ការប្រើច្បាប់គំរាមសិទ្ធិបញ្ចេញមតិនឹងធ្វើឱ្យរដ្ឋាភិបាលថ្មីក្រោយបោះឆ្នោតខ្វះគុណតម្លៃ

លោក អំ សំអាត នាយកកិច្ចការទូទៅ​អង្គការលីកាដូ ក្នុងថ្ងៃចូលបំភ្លឺនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងរឿងបង្ហោះគាំទ្របទចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។ (ហ៊ាន រង្សី)

អ្នកឃ្លាំមើលសង្គមលើកឡើងថា វិធានការលើក្រុមអង្គការសង្គមស៊ីវិល និងអ្នកនយោបាយជំទាស់ថ្មីៗនេះ ជា​​កា​​រ​វិវត្តនយោបាយគួរឱ្យព្រួយបារម្ភបន្ថែមទៀតដល់ទំនុកចិត្តនៃការបោះឆ្នោត ដែលនឹងជំរុញឱ្យជាតិខាតបង់ បើអាជ្ញាធររដ្ឋមិនប្តូរជម្រើស។

ការលើកឡើងនេះ ក្រោយពីក្រុមអង្គការសង្គមស៊ីវិលដែលសកម្មក្នុងការតស៊ូមតិជំរុញយុត្តិធម៌សង្គមមួយចំនួន បានបង្ខំចិត្តលុបបទចម្រៀង «ឈាមបាតុករ» ចេញពីបណ្ដាញសង្គម ក្រោយពីនគរបាលជាតិគំរាមចាត់វិធានការច្បាប់ បើទោះបីពួកគេអះអាងថា ការបង្ហោះបទចម្រៀងនេះជាសេរីភាពបញ្ចេញមតិ ដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិក្តី។

ដោយឡែក អតីតមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច ដែលទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀត គឺលោក គង់ គាំ បានប្រកាសប្រគល់ដីនិងផ្ទះជាកម្មសិទ្ធិដែលចូលកាន់កាប់តាំងពីអំឡុងឆ្នាំ១៩៩០មក ឱ្យទៅរដ្ឋាភិបាលវិញផងដែរ ក្រោយពីលោកនាយករដ្ឋមន្ត្រីព្រមានចាត់វិធានការច្បាប់ដើម្បីរឹបអូស ក្រោយពីលោក គង់ គាំ រិះគន់ប្រភពថ្ងៃ៧មករា ​ជាថ្ងៃដែលបក្សប្រជាជនឡើងកាន់អំណាច។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី កត់សម្គាល់ថា វិធានការនេះជាការរឹតត្បិតសេរីភាពក្រុ​​ម​អង្គការសង្គមស៊ីវិល និងសិទ្ធិនយោបាយ ដែលជាដំណើរវិវត្តន៍គួរឱ្យបារម្ភបន្ថែមទៀតលើអ្វីដែលបានបា​រម្ភច្រើនឆ្នាំមកនេះ ជុំវិញផលប៉ះពាល់ទូទៅនៃការបោះឆ្នោតខាងមុខ។

លោកថា៖ «ដូច្នេះ ខ្ញុំលើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធបន្ធូរបន្ថយបរិយាកាសនៃការចូលរួមរបស់ពលរដ្ឋផង អង្គការសង្គមស៊ីវិល និងសកម្មជននយោបាយ ក្នុងការប្រើប្រាស់សិទ្ធិរបស់ពួកគេ ពីព្រោះការចូលរួមដ៏ពេញលេញហ្នឹង រឹតតែធ្វើឱ្យលទ្ធផលបោះឆ្នោតហ្នឹងមានភាពល្អប្រសើរ ហើយរដ្ឋាភិបាលដែលជាប់ឆ្នោតហ្នឹងនឹងត្រូវបានទទួលស្គាល់។ ដូច្នេះ វាទាមទារឱ្យមានការបើកលំហសេរីភាពនៃការចូលរួមហ្នឹងគ្រប់ផ្នែកហ្នឹងឡើងវិញ»។

លោកគូសបញ្ជាក់ថា ការរំលេចព្រឹត្តិការណ៍បង្ក្រាបដោយហិង្សានៅផ្លូវវេងស្រេង ក្នុងបទចម្រៀង «ឈាមបាតុករ» នោះ ជាសិទ្ធិដែលពលរដ្ឋគ្រប់រូបត្រូវដឹង ហើយរដ្ឋាភិបាលមានកាតព្វកិច្ចស្វែងរកអ្នកដៃដល់ ដើម្បីផ្តល់យុត្តិធម៌ឱ្យជនរងគ្រោះ ដើម្បីបង្ហាញពីការទទួលខុសត្រូវ និងទប់ស្កាត់កុំឱ្យសោកនាដកម្មនេះ ​កើតឡើងជាថ្មីទៀត លើទឹកដីកម្ពុជាដែលអនុវត្តរបបប្រជាធិបតេយ្យសេរីពហុបក្ស ដែលលោកថាវិធានបិទខ្ទប់ជាទង្វើបំពានសិទ្ធិផ្ទុយនឹងច្បាប់។

លោកគូសបញ្ជាក់ថា សុចរិតភាពនៃយន្តការបោះឆ្នោតជារឿងចាំបាច់ ដើម្បីធានាថាកម្ពុជាដើរលើគន្លងប្រជាធិបតេយ្យបាន វាទាល់តែធានាថា រាល់ការបោះឆ្នោតជាក់លាក់តាមអាណត្តិ គឺត្រូវផ្តល់សិទ្ធិពេញលេញឱ្យប្រជាពលរដ្ឋ សង្គមស៊ីវិល ក្រុមអ្នកសារព័ត៌មាន និងក្រុមអ្នកនយោបាយនៅក្រៅរដ្ឋាភិបាល។

លោកយល់ថា ភាពរីកចម្រើនរបស់កម្ពុជា គឺការវិវឌ្ឍ​នយោយតាមគន្លងប្រជាធិបតេយ្យ ដែលភ្ជាប់នឹងគោលការណ៍លើកកម្ពស់សិទ្ធិមនុស្ស មិនមែនប្រើវិធានច្បាប់ដើម្បីបិទខ្ទប់សេរីភាពបញ្ចេញមតិនោះទេ ដែ​ល​ការណ៍នោះ វានឹងធ្វើឱ្យកម្ពុជាបាត់បង់ប្រយោជន៍ជាតិ។

លោកថា៖ «ការវិវឌ្ឍនយោបាយនៅកម្ពុជាផ្សាភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងផ្នែកវិនិយោគ។ បើសិនជាការបោះឆ្នោតរបស់យើងមិនត្រូវបានធានាទៅនឹងការសម្រេចចិត្តពិតប្រាកដទេ ហើយបរិយាកាស ប្រព័ន្ធយុត្តិធម៌ អំពើពុករលួយ នៅតែមានបញ្ហាធ្ងន់ធ្ងរនោះ នឹងធ្វើឱ្យវិនិយោគថមថយ ឬយើងមិនអាចមាន​សមត្ថភាពនៅក្នុងការទាក់ទាញវិនិយោគដែលរកស៊ីពិតប្រាកដ រកស៊ីទ្រង់ទ្រាយធំ ហើយបែបឧស្សាហកម្មធំៗចូលមកកម្ពុជាបានទេ។ អ៊ីចឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច»។

ស្ថានិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ សង្កេតឃើញប្រហាក់ប្រហែលនេះដែរ ដោយចាត់ទុកថា ការប្រើប្រព័ន្ធច្បាប់ដើម្បីយកប្រៀបលើទីលានប្រកួតរបស់គណបក្សកាន់អំណាច មិនមែនជារឿងថ្មីទេ បានកើតឡើងច្រើនឆ្នាំមកហើយ ដែលបញ្ហានេះ លោកគិតថា មកពីកម្សោយការទទួលខុសត្រូវរបស់ស្ថា​​ប័នជាតិ ខ្វះភាពជាតំណាងរបស់ពលរដ្ឋ។

លោកថា៖ «មធ្យោបាយតែមួយគត់របស់គណបក្សកាន់អំណាច នៅក្នុងការយកប្រៀបទៅលើគូប្រកួត ដោ​​​​​យសារតែ [] គាត់ជាម្ចាស់សម្រេចចិត្តលើប្រព័ន្ធតុលាការ ប្រព័ន្ធសំខាន់ៗនៅ​​ក្នុងរដ្ឋ។ អ៊ីចឹងហើយកាលណាសង្គមមួយមិនមានយុត្តិធម៌ពេញលេញ គេអាចប្រើប្រាស់ឥទ្ធិពលដែលគេ​មាន ឬអំណាចដែលគេមាន ដើម្បីយកប្រៀប»

យ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន លើកឡើងថា វិធានការច្បាប់តាមនីតិវិធីរបស់តុលាការ ជាវិធានតែមួយគត់ក្នុងសង្គមប្រជាធិបតេយ្យ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពនិងបទល្មើសទាំងឡាយណាដែលច្បាប់ចាត់ទុកថាជាបទល្មើស។

លោកថា«អ៊ីចឹងទេ វិធានការច្បាប់ក្នុងការឆ្លើយតបទៅនឹងសកម្មភាពដែលជាបទល្មើសហ្នឹង មិនមែនជាកា​​​​​ររឹ​តត្បិតសិទ្ធិ ឬក៏ធ្វើទុក្ខបុកម្នេញពាក់ព័ន្ធទៅនឹងការអនុវត្តសិទ្ធិនោះទេ។ ក៏ប៉ុន្តែវាជាវិធានការតែមួយគត់នៅ​​​​​ក្នុងសង្គមប្រជាធិបតេយ្យ នៅក្នុងការឆ្លើយតបទៅនឹងរាល់សកម្មភាពដែលច្បាប់ចាត់ទុកជាបទល្មើស»

បញ្ហានេះ អ្នកជំនាញនយោបាយ លោក ឯម សុវណ្ណរ៉ា កត់សម្គាល់ថា វិធានការលើក្រុមអង្គការសង្គមស៊ីវិល និងវិធានការលើមន្ត្រីបក្សប្រឆាំង ជាការព្រួយបារម្ភរបស់បក្សកាន់អំណាចពីការងើបឡើងនៃរលក​ប្រជាធិបតេយ្យ ដោយថា សន្ទុះគាំទ្រការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សក្រៅរដ្ឋាភិបាល ថ្មីៗនេះ អាចជាការព្រួយបារម្ភដល់ផែនការស្នងតំណែងទៅមនុស្សជំនាន់ក្រោយរបស់បក្សនេះ។

លោកថា៖ «យុទ្ធសាស្ត្របច្ចុប្បន្ន ជាការដាក់បន្ទុក គំរាមកំហែង ធ្វើឱ្យប្រជាពលរដ្ឋភ័យ បាត់ការចូលរួម ហើ​យ​ធ្វើឱ្យបក្សប្រឆាំងថយសកម្មភាព។ អាហ្នឹងជាទម្រង់ចាស់តាំងពីមុនមក ដែលគេហៅថា បំបែកបំបាក់ គំរា​​មកំហែង ដែលគេយកមកប្រើច្រើន ហើយនៅតែបន្តប្រើ ដោយគេមើលឃើញថា ពលរដ្ឋកម្ពុជានៅតែអាចគំ​រាម​កំហែងបាន»។

យ៉ាងណា លោកយល់ថា បើរបត់នយោបាយនៅមុនការបោះឆ្នោត មិនបើកលំហប្រជាធិបតេយ្យ ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់សហគមន៍ជាតិ និងអន្តរជាតិទេ ក្រោយបោះឆ្នោត រដ្ឋាភិបាលថ្មីក៏មិនបំពេញកាតព្វកិច្ចដើម្បីឆ្លើយតបទៅនឹងកង្វល់ពលរដ្ឋច្រើនដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ