ចិន និងជប៉ុន ពិភាក្សាពីក្ដីបារម្ភចំពោះប្រជុំកោះសមុទ្រចិនខាងកើតដែលមានជម្លោះ

ទង់ជាតិ​ចិន និង​ជប៉ុន​ ​នៅ​ពី​មុខ​រូប​អតីត​ប្រធាន​រដ្ឋចិន លោក ម៉ៅ សេទុង នៅ​ច្រក​ទ្វារធានអានមេន ​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។ (REUTERS/Thomas Peter)

រដ្ឋមន្ត្រីការបរទេសចិន លោក ឈិន ហ្កាង (Qin Gang) និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក យ៉ូហ្ស៊ីម៉ាសា ហាយ៉ាហ្ស៊ី (Yoshimasa Hayashi) បានពិភាក្សាគ្នាអំពីប្រជុំកោះដែលមានជម្លោះនៅសមុទ្រចិនខាងកើត កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។

ប្រជុំកោះ​សមុទ្រ​ចិន​ខាងកើត​ ដែលទាំងចិន និងជប៉ុន សុទ្ធតែអះអាងថា​ជា​ទឹកដីរបស់ខ្លួន បានធ្វើឱ្យប៉ះពាល់​ទំនាក់ទំនង​ទ្វេភាគី​រវាងប្រទេសទាំងពីរជាយូរ​មកហើយ​ ដោយចិនហៅថា ដាយអូយូ (Diaoyu) ចំណែកជប៉ុនហៅថា សេនកាគូ (Senkaku)

នៅក្នុងការសន្ទនាលើកដំបូងចាប់តាំងពីលោក Qin Gang ឡើងកាន់តំណែង លោកបានប្រាប់លោក Yoshimasa Hayashi ថាទីក្រុងប៉េកាំងសង្ឃឹមថា ប្រទេសជប៉ុនអាចបញ្ឈប់ «កម្លាំងស្ដាំនិយម» ពីការបង្កជម្លោះលើកោះដែលមានជម្លោះ។  

លោក Yoshimasa Hayashi បាននិយាយថា ទំនាក់ទំនងទ្វេភាគី «មានបញ្ហាប្រឈម និងក្តីបារម្ភជាច្រើន» ដោយបន្ថែមថា មតិសាធារណៈរបស់ប្រជាជនជប៉ុនចំពោះប្រទេសចិន គឺ«ធ្ងន់ធ្ងរណាស់»។   

លោក Yoshimasa Hayashi ក៏បានសម្តែងនូវ «ការព្រួយបារម្ភជាខ្លាំង» ចំពោះសមុទ្រចិនខាងកើត រួមទាំងសកម្មភាពរបស់ចិនជុំវិញប្រជុំកោះ ក៏ដូចជា «សកម្មភាពយោធាដែលកំពុងកើនឡើងនៅជិតប្រទេសជប៉ុន»។  

សេចក្តីថ្លែងការណ៍របស់ជប៉ុនបាននិយាយថា ទោះយ៉ាងណា ប្រទេសទាំងពីរ​បានយល់ព្រមលើកិច្ចសហប្រតិបត្តិការ ដើម្បីកសាងទំនាក់ទំនងប្រកបដោយការស្ថាបនា និងស្ថិរភាព ហើយថា ភាគីទាំងសងខាងនឹងបន្តទំនាក់ទំនងជិតស្និទ្ធនៅគ្រប់កម្រិត រួមទាំងនៅកម្រិតនៃកិច្ចប្រជុំកំពូលផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន Kyodo បាននិយាយថា លោក Yoshimasa Hayashi បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា លោក Qin Gang បានអញ្ជើញលោកទៅទស្សនកិច្ចនៅប្រទេសចិន។

ប្រមុខខុទ្ទកាល័យជប៉ុន លោក ហ៊ីរ៉ូកាហ្ស៊ូ ម៉ាតស៊ូណូ (Hirokazu Matsuno) បានបញ្ជាក់ថា រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានពិភាក្សាគ្នា និងយល់ព្រមសហការគ្នាឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាវិជ្ជមាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ