អាជ្ញាធរមូលដ្ឋាននិងពលរដ្ឋនៅឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានស្នើដល់តុលាការខេត្តនេះពិចារណានិងដោះលែងជនពិការម្នាក់ដែលរងអំពើហិង្សានិងកំពុងជាប់ឃុំក្នុងពន្ធនាគារ ក្រោយជនពិការនោះមានជម្លោះដីធ្លីជាមួយពលរដ្ឋដូចគ្នា។
ក្នុងលិខិតសរសេរដោយដៃ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ មេភូមិស្វាយ និងមេភូមិរលំឡែង នៃឃុំរណសិរ្ស និងពលរដ្ឋប្រមាណ៣០នាក់ នាំគ្នាផ្ដិតមេដៃស្នើដល់តុលាការខេត្តព្រះវិហារ ពិចារណាដោះលែងជនពិការម្នាក់ឈ្មោះ នួន នាត ឱ្យមានសេរីភាពវិញ ដែលពួកគេអះអាងថា បានរងអំពើហិង្សានិងជាប់ឃុំយ៉ាងអយុត្តិធម៌ ក្រោយមានជម្លោះដីធ្លីជាមួយពលរដ្ឋមកពីខេត្តផ្សេង។
មេភូមិស្វាយ លោក មាស ចិប ប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍នេះថា លោក នួន នាត ជាជនពិការជើងខាងស្ដារស់នៅភូមិរលំឡែង មានជម្លោះដីធ្លីជាមួយបុគ្គល ឈ្មោះ ម៉ៅ មឿន និងបក្សពួក៣នាក់ទៀត រហូតមានអំពើហិង្សាកើតឡើងកាលពាក់កណ្ដាលខែមុននេះ។
មេភូមិរូបនេះបន្តថា កាលពីឆ្នាំ១៩៩៥ អាជ្ញាធរបានកាត់ដីមួយផ្នែកឱ្យពិជនពិការឈ្មោះ នួន នាត បង្កបង្កើនផលសម្រាប់ចិញ្ចឹមជីវិតរហូតមកដល់បច្ចុប្បន្ននេះ ហើយគាត់មានជម្លោះព្រំដីជាមួយបុគ្គល ឈ្មោះ ម៉ៅ មឿន នៅឆ្នាំ២០២១ ខណៈដីរបស់លោក ម៉ៅ មឿន កាន់កាប់ជាដីព្រៃនិងមិនទាន់មានបណ្ណកម្មសិទ្ធិដូចគ្នា។
លោកបន្ថែមថា៖ «ការពិត ដីដែលភាគីទាំង២នោះកំពុងអាស្រ័យផលនិងកំពុងកាន់កាប់ជាដីសហគមន៍នៅឡើយទេ មិនទាន់ប្លង់កម្មសិទ្ធិទេ បើសិនរដ្ឋចង់បានយកវិញ គេយកវិញហើយ។ ប៉ុន្តែពួកគាត់អត់ចេះចែករំលែកគ្នា រស់នៅបង្កឱ្យមានជម្លោះរហូតមានអំពើហិង្សាកើតឡើងទៅវិញ»។
អនុភូមិស្វាយ លោក អៀង លាន ដែលឃើញហេតុការណ៍នេះ ប្រាប់ វីអូឌី ថាជម្លោះរវាងជនពិការ ឈ្មោះ នួន នាត និងភាគីលោក ម៉ៅ មឿន បានឈានដល់ផ្ទុះអំពើហិង្សានោះ បានកើតឡើងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ លោកអះអាងថា ក្នុងហេតុការណ៍ជម្លោះនោះ ដំបូងឡើយភាគីទាំងពីរបានជេរប្រមាថគ្នាទៅវិញទៅមកនៅលើដីកំពុងមានជម្លោះ រហូតប៉ះទង្គិចគ្នា ដោយភាគីលោក ម៉ៅ មឿន មានគ្នា៤នាក់ មានកូនបង្កើត និងកូនប្រសារ ប្រដាប់ដោយពូថៅ និងកាំបិតជាប់ដៃ។
លោក អៀង លាន បន្តថា លោក ម៉ៅ មឿន បានយកពូថៅហក់ទៅកាប់លោក នួន នាត មុន ប៉ុន្តែលោក នួន នាត បានគេចផុត និងបានហក់ទៅខាំបបូរមាត់លោក ម៉ៅ មឿន វិញរហូតរងរបួស ហើយកូនប្រុសលោក ម៉ៅ មឿន ម្នាក់បានហក់ទៅកាប់លើជនពិការនោះទៀត តែមិនត្រូវ ប៉ុន្តែក្រោយមក ពួកគេបានវាយជនពិការនោះជាច្រើនដៃ។
លោកបន្ថែមថា៖ «មុនដំបូង តាមឿនហក់ទៅកាប់នឹងពូថៅ ហើយអានោះ [កូនតាមឿន] កាប់នឹងខ្វែវ កាំបិតហ្នឹង តាមឿនជាអ្នកកាប់មុន ប៉ុន្តែកាប់អត់ត្រូវទេ កាប់ខុសទាំងអស់គ្នា។ ស្នាមរបួសហ្នឹងជាស្នាមខាំទេ ជនពិការអ្នកខាំ។ ពេលដែលកាប់ខុសទាំងអស់គ្នាទៅ វាធ្លាក់ពូថៅកាំបិត ហើយវាយគ្នានឹងដៃម្ដង ដល់វាយគ្នានឹងដៃ ពេលនោះខាំគ្នាតែម្តង។ ខ្ញុំនេះឯងអ្នកទៅឃាត់ បើខ្ញុំអត់ឃាត់ ខាំគ្នាងាប់អស់បាត់ហើយ»។
បើតាមលោក អៀង លាន គឺថាជនពិការ លោក នួន នាត ត្រូវបានសមត្ថកិច្ចខេត្តព្រះវិហារចាប់ខ្លួននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ខណៈដែលជនពិការរូបនោះធ្វើដំណើរទៅទីរួមខេត្ត ប៉ុន្តែលោកមិនបានដឹងថាតុលាការសម្រេចឃុំនៅពេលណានោះទេ។
ក្នុងវីដេអូឃ្លីបមួយដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គមកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកស្រី កើត ម៉េត ជាភរិយារបស់ជនពិការនោះ បានអំពាវនាវដល់តុលាការខេត្តព្រះវិហារ ឱ្យទម្លាក់ចោលការចោទប្រកាន់និងដោះលែងស្វាមីរបស់អ្នកស្រីឱ្យមានសេរីភាពវិញ ដោយថា ស្វាមីរបស់អ្នកស្រីពុំមានកំហុសអ្វីនោះឡើយ។
អ្នកស្រីបន្ថែមថា៖ «គេលោតកាប់ប្ដីខ្ញុំ ដល់ខ្ញុំខ្លាចគេកាប់គាត់ គាត់ក៏លោតទៅឱបគេ ហើយគេបានខាំកកេរគាត់ ប៉ុន្តែគេច ក៏គេកកេរគាត់ខុស ហើយគាត់បានខាំកកេរគេវិញ គាត់ខាំគេដាច់បបូរមាត់។ គេនោះមានពូថៅ គេលោតកាប់ប្ដីខ្ញុំទៀត តែប្ដីខ្ញុំលោតឱបទៀត ហើយបានខាំដៃ ហើយបានជ្រុះពូថៅហ្នឹងទៀត កុំអីគេកាប់ប្ដីខ្ញុំស្លាប់ហើយ»។
វីអូឌី មិនទាន់អាចរកការឆ្លើយតបពីភាគីម្ខាងទៀតដែលមានឈ្មោះ ម៉ៅ មឿន និងបក្សពួកបានទេនៅថ្ងៃព្រហស្បតិ៍នេះ។
មេឃុំរណសិរ្ស លោក ហុង សន និងមេប៉ុស្តិ៍ លោក អួន រោន បានបដិសេធឆ្លើយតបជុំវិញករណីនេះ។
កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្រីមេធាវី លុក ស៊ីសុវណ្ណារី សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាមេធាវីការពារឱ្យជនជនពិការ លោក នួន នាត បានដាក់សំណើមួយទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីស្នើសុំឱ្យកូនក្ដីបាននៅក្រៅឃុំបណ្ដោះអាសន្ន ដោយសម្អាងថា កូនក្តីរបស់ខ្លួនមានទីលំនៅច្បាស់លាស់ មិនរត់គេច មិនគាបសង្កត់សាក្សីឬជនរងគ្រោះ មិនធ្វើឱ្យប៉ះពាល់ដល់នីតិវិធីតុលាការ និងចូលខ្លួនតាមការកោះហៅរបស់តុលាការគ្រប់នីតិវិធីទាំងអស់។ ហើយម្យ៉ាងទៀត លោកស្រីថា កូនក្ដីរបស់ខ្លួនជាមេគ្រួសារ ជាអ្នករកប្រាក់ក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារជាដើម៕