មន្ត្រីក្រសួងការពារជាតិ អំពាវនាវដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញមួយចំនួនដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួច ហើយមិនទាន់ទទួលបានបណ្ណជាង១០ម៉ឺនបណ្ណ ត្រូវទាក់ទងទៅខណ្ឌដែលខ្លួនបានចាក់វ៉ាក់សាំង ដើម្បីស្នើសុំយកបណ្ណប្រើប្រាស់នៅពេលចូលទៅទីតាំងសាធារណៈឬទីតាំងឯកជននានា។
អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជានាយកប្រតិបត្តិចាក់វ៉ាក់សាំងក្រសួងការពារជាតិ លោក ឥត សារ៉ាត់ បានឱ្យដឹងកាលពីថ្ងៃម្សិលមិញ ថាបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ គឺមានភាពចាំបាច់ណាស់សម្រាប់ការប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ព្រោះថា អាជ្ញាធរបានចាប់ផ្ដើមដាក់ចេញវិធានការបង្ហាញបណ្ណនេះមុនចូលទីតាំងសាធារណៈនិងទីតាំងឯកជននានា។
លោក ឥត សារ៉ាត់ ទទួលស្គាល់ថា ដើមចមដែលនាំឱ្យមានភាពយឺតយ៉ាវលើការផលិតបណ្ណចាក់វ៉ាក់សាំងនេះ បណ្ដាលមកពីបញ្ហាបញ្ជូនទិន្នន័យនិងការស្រង់យកទិន្នន័យរបស់អ្នកចាក់វ៉ាក់សាំង ដោយមានការច្រឡំឬខ្វះខាតទិន្នន័យមួយចំនួន ហើយទាមទារឱ្យស្រង់យកជាថ្មីជាដើម។
ទោះជាបែបនេះក្ដី លោក ឥត សារ៉ាត់ អំពាវនាវដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងជាមួយកងទ័ព ទាក់ទងនៅតាមខណ្ឌដែលពួកគេចាក់វ៉ាក់សាំង ដើម្បីស្វែងរកបណ្ណចាក់វ៉ាក់សាំងរបស់ខ្លួន ខណៈពលរដ្ឋមួយចំនួននៅក្នុងរាជធានីភ្នំពេញមិនទាន់ឃើញមានអ្នកទៅទទួលយកបណ្ណចាក់វ៉ាក់សាំងជាង១០ម៉ឺនបណ្ណនៅឡើយ។
លោកអំពាវនាវថា៖ «សូមប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងជាមួយកងទ័ពនៅក្នុងរាជធានីភ្នំពេញ ទៅទាក់ទងជាមួយកងរាជអាវុធហត្ថនៅតាមខណ្ឌដែលពួកគេបានចាក់វ៉ាក់សាំង ដើម្បីទទួលយកបណ្ណ ព្រោះបណ្ណចាក់វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ផលិតបានជាង៨០ម៉ឺននាក់ក្នុងចំណោមប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងជាង១លាននាក់។ ប៉ុន្តែបណ្ណរហូតដល់ទៅជាង១០ម៉ឺនបណ្ណ មិនទាន់មានអ្នកមកទទួល»។
អ្នកស្រី ព្រំ សម្ផស្សចរិយា រស់នៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលអះអាងថាមិនទាន់ទទួលបានបណ្ណចាក់វ៉ាក់សាំងពីក្រសួងការពារជាតិ បានសាទរចំពោះការប្រកាសឱ្យទៅយកបណ្ណនេះ។ អ្នកស្រីអះអាងថា នៅពេលគ្មានបណ្ណចាក់វ៉ាក់សាំងនៅជាប់ខ្លួន ធ្វើឱ្យគាត់ពិបាកចេញដំណើរទៅហាងនិងគ្រឹះស្ថានឯកជន ព្រោះគេតម្រូវឱ្យបង្ហាញបណ្ណចាក់វ៉ាក់សាំងមុននឹងចូលទីទាំងទាំងនោះ។
អ្នកស្រីនិយាយថា៖ «ខ្ញុំនឹងទាក់ទងទៅខណ្ឌដែលខ្ញុំចាក់វ៉ាក់សាំង ហើយសួររកបណ្ណចាក់វ៉ាក់សាំងហ្នឹងហើយ ព្រោះអីខ្ញុំទៅណាមកណា ជាពិសេសពេលទៅហាងឬទៅគ្រឹះស្ថានឯនជនអី គេសួរយើងចាក់វ៉ាក់សាំងឬនៅ បើចាក់ហើយ គេឱ្យយើងបង្ហាញកាតចាក់វ៉ាក់សាំងទៀត ពេលអត់មានពិបាកណាស់ គេមិនឱ្យចូលទៅទីកន្លែងនោះទេ»។
លោក ឥត សារ៉ាត់ មានប្រសាសន៍បន្ថែមថា គិតត្រឹមថ្ងៃទី១២ ខែតុលានេះ កងទ័ពបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង២,៧លាននាក់ ទាំងនៅរាជធានីនិងនៅតាមខេត្តទាំង៨ ហើយក្រសួងផលិតបណ្ណបានជាង២,២លានបណ្ណផងដែរ។
ក្នុងសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះកាលពីថ្ងៃទី០៥ ខែតុលានេះ ពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវតម្រូវឱ្យបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំង ចេញដោយក្រសួងសុខាភិបាល ឬក្រសួងការពារជាតិ រាល់ពេលចេញ-ចូលទីតាំងផ្សេងៗ ដូចជា គ្រឹះស្ថានសិក្សា ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ និងទីតាំងផ្សេងទៀតដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ។
មាតាបិតាឬអាណាព្យាបាលរបស់កុមារ-យុវវ័យអាយុចន្លោះ៦ទៅក្រោម១៨ឆ្នាំ ក៏ត្រូវបង្ហាញបណ្ណឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងរាល់ពេលនាំកូនចេញ-ចូលទីតាំងដែលបានចែងខាងលើនេះផងដែរ៕