ក្រុមហ៊ុន Meta បាននិយាយនៅថ្ងៃពុធម្សិលមិញថា ខ្លួននឹងបើកគណនី Facebook និង Instagram របស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងរយៈប៉ុន្មានសប្តាហ៍ខាងមុខនេះ បន្ទាប់ពីបិទអស់រយៈពេល ២ឆ្នាំ បន្ទាប់ពីកុបកម្មនៅវិមានកាពីតូល (Capitol Hill) កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះ។
ការបើកបណ្តាញសង្គមឱ្យដំណើរការឡើងវិញ អាចដល់នឹងផ្តល់ឱកាសឱ្យលោក Trump ក្នុងការបង្កើនប្រជាប្រិយភាពឡើងវិញ ដែលបានប្រកាសកាលពីខែវិច្ឆិកា ថាលោកនឹងឈរឈ្មោះសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤។ គណនី Facebook របស់លោកមានអ្នកតាមដាន (followers) ចំនួន ៣៤លាននាក់ និង Instagram ចំនួន ២៣លាននាក់ ដែលជាមធ្យោបាយសំខាន់សម្រាប់ការផ្សព្វផ្សាយគោលនយោបាយ និងការរៃអង្គាសប្រាក់។
គណនី Twitter របស់លោក Donald Trump ត្រូវបានបើកឱ្យដំណើរការឡើងវិញនៅក្នុងខែវិច្ឆិកា ដោយម្ចាស់ក្រុមហ៊ុន Twitter ថ្មី គឺលោក អេឡុន ម៉ាស (Elon Musk) បើទោះបីជាលោក Trump មិនទាន់បានបង្ហោះអ្វីក៏ដោយ។
ក្រុមហ៊ុន Meta បាននិយាយនៅក្នុងប្លក់ (blog) កាលពីថ្ងៃពុធថា ខ្លួនបានដាក់ចេញនូវគោលការណ៍ថ្មីមួយដើម្បីទប់ស្កាត់បទល្មើសដដែលៗ។
ពាក់ព័ន្ធនឹងករណីនេះ លោក និក ក្លេហ្គ (Nick Clegg) ប្រធានផ្នែកកិច្ចការសកលរបស់ក្រុមហ៊ុន Meta បានសរសេរនៅក្នុង blog ថា៖ «ក្នុងករណីដែលលោក Trump បង្ហោះមាតិកាដែលមានលក្ខណៈរំលោភបំពានតទៅទៀត មាតិកានោះនឹងត្រូវដកចេញ ហើយគណនីរបស់លោកនឹងត្រូវផ្អាកពី១ខែ ទៅ២ឆ្នាំ អាស្រ័យលើភាពធ្ងន់ធ្ងរនៃការរំលោភបំពាន»។
សេចក្តីសម្រេចនេះធ្វើឱ្យអ្នកតស៊ូមតិសិទ្ធិពលរដ្ឋរិះគន់ជាខ្លាំង។
លោកស្រី លូរ៉ា ម៉ភី (Laura Murphy) មេធាវីដឹកនាំការធ្វើសវនកម្មរយៈពេល២ឆ្នាំរបស់ Facebook ដែលបានបញ្ចប់ក្នុងឆ្នាំ២០២០ បាននិយាយថា៖ «Facebook មានគោលនយោបាយ ប៉ុន្តែមិនទាន់បានអនុវត្តឱ្យមានប្រសិទ្ធភាពនៅឡើយទេ។ ខ្ញុំបារម្ភអំពីសមត្ថភាពរបស់ Facebook ក្នុងការឈ្វេងយល់ពីគ្រោះថ្នាក់ពិតប្រាកដចំពោះពិភពលោក ប្រព្រឹត្តដោយលោក Trump។ Facebook ចាត់វិធានការមិនបានទាន់ពេលឡើយ»។
សម្ពន្ធប្រឆាំងការបរិហារកេរ្តិ៍ (Anti-Defamation League), NAACP, សារព័ត៌មានសេរី (Free Press) និងក្រុមផ្សេងទៀតនៅអាមេរិក ក៏បានសម្តែងការព្រួយបារម្ភអំពីសមត្ថភាពរបស់ Facebook ក្នុងការទប់ស្កាត់ការវាយប្រហារនាពេលអនាគត លើដំណើរការប្រជាធិបតេយ្យ ដោយលោក Trump នៅតែអះអាងដដែលៗថា លោកបានឈ្នះការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។
ជាការឆ្លើយតបនឹងការបើកគណនីបណ្តញសង្គមរបស់លោកឡើងវិញនេះ លោក Trump បានសរសេរនៅលើបណ្តាញ Truth Social ថា៖ «រឿងបែបនេះមិនគួរកើតឡើងម្តងទៀតចំពោះប្រធានាធិបតីដែលកំពុងកាន់អំណាច ឬនរណាម្នាក់ផ្សេងទៀតដែលមិនសមនឹងទទួលការតបត»។
គួរបញ្ជាក់ថា ក្រុមហ៊ុន Meta បានដកសិទ្ធិចូលប្រើគណនី Facebook និង Instagram របស់លោក Trump បន្ទាប់ពីបានលុបការបង្ហោះ (post) របស់លោកចំនួន២ ក្នុងអំឡុងពេលអំពើហិង្សានៅវិមានកាពីតូល រួមទាំងវីដេអូដែលលោកបានអះអាងមិនពិតអំពីការក្លែងបន្លំសន្លឹកឆ្នោតក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២០៕