អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យដឹងថា ភរិយារបស់ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន បុរី វីអាយភី (VIP) ដែលមានវិវាទជាមួយអតិថិជន ត្រូវបានឃុំខ្លួនបណ្តោះអាសន្នក្នុងករណីចេញសែកស្អុយ។
យោងតាមសេចក្តីថ្លែងការណ៍របស់តុលាការ លោកស្រី ង៉ុយ រស់ អាយុ៤០ឆ្នាំ ជាភរិយារបស់លោក ហម រ៉ន ដែលជាម្ចាស់បុរី វីអាយភី (VIP) ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី២ (ព្រៃស) កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីមានដីកាចេញដោយចៅក្រម ទិត ដាលីន។
សេចក្តីថ្លែងការណ៍បានបន្ថែមថា លោកស្រីបានបំពានច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ក្នុងសំណុំរឿងចេញសែកស្អុយ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីអ្នកដែលចេញសែកស្អុយនោះឡើយ។
លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានប្រសាសន៍ថា លោកស្រី ង៉ុយ រស់ បានចេញសែកស្អុយចំនួន៣ ដែលមានទឹកប្រាក់ចំនួន ១៨០ ០០០ដុល្លារ ដើម្បីទូទាត់បំណុលទៅឱ្យម្ចាស់បំណុល។ តែយ៉ាងណា លោកមិនបានផ្ដល់ព័ត៌មានបន្ថែមអំពីករណីនេះទេ។
លោក ប្លង់ សុផល មានប្រសាសន៍ថា៖ «ចំពោះសំណុំរឿងនេះ ការិយាល័យព្រះរាជអាជ្ញាបានបើកការស៊ើបអង្កេតរួចហើយ ពីបទ “មិនបំពេញកាតព្វកិច្ចលើឧបករណ៍អាចជួញដូរបាន” ហើយលោកស្រីត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន»។
សេចក្តីថ្លែងការណ៍របស់តុលាការបានបន្ថែមថា លោកស្រី ង៉ុយ រស់ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ កោះហៅឱ្យបង្ហាញខ្លួន ប៉ុន្តែលោកស្រីមិនបានបង្ហាញខ្លួនតាមដីកាកោះឡើយ។
លោក ហម រ៉ន ជានាយកបុរី វីអាយភី (VIP) ដែលមានវិវាទជាមួយអតិថិជនមួយចំនួននៃគម្រោងអភិវឌ្ឍន៍លំនៅឋានក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ អតិថិជនអះអាងថា ពួកគាត់មិនបានទទួលបណ្ណកម្មសិទ្ធិ ក្រោយបានទិញផ្ទះ ដោយអះអាងថា ក្រុមហ៊ុនបានដាក់បញ្ចាំបណ្ណកម្មសិទ្ធិរបស់ពួកគាត់។
កាលពីឆ្នាំ២០២០ ប្តីប្រពន្ធទាំងពីរនេះបានបរិច្ចាគថវិកាចំនួន៣ ០០០ដុល្លារ ដល់កាកបាទកម្ពុជា៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Borey Owner’s Wife Arrested in Check Bouncing Case