តំណាងកម្ពុជាប្រចាំនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានច្រានចោលការលើកឡើងថា លំហសេរីភាពរបស់ពលរដ្ឋកម្ពុជាកំពុងធ្លាក់ចុះខ្លាំង ដោយសារតែអាជ្ញាធរប្រើវិធានការច្បាប់ ដើម្បីកម្រិតសិទ្ធិក្នុងការបញ្ចេញមតិដោយសន្តិវិធី។
ការច្រានចោលរបស់កម្ពុជានេះ ធ្វើឡើងក្រោយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី មីស្សែល បាស្សេឡេត ថ្លែងក្នុងកិច្ចប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅឯទីក្រុងហ្ស៊ឺណែវ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានស្រង់សម្តីលោកស្រី មីស្សែល មកចុះផ្សាយលើទំព័រហ្វេកប៊ុករបស់ខ្លួន ដោយក្នុងកិច្ចប្រជុំនោះ លោកស្រីបានថ្លែងថា៖ «ខ្ញុំមានកង្វល់ ជាពិសេសអំពីការធ្លាក់ចុះយ៉ាងខ្លាំងនូវលំហពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ដែលវិធានការច្បាប់និងរដ្ឋបាលមិនសមាមាត្រ[ដែល]កំពុងកើនឡើង កំណត់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការជួបប្រជុំដោយសន្តិវិធី ការចងក្រងសមាគម និងព័ត៌មាន ក្នុងចំណោមបញ្ហាផ្សេងៗទៀត» ។
ការលើកឡើងរបស់អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះ ត្រូវបានតំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ លោក អាន សុខខឿន បានឆ្លើយតបក្នុងលិខិតចុះថ្ងៃទី១ ខែមីនា ថាលោកមានការខកចិត្តយ៉ាងខ្លាំងចំពោះរបាយការណ៍ លោកស្រី មីស្សែល។
លោក អាន សុខខឿន បាននិយាយទៀតថា របាយការណ៍របស់ឧត្តមស្នងការ ពុំបានដាក់បញ្ចូលនូវរបាយការណ៍របស់រដ្ឋាភិបាលកម្ពុជាកាលពីខែធ្នូកន្លងទៅ ដែលបានឱ្យទៅការិយាល័យនេះ តែលោកស្រីបែរជាដាក់បញ្ចូលតែការចោទប្រកាន់ផ្អែកលើរបាយការណ៍តែម្ខាងទៅវិញ។
លោកថា បញ្ហានេះ កម្ពុជាសូមស្នើយ៉ាងទទូចឱ្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស គោរពឱ្យបាននូវគោលការណ៍មិនជ្រើសរើសតែមួយជ្រុង ដូចដែលអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់ តូនីញ៉ូ ហ្គូតែរ៉េស ធ្លាប់បានលើកឡើង។
តំណាងរដ្ឋាភិបាលបានគូសបញ្ជាក់ថា សេរីភាពក្នុងវិស័យមួយចំនួនកំពុងបន្តរីកដុះដាល ដោយថា ប្រព័ន្ធផ្សព្វផ្សាយជិត២ពាន់អង្គភាព រួមទាំងប្រព័ន្ធផ្សព្វផ្សាយរិះគន់រដ្ឋាភិបាល អ្នកប្រើហ្វេសប៊ុកមាន១២លានគណនី ស្មើ៧០ភាគរយ បានបញ្ចេញទស្សនៈទិតៀនដោយសេរី អង្គការសង្គមស៊ីវិលជិត៦ពាន់ កំពុងប្រតិបត្តិការដោយគ្មានការរំខាន «ហើយបាននិងកំពុងបោះពុម្ពផ្សាយរបាយការណ៍ និងបញ្ចេញទស្សនៈរិះគន់រដ្ឋាភិបាលជាប្រចាំ និងឥតស្រាកស្រាន្ត»។
មួយវិញទៀត តំណាងរដ្ឋាភិបាលនិយាយទៀតថា រាល់វិធានការផ្លូវច្បាប់និងរដ្ឋបាលទាំងអស់សុទ្ធសឹងតែត្រូវបានអនុវត្តនៅក្នុងព្រំដែននៃច្បាប់ និងរាល់ការចោទប្រកាន់ផ្សេងៗត្រូវបានបញ្ជូនទៅតុលាការ គឺពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនិងរំលោភរដ្ឋធម្មនុញ្ញ។
អ្នកសារព័ត៌មានសេរី លោក ម៉ៃ ទិត្យថារ៉ា និយាយថា ចំនួនអង្គភាពសារព័ត៌មានច្រើន មិនមែនជាម៉ែត្រវាស់ពីលំហសេរីភាពអ្នកសារព័ត៌មានទេ តែគេត្រូវពិនិត្យមើលពីប្រព័ន្ធអនុវត្តច្បាប់ ថាតើវាបានឆ្លើយតបទៅនឹងស្មារតីរដ្ឋធម្មនុញ្ញហើយឬនៅ។
លោកថា៖ «អ្វីដែលបានកើតឡើងចំពោះអ្នកសារព័ត៌មានកន្លងមក គឺស្ថាប័នតុលាការលោកមិនបានយកច្បាប់ស្តីពីរបបសារព័ត៌មានដែលអនុម័តនៅឆ្នាំ១៩៩៥នេះ មកអនុវត្តទៅលើអ្នកសារព័ត៌មានទេ ប៉ុន្តែបែរជាយកក្រមព្រហ្មទណ្ឌយកមកអនុវត្តទៅវិញ។ នេះជាកម្រិតសិទ្ធិមែនទែន ដែលធ្វើឱ្យអ្នកសារព័ត៌មានយើងហើបមាត់មិនចង់រួចនាពេលបច្ចុប្បន្ន»។
លោកថា ចាប់ពីឆ្នាំ២០១៣មក សេរីភាពសារព័ត៌មានបានធ្លាក់ចុះ មានការបិទប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ខណៈអ្នកកាសែតខ្លះត្រូវបានចាប់ខ្លួន និងខ្លះទៀតកំពុងជាប់បណ្តឹងនៅតុលាការ។
មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) និងក្លឹបអ្នកសារព័ត៌មានបរទេសនៃកម្ពុជា (CPCC) កាលពីថ្ងៃទី២៥ ខែកុម្ភៈ បានអំពាវនាវក្នុលលិខិតចំហរួមគ្នា ឱ្យតុលាការកម្ពុជាពន្លឿនដំណើរការក្តីលើករណីរបស់អតីតអ្នកកាសែត ឌឹ ខេមបូឌាដេលី ពីរនាក់ រួមមាន លោក អូន ភាព និងលោក Zsombor Peter។
ខណៈអតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីចំនួន២រូបទៀត រួមមាន លោក អួន ឈិន និងលោក យាង សុធារិន្ទ កំពុងជាប់បណ្តឹងដូចគ្នា។
ប្រធានផ្នែកសិទ្ធិមនុស្សនៅសមាគមអាដហុក លោក នី សុខា និយាយថា ប្រទេសដែលមានអ្នកប្រើប្រាស់បណ្តាញសង្គមច្រើន និងអង្គការសង្គមស៊ីវិលច្រើន មិនមែនមានន័យថាជាប្រទេសដែលបើកលំហប្រជាធិបតេយ្យទេ បើអ្នករិះគន់ដើម្បីកែលម្អសង្គមត្រូវបានចាប់ខ្លួនដូចបច្ចុប្បន្ននោះ។
លោកថា៖ «យើងត្រូវមើលទាំងអស់ឡើងវិញថា តើគ្រាន់តែការពារធនធានធម្មជាតិ ដើម្បីតែការពារឱ្យសង្គមមានយុត្តិធម៌ តើអាហ្នឹងវាខុសអី? យើងមើលទៅឃើញថា វាអត់មានខុសអីទាល់តែសោះ ដែលគ្នាគ្រាន់តែជាសកម្មជនព្រៃឈើ សកម្មជនបរិស្ថាន ដែលគ្នាខំការពារធនធានទាំងអស់ហ្នឹង បែរជាទៅទទួលរងកំហុសទៅវិញ។ […] ដូច្នេះ យើងមើលឃើញអាហ្នឹងដែលគេថា សេរីភាពហ្នឹងវាធ្លាក់ចុះ មិនមែនមានន័យថា ទាល់តែប្រជាជនទូទាំងប្រទេសនិយាយលែងបាន បានថាសេរីភាពវាធ្លាក់ចុះ[នោះទេ] អាហ្នឹងវាខុសហើយ»។
ទោះយ៉ាងណាក៏ដោយ លោក អាន សុខខឿន បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានៅតែបន្តប្តេជ្ញាធានានូវការអនុវត្តរាល់សិទ្ធិសេរីភាពមូលដ្ឋាននៅក្នុងក្របខណ្ឌនៃនីតិរដ្ឋ៕