មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានស្នើទៅសមត្ថកិច្ចពាក់ព័ន្ធឱ្យស្រាវជ្រាវជុំវិញការផ្សព្វផ្សាយព័ត៌មានមួយដែលអះអាងថាជាព័ត៌មានក្លែងក្លាយ ដោយថា សិស្សប្រឡងសញ្ញាបត្របឋមភូមិ ឬឌីប្លូម សម្រាប់ថ្នាក់ទី៩ និងសិស្សប្រឡងសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុប សម្រាប់ថ្នាក់ទី១២ នៅឆ្នាំនេះ ជាប់ដោយស្វ័យប្រវត្តិ។
ការស្នើនេះ ធ្វើឡើងបន្ទាប់ពីមានលិខិតមួយចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដែលមានលក្ខណៈស្រដៀងទៅនឹងលិខិតរបស់ក្រសួងអប់រំដែរ ត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយអះអាងថា សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១នេះ ត្រូវកំណត់ឱ្យ «ជាប់ជាស្ថាពរ» ដោយមិនកំណត់និទ្ទេសឡើយ។
ភ្លាមៗ ក្រោយលិខិតនេះបានផ្សព្វផ្សាយ នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិតមួយជាផ្លូវការ ដោយបដិសេធទាំងស្រុងនូវរាល់ខ្លឹមសារក្នុងលិខិតដែលចេញផ្សាយ កាលពីថ្ងៃទី២៧ ខែតុលានោះ។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ក្រៅពីច្រានចោលនូវខ្លឹមសារលិខិតក្លែងក្លាយនោះហើយ លោកក៏បានអំពាវនាវដល់សមត្ថកិច្ចស្រាវជ្រាវករណីផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ដើម្បីចាត់វិធានការតាមច្បាប់។
លោកមានប្រសាសន៍បន្តថា៖ «ក្រសួងអប់រំ សូមអំពាវនាវដល់ដល់សមត្ថកិច្ចពាក់ព័ន្ធបន្តផ្តល់កិច្ចសហការស្រាវជ្រាវករណីព័ត៌មានក្លែងក្លាយ ដើម្បីចាត់វិធានការមានជាធរមាន»។
លោក រស់ សុវាចា បានបញ្ជាក់ទៀតថា ក្រសួងអប់រំ លើកទឹកចិត្តសិស្សានុសិស្សនិងបេក្ខជនប្រឡងទាំងអស់បន្តខិតខំប្រឹងប្រែងរៀនសូត្រពីចម្ងាយនិងតាមអនឡាញ ទន្ទឹមនឹងការសិក្សាក្នុងថ្នាក់ ដោយបន្តថែទាំសុខភាពនិងគាំទ្រគ្នាទៅវិញទៅមក ខណៈដែលកម្ពុជានិងពិភពលោកនៅកំពុងប្រឈមជាមួយនឹងវិបត្តិកូវីដ-១៩នៅឡើយ។
ក្នុងន័យនេះ លោកថា ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តលើកកម្ពស់គុណភាពអប់រំនិងគុណភាពប្រឡង ដើម្បីឆ្លើយតបនឹងតម្រូវការសិក្សាក្នុងបរិបទកូវីដ-១៩។
ក្នុងលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃនេះ បានកំណត់កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នឹងរៀបចំឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយប្រកាសលទ្ធផលនៅថ្ងៃទី២២ ខែវិច្ឆិកា។ ដោយឡែក ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ហើយប្រកាសលទ្ធផលនៅថ្ងៃទី២៨-២៩ ខែឆ្នាំដដែល។
កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួងអប់រំ ប្រកាសឱ្យសិស្សថ្នាក់ទី៩និងទី១២ ក្នុងឆ្នាំសិក្សា២០១៩-២០២០ ជាប់ទាំងអស់ដោយគ្មានការកំណត់និទ្ទេសអ្វីឡើយ ដោយថា ការសម្រេចពេលនោះធ្វើឡើងតាមអនុសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសឱ្យសិស្សថ្នាក់ទី១២ ទូទាំងប្រទេស ជាប់ដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ឆ្លងកាត់ការប្រឡង។ លោកថា ការសម្រេចនោះ ដើម្បីការពារកុំឱ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕