃ ហើយបានជំរុញឱ្យរដ្ឋាភិបាលថៃ ចាត់វិធានការជាបន្ទាន់ ដើម្បីកុំឱ្យថៃក្លាយជាឋានសួគ៌សម្រាប់ឧក្រិដ្ឋជនសង្គ្រាមមីយ៉ាន់ម៉ា ដោយ​រារាំងរបបយោធាមីយ៉ាន់ម៉ា និងសមាជិករបស់ខ្លួនកុំឱ្យប្រើប្រាស់សេវាធនាគាររបស់ថៃ កុំឱ្យទទួលបានទ្រព្យសម្បត្តិនៅក្នុងប្រទេសថៃ និងបង្កកទ្រព្យសម្បត្តិដែលត្រូវបានលួច ហើយដែលជាកម្មសិទ្ធិរបស់ប្រជាជនមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា ក្នុងអំឡុងពេលឆ្មក់ចូលឆែកឆេរកាលពីខែកញ្ញា​ នៅអាផាតមិនរបស់លោក ទុន មីនឡាត់ ក្នុងទីក្រុងបាងកក សមត្ថកិច្ចបាននិយាយថា ពួកគេបានរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃ ៨,៩៦​លានដុល្លារ រួមទាំងរថយន្តទំនើប នាឡិកា និងកាបូបដែលមានតម្លៃថ្លៃ រួមជាមួយនឹងទឹកប្រាក់ចំនួន២៣៩ ០៩១ដុល្លារផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ