ឧកញ៉ា សៀង ចាន់ហេង ព្រមប្រគល់ដីជាង៥០ហិកតាឱ្យប្អូនស្រីនាយករដ្ឋមន្ត្រី

ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោកស្រី ហ៊ុន​ ប៊ុនធឿន (ពាក់វ៉ែនតា)​ និងលោកស្រី ហៀវ​ លន់​ ជាមួយលោកស្រី សៀង​ ចាន់ហេង​ ចូលរួមនៅទីស្ដីការក្រសួង ឯកឧត្ដម​ ជា​ សុផារ៉ា​ ​ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ ចូលរួម​កិច្ចប្រជុំ​ស្តីពីការពិនិត្យករណីដីវិវាទ ក្រោមការសម្របសម្រួល និងដោះស្រាយដោយផ្ទាល់ពីលោក ជា សុផារ៉ា។ (ហ្វេសប៊ុក៖ Ministry of Land Management, Urban Planning and Construction Cambodia)

អគ្គនាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍ គឺលោកស្រី សៀង ចាន់ហេង បានប្រគល់ដីឱ្យឈ្មោះ ហ៊ុន ប៊ុនធឿន ដែលជាប្អូនស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ ក្រោយពីមានការសម្របសម្រួល និងដោះស្រាយដោយផ្ទាល់ពីលោក ជា សុផារ៉ា

យោងតាមកិច្ចព្រមព្រៀងបញ្ចប់វិវាទដីធ្លី ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៣ ខែមករា ដែលវីអូឌីទទួលបាននៅថ្ងៃពុធ លើកឡើងថា ជម្លោះដីធ្លីនៅស្រុកស្អាង ខេត្តកណ្ដាល រវាងលោកស្រី សៀង ចាន់ហេង និងលោកស្រី ហ៊ុន ប៊ុនធឿន ត្រូវបានបញ្ចប់ ក្រោយពីមានការសម្របសម្រួល និងដោះស្រាយដោយផ្ទាល់ពីលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

កិច្ចព្រមព្រៀងដដែលបញ្ជាក់ថា លោកស្រី សៀង ចាន់ហេង ដែលមានងារជាឧកញ៉ាផងនោះ យល់ព្រមប្រគល់ដីវិវាទទំហំ ៥០ហិកតា និង ៨អា ស្ថិតនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ជូនលោកស្រី ហ៊ុន ប៊ុនធឿន ដែលជាប្អូនស្រីបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ហៀវ លន់

បន្ថែមពីនេះ ភាគីទាំងពីរបានយល់ព្រមដកពាក្យបណ្ដឹងដែលបានដាក់នៅគ្រប់ស្ថាប័ន និងស្ថាប័នតុលាការ រួមទាំងសំណុំរឿងរក្សាការពារទាំងអស់យ៉ាងយូរពីរសប្ដាហ៍។

វីអូឌី មិនអាចសុំការបំភ្លឺបន្ថែមជុំវិញករណីនេះពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត និងលោក ឡោ ដាវុធ បានទេ នៅថ្ងៃពុធ។

កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតមួយដោយបានបញ្ជាក់ជូនទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងអភិបាលខេត្តកណ្តាល ថាស្ថាប័ននេះបានប្រគល់សមត្ថកិច្ចឱ្យស្នងការដ្ឋាននគរបោលខេត្តកណ្តាល នាំខ្លួនជនល្មើសឈ្មោះ សៀង ចាន់ហេង និងបក្ខពួក បញ្ជូនទៅតុលាការចាត់វិធានការតាមនីតិវិធីច្បាប់ និងផ្តន្ទាទោសដោយមិនលើកលែង ដោយសារតែបុគ្គលរូបនេះ និងគូកន បានប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

លិខិតដដែលបញ្ជាក់ថា រាជរដ្ឋាភិបាលយល់ព្រមអនុញ្ញាតឱ្យរដ្ឋបាលខេត្តកណ្តាល ប្រើប្រាស់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្ដាល ដែលមានឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ ជាម្ចាស់កម្មសិទ្ធិត្រឹមត្រូវតាមច្បាប់ និងចាត់ចែងប្រគល់ដីពាក់ព័ន្ធក្នុងគម្រោងផែនការសាងសង់ព្រលានយន្តហោះថ្មីរបស់រាជរដ្ឋាភិបាល ដើម្បីទទួលប្រាក់គោលនយោបាយ និងបិទបញ្ចប់ការសើរើករណីនេះផងដែរ។

ក្រោយមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១១ ខែមករា បានប្រកាស​លុបចោល ស.ជ.ណ ដែលចុះកាលពីថ្ងៃទី៥ ខែមករា វិញ។ ​

កាលពីខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយដោយកាត់ដីរដ្ឋទំហំ ២ ៦០០ហិកតា ដើម្បីសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីមួយ ដែលលាតសន្ធឹងលើឃុំចំនួន៤ រួមមាន ឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។

គម្រោងនេះត្រូវបានទទួលសិទ្ធិសាងសង់ដោយក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ហៅកាត់ថា អូស៊ីអាយស៊ី (OCIC) របស់ឧកញ៉ា ពុង ឃាវសែ និងលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) ដែលត្រូវចំណាយទឹកប្រាក់ជាងមួយពាន់លានដុល្លារ (១ ៥០០លានដុល្លារ) ហើយត្រូវបានព្យាករថានឹងសាងសង់រួចរាល់ក្នុងឆ្នាំ២០២៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ