កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួនជាង១០០នាក់បន្ថែមទៀត (យោងតាមលទ្ធផលបញ្ជាក់ដោយ PCR test) ខណៈអ្នកជំងឺជិត១០នាក់ទៀតបានស្លាប់ដោយជំងឺនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន៨នាក់ ក្នុងនោះមាន៥នាក់មិនបានចាក់វ៉ាក់សាំង និងករណីឆ្លងថ្មីមានចំនួន១០៩នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន១៧នាក់។ សម្រាប់អ្នកជាសះស្បើយថ្មីវិញ ក្រសួងថា មានចំនួន២៧២នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១១៨ ២២០នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១១៤ ០៦៣នាក់ និងអ្នកស្លាប់កើនដល់ចំនួន២ ៧៦៦នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៩ ៥៧៤នាក់៕