ខ្សែក្រវ៉ាត់ និងផ្លូវ ជាគំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតីចិន ស៊ី ជិនពីង ក្នុងឆ្នាំ២០១៣។ គម្រោងនេះ មានប្រទេសជាដៃគូជាង ១០០ ដែលមកពីទ្វីបអាស៊ី អាហ្រ្វិក អាមេរិកឡាទីន និងប្រទេសមួយចំនួននៅអឺរ៉ុបផងដែរ។ តាមរយៈគំនិតផ្ដួចផ្ដើម ខ្សែក្រវ៉ាត់ និងផ្លូវ ចិន ផ្ដល់ជាកម្ចីដល់ប្រទេសទាំងនោះក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ផ្លូវដែកកំពង់ផែ ផ្លូវល្បឿនលឿន និងបង្កើតច្រកសេដ្ឋកិច្ចសម្រាប់តភ្ជាប់ប្រទេសចិនជាមួយពិភពលោកទាំងមូលទៀតផង។ ប៉ុន្តែគម្រោងដែលស្ថិតក្នុងគំនិតផ្ដួចផ្ដើម ខ្សែក្រវ៉ាត់ និងផ្លូវនេះ មិនបានផ្ដល់ឲ្យអ្នកសារព័ត៌មានឲ្យបានទូលំទូលាយនោះទេ។
សម្រាប់ប្រទេសកម្ពុជា គម្រោងអភិវឌ្ឍន៍មួយចំនួនត្រូវបានគេជឿថាអាចស្ថិតនៅក្នុងគំនិតផ្ដួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន។ គម្រោងទាំងនេះ រួមមានគម្រោងស្ពានមិត្តភាពកម្ពុជា-ចិន ស្ពានដែលភ្ជាប់ពីស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មា ខេត្តត្បួងឃ្មុំ និង ផ្លូវល្បឿនលឿនប្រវែង១៩០គីឡូម៉ែត្រពីភ្នំពេញទៅខេត្តព្រះសីហនុ។ ក្រៅពីនេះ ក៏មានគម្រោងព្រលានយន្តហោះនៅខេត្តសៀមរាប ការជួសជុលនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើង ទំនប់វារីអគ្គិសនីកំចាយនិងសេសានក្រោមពីរ តំបន់សេដ្ឋកិច្ចពិសេសនិងកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ភូមិវប្បធម៌កម្ពុជា-ចិន នៅប៉េកាំង និងមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅតាមបណ្ដាខេត្តមួយចំនួនរបស់ចិនជាដើម។
ដោយឡែកកំណើនវិនិយោគរបស់ចិននៅកម្ពុជាមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ទំហំវិនិយោគចិនមកកម្ពុជានៅឆ្នាំ២០១៧ មានចំនួន ១,៤៣ ពាន់លានដុល្លារអាមេរិក ឬស្មើ២៧ភាគរយ នៃវិនិយោគបរទេសសរុប ដែលចំនួននេះ គឺកើនឡើងស្ទើរពាក់កណ្ដាល បើធៀបនឹងឆ្នាំ២០១៦ ទំហំវិនិយោគរបស់ចិន មានចំនួន៧៤៨លានដុល្លារអាមេរិក។ តាមរបាយការណ៍របស់រដ្ឋាភិបាលកម្ពុជា ឆ្នាំ២០១៨កន្លងទៅ គម្រោងវិនិយោគរបស់បរទេសនៅកម្ពុជាមានទំហំទឹកប្រាក់ប្រមាណ៦,៨ពាន់លានដុល្លា ក្នុងនោះចិននាំមុខគេ។ ទំហំវិនិយោគរបស់ចិនមានរហូតដល់៥៣ភាគរយស្មើនឹង៣,៦ពាន់លានដុល្លា ដែលកើនឡើងជាង៥០ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០១៧។
ដោយសារតែវត្តមាននៃគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ និងកំណើនវិនិយោគរបស់ចិន អ្នកសារព័ត៌មានដែលកំពុងធ្វើការនៅប្រទេសកម្ពុជាជាច្រើនបានចាប់អារម្មណ៍សរសេររឿងនេះ។ ប៉ុន្តែក្រុមអ្នកសារព័ត៌មាននៅកម្ពុជាមួយចំនួន ត្អូញត្អែរថាពួកមិនសូវទទួលបានការឆ្លើយតប ពីភាគីចិននោះទេ នៅពេលដែលពួកគេសុំការបកស្រាយ និងពន្យល់បន្ថែម។
អ្នករាយការណ៍ព័ត៌មានវិទ្យុសម្លេងសហរដ្ឋអាមេរិក លោក ស៊ុន ណារិន បានអះអាងថាលោកធ្លាប់សរសេររឿងទាក់ទងនឹងការវិនិយោគរបស់ចិន ក៏ដូចជាគម្រោងមួយចំនួនក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ លោក ឲ្យដឹងថាដើម្បីឲ្យបានព័ត៌មាន និងផ្ដល់ឱកាសឲ្យគ្រប់ភាគីពាក់ព័ន្ធ លោកតែងតែព្យាយាមទាក់ទងទៅភាគីចិន ប៉ុន្តែពុំកម្រទទួលបានការឆ្លើយណាស់។
លោក មានប្រសាសន៍ថា៖ «អ្វីដែលយើងធ្វើ យើងចង់ឲ្យមានតុល្យភាព។ អ៊ីចឹងកន្លងទៅ ពួកខ្ញុំមិនដែលបានការឆ្លើយតបពីខាងស្ថានទូតចិនទេ ពួកខ្ញុំព្យាយាមខល បានផ្ញើអ៊ីមែលទៅ ។ ប៉ុន្តែមិនដែលមានការឆ្លើយណាមួយទេ។ មិនមែនតែរឿងផ្លូវមួយខ្សែក្រវ៉ាត់មួយទេ រឿងអីផ្សេងៗទាំងអស់។ កាលណាយើងសរសេរឿងអីមានការចោទប្រកាន់ភាគីណាមួយ យើងតែងតែព្យាយាមទាក់ទងទៅ។»
អ្នកសារព័ត៌មានម្នាក់ទៀតគឺវណ្ណ វិចារ ដែលសរសេរពីការវិនិយោគ និងជំនួយរបស់ចិននៅកម្ពុជា ក៏ជួបប្រទះបញ្ហាស្រដៀងនឹងបុគ្គលិកវិទ្យុសម្លេងសហរដ្ឋអាមេរិក លោក ស៊ុន ណារិន ដែរ។ លោកថា កាលពីខែឧសភាកន្លងទៅ លោកបានសរសេរពីគម្រោងវិនិយោគរបស់ចិន ថាតើវាបានផ្ដល់ប្រយោជន៍អ្វីខ្លះដល់ពលរដ្ឋកម្ពុជា។ លោក ឱ្យដឹងថាលោកបានព្យាយាមសុំការពន្យល់បន្ថែមពីភាគីចិនប៉ុន្តែពុំទទួលបានការឆ្លើយទេ ទើបលោកសម្រេចចិត្តប្រើព័ត៌មានក្នុងឯកសារជំនួសវិញ។
លោក មានប្រសាសន៍ថា៖«ទាក់ទងទៅនឹងរឿងហ្នឹង ខ្ញុំបានសាកល្បង និងស្កាត់ជួប សម្ភាសន៍គាត់ដែរ(ភាគីចិន)។ ប៉ុន្តែពិបាកទាក់ទងគាត់ ហើយខ្ញុំក៏យករបាយការណ៍វិនិយោគ(របស់ចិន)មកជំនួសវិញ។»
ទោះយ៉ាងណាក៏ដោយ អ្នកសារព័ត៌មានសេរីរូបនេះ យល់ថាប៉ុន្មានខែចុងក្រោយនេះភាគីចិន បានផ្លាស់ប្តូរច្រើន ដោយពេលនេះស្ថានទូតចិនមានទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ហើយជាញឹកញាប់បានឆ្លើយតបពេលបានការចោទប្រកាន់នានា។
កញ្ញា Danielle Keeton-Olsen អ្នកសារព័ត៌មានជនជាតិអាមេរិក ដែលធ្វើការនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៧។ កញ្ញា ក៏ធ្លាប់បានរាយការណ៍រឿងទាក់ទងនឹងការរកស៊ី ការវិនិយោគ និងកម្មករចិននៅប្រទេសកម្ពុជាផងដែរ។ អ្នកសារព័ត៌មានជនជាតិសញ្ជាតិអាមេរិក រូបនេះ លើកឡើងស្រដៀងគ្នានឹងអ្នកសារព័ត៌មានកម្ពុជាដែរ ដោយថាក្រុមហ៊ុនចិនជាពិសេសរបស់រដ្ឋ ហាក់មិនចង់និយាយជាមួយប្រព័ន្ធផ្សព្វផ្សាយនោះទេ។ កញ្ញា Danielle Keeton-Olsen បន្ថែមថាគាត់ពិបាកក្នុងការស្វែងរកទិន្នន័យមួយចំនួន ព្រោះថាទាំងរដ្ឋាភិបាលចិន និងកម្ពុជា មិនបានបើកចំហនោះទេ។
ទោះយ៉ាងណាក៏ដោយ អ្នកសារព័ត៌មានរូបនេះអះអាងថាគាត់នៅតែអាចនិយាយជាមួយក្រុមហ៊ុនចិនមួយចំនួនបាន នៅពេលដែលគាត់សហការជាមួយអ្នកការសែតដែលចេះភាសាចិន។
យ៉ាងណាក្តី អតីតអ្នកសារព័ត៌មានចិនម្នាក់ដែលធ្លាប់បំពេញការងារនៅកម្ពុជាបានច្រានចោលការលើកឡើងទាំងនេះ។ អ្នកសារព័ត៌មានចិនដែលសុំមិនបញ្ចេញឈ្មោះម្នាក់នេះ អះអាងថាអ្នកសារព័ត៌មានកម្ពុជាមួយចំនួន បានគិតទុកជាមុនថាវាពិបាកណាស់ក្នុងការទទួលបានការឆ្លើយតបភាគីចិន តែពួកគេមិនបានព្យាយាមទាក់ទងឲ្យអស់លទ្ធភាពទៅភាគីចិននោះទេ។
អ្នកសារព័ត៌មានចិនរូបនេះ បន្ថែមថាអ្នកសារព័ត៌មានកម្ពុជាគួរតែមានការតាំងចិត្តនិងប្តេជ្ញាខ្ពស់ក្នុងការទាក់ទងទៅភាគីចិន ព្រោះនេះជាអ្វីដែលអ្នកសារព័ត៌មានត្រូវធ្វើ។
វីអូឌី បានព្យាយាមទាក់ទងទៅកាន់ស្ថានទូតចិនតាមសារអេឡិចត្រួនិកអ៊ីមែលដើម្បីសុំការបកស្រាយ ប៉ុន្តែមិនមានការឆ្លើយតបណាមួយនោះទេ។
សហប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន លោក សយ សុភាព អះអាងថាលោក នឹងសម្របសម្រួលប្រាប់ទៅភាគីចិនជុំវិញបញ្ហាដែលអ្នកសារព័ត៌មានកម្ពុជាបានលើកឡើងនេះ។
លោក មានប្រសាសន៍ថា៖«ឧបមាថាជួបបញ្ហាអ៊ីចឹង(មិនមានការឆ្លើយតបពីភាគីចិន) យើងខ្ញុំនឹងខិតខំទទួលយកគំនិតទាំងអស់ដើម្បីជម្រាបជូនទៅខាងភាគីចិនដែលជាសហប្រធានជាមួយខ្ញុំដើម្បីគាត់បានជាព័ត៌មានដើម្បីឲ្យខាងភាគីចិនដឹង ហើយធ្វើការបើកទូលាយ។ ប៉ុន្តែខ្ញុំគិតថាដូចជាមិនមានជាឧបសគ្គអីទេ គ្រាន់តែយើងសួរព័ត៌មានពីគម្រោងការអភិវឌ្ឍន៍ល្អចឹងនោះ។»
បញ្ហាដែលអ្នកសារព័ត៌មាននៅកម្ពុជាពិបាកក្នុងការស្វែងរកការឆ្លើយតបពីភាគីចិន មិនមែនជារឿងដាច់ដោយឡែកនោះទេ។
កាលពីថ្ងៃទី២៨ និង២៩ ខែឧសភា ឆ្នាំ២០១៩ កម្មវិធី Earth Journalism Network របស់អង្គការ Internews សហការជាមួយអង្គការ China Dialogue បានរៀបចំសិក្ខាសាលាមួយនៅប្រទេសភូមាក្រោមប្រធានបទការធ្វើសេចក្តីរាយការណ៍ពីផលប៉ះពាល់សង្គម បរិស្ថាននៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ។ ក្នុងសិក្ខាសាលានោះអ្នកសារព័ត៌មានមកពីប្រទេសមួយចំនួនក្នុងតំបន់អាស៊ានដូចជាថៃ ឡាវ វៀតណាម និងម៉ាឡេស៊ី ជាដើម ក៏បានលើកឡើងពីបញ្ហាប្រហាក់ប្រហែលគ្នានឹងអ្នកសារព័ត៌មានកម្ពុជាដែរ។
អ្នកសារព័ត៌មានទាំងនោះ ថាវាពិតជាមានការលំបាកណាស់ក្នុងការទទួលបានការឆ្លើយតបពីក្រុមហ៊ុន ឬភាគីចិនដែលពាក់ព័ន្ធ។ ពួកគេថា ព័ត៌មានដែលទាក់ទងនឹងគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ ក៏មិនសូវបើកចំហប៉ុន្មានដែរ។ លើសពីនេះទៅទៀតអ្នកសារព័ត៌មានចិនមួយចំនួនដែលធ្វើការឲ្យប្រព័ន្ធផ្សព្វផ្សាយដែលមិនមែនជារបស់រដ្ឋចិន ក៏អះអាងភាគីចិនពេលខ្លះបដិសេធ ឬក៏មិនឆ្លើយជាមួយពួកគេដែរ៕