យោធាមីយ៉ាន់ម៉ាប្រកាសច្បាប់ថ្មីស្ដីពីគណបក្សនយោបាយនៅមុនការបោះឆ្នោត

ប្រមុខរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតក្នុងរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ធ្វើជាអធិបតីក្នុងក្បួនដង្ហែកងទ័ព នៅថ្ងៃទិវាកងកម្លាំងប្រដាប់អាវុធ ក្នុងទីក្រុង Naypyitaw ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។ (REUTERS/Stringer/)

យោធាមីយ៉ាន់ម៉ា ដែល​បាន​ដណ្ដើមអំណាចក្នុងរដ្ឋប្រហារកាលពី​ជិត​២​ឆ្នាំ​មុន បាន​ប្រកាសច្បាប់​ថ្មី​ដ៏​តឹងរ៉ឹង ស្តីពីគណបក្សនយោបាយ នៅមុនការបោះឆ្នោតនាពេលខាងមុខ។ នេះបើយោង​តាម​ការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នេះ។

ច្បាប់ថ្មីនេះ រារាំងគណបក្ស និងបេក្ខជនដែលមានទំនាក់ទំនងជាមួយបុគ្គល ឬអង្គការ​ដែលត្រូវ​បាន​កំណត់​ថា​ជា «អ្នកប្រព្រឹត្តអំពើភេរវកម្ម» ឬ «ខុសច្បាប់»។

បើតាមច្បាប់​ថ្មី​នេះ គណបក្ស​ដែល​ចង់​ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ ត្រូវ​មានសមាជិក​យ៉ាង​តិច ១០០ ០០០នាក់ ក្នុងរយៈពេល៣ខែនៃការចុះឈ្មោះ និងមាន​មូលនិធិចំនួន៤៥ ៥០០​ដុល្លារ ដែល​ជាចំនួនច្រើនជាង​មុន១០០​ដង ហើយមូលនិធិនេះត្រូវ​​តម្កល់​នៅធនាគារ​ Myanma Economic Bank របស់​រដ្ឋ។

ច្បាប់​ដែល​ចុះហត្ថលេខា​​ដោយ​មេដឹកនាំ​រដ្ឋប្រហារ​ លោក មីន អ៊ុងឡាំង (Min Aung Hlaing) ត្រូវ​​បាន​ផ្សព្វផ្សាយ​ដោយសារព័ត៌មាន Global New Light of Myanmar នៅ​ថ្ងៃ​សុក្រនេះ។

ច្បាប់ថ្មីនេះ​ចែងថា គណបក្ស [ដែលមានស្រាប់] ទាំងឡាយត្រូវដាក់ពាក្យសុំចុះឈ្មោះក្នុងរយៈពេល​២ខែ បន្ទាប់ពីច្បាប់ត្រូវបាន​ប្រកាស បើពុំនោះទេ នឹងត្រូវ «អស់​សុពល​ភាព​​ដោយស្វ័យ​ប្រវត្តិ»។ គណបក្សណាដែលមិនអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ថ្មីនេះ អាចនឹងត្រូវព្យួររយៈពេល៣ឆ្នាំ ឬរំលាយចោល។

ច្បាប់​នេះ​ក៏​និយាយ​ដែរ​ថា គណបក្ស​មិន​​ត្រូ​វ​​បាន​​អនុញ្ញាត​ឱ្យ​ប្តឹង​​ឧទ្ធរណ៍​ចំពោះ​សេចក្តីសម្រេច​​របស់​​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ លើ​ការ​ចុះបញ្ជីគណបក្សនយោបាយ​ឡើយ។

គួរបញ្ជាក់ថា យោធាបានឃុំខ្លួនមេដឹកនាំជាប់ឆ្នោត លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) និងបានឡើងកាន់អំណាចនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

យោធាបានអះអាង​ដោយ​គ្មាន​ភស្តុតាង​ថា មាន​ការក្លែងបន្លំនៅក្នុងការបោះឆ្នោត កាលពីខែវិច្ឆិកា ឆ្នាំ២០២០។ ទោះយ៉ាងណា អ្នកឃ្លាំមើលអន្តរជាតិដែលបានសង្កេតមើលការបោះឆ្នោតនាពេលនោះ បានរកឃើញថា វាមានលក្ខណៈសេរី និងយុត្តិធម៌។

លោកស្រី អ៊ុងសាន ស៊ូជី ដែល​នៅតែ​មាន​ប្រជាប្រិយភាពខ្លាំង ត្រូវ​បាន​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារជាង៣០​ឆ្នាំ ដែលយោ​ធាចោទ​លោកស្រីជាច្រើនករណី។ ក្រុមអ្នក​រិះគន់និយាយថា វាជាវិធីកម្ចាត់លោកស្រីពីជីវិតនយោបាយ។

ចំពេលមានការរិះគន់យ៉ាងខ្លាំង​ពី​អន្តរជាតិចំពោះរដ្ឋប្រហារ និងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត យោធាបានប្រកាសថា ខ្លួននឹងរៀបចំការបោះឆ្នោតជាថ្មីនៅចន្លោះខែកុម្ភៈ និងខែសីហា ឆ្នាំ២០២៣។

មនុស្សជិត៣ ០០០នាក់ត្រូវ​បាន​សម្លាប់ និង​រាប់ពាន់នាក់​ផ្សេង​ទៀតត្រូវបានចាប់ខ្លួនដោយយោធា ចាប់តាំងពីបានដណ្តើមអំណាច។ នេះបើយោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (Assistance Association for Political Prisoners)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ