ក្រសួងការបរទេសកម្ពុជាឲ្យដឹងថា ពលករខ្មែរ១៣នាក់ត្រូវបានបញ្ជូនពីប្រទេសថៃត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីរកឃើញថាពួកគេបានឆ្លងដែនទៅស្នាក់នៅនិងធ្វើការដោយខុសច្បាប់នៅទីនោះ។
នៅក្នុងលិខិតរបស់ក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី៤ខែតុលានេះឲ្យដឹងថា អាជ្ញាធរនិងនគរបាលអន្តោប្រវេសន៍ប្រទេសថៃបានចុះត្រួតពិនិត្យអ្នកឆ្លងដែនចូលប្រទេសថៃកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចបរិវេណបន្ទប់ជួល១០០ខ្នង ឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រាថេត ខេត្តសាកែវ។
លិខិតដដែលឲ្យដឹងថា ពលរដ្ឋខ្មែរទាំង១៣នាក់នោះ មានប្រុស១០នាក់និងស្រី៣នាក់ មកពីខេតកំពង់ចាម បាត់ដំបង និងបន្ទាយមានជ័យ បានឆ្លងដែនចូលទៅប្រទេសថៃដោយពុំមានឯកសារអ្វីទាំងអស់ ហើយស្នាក់នៅនិងប្រកបរបរដេរទ្រនាប់ជើងនិងបោកអ៊ុតនៅក្បែរផ្សាររ៉ុងក្លឿក្នុងប្រទេសថៃ។ ករណីនេះស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅខេត្តសាកែវបានអន្តរាគមន៍ជួយពលករខ្មែរខុសច្បាប់ទាំងនោះឱ្យបានវិលត្រឡប់មកកម្ពុជាវិញ៕