ក្រសួងបរិស្ថាន អង្គការជីវិតសត្វស្លាបអន្តរជាតិ អង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការ WWT ដែលកំពុងធ្វើការរួមគ្នាក្នុងការការពារនិងអភិរក្សតំបន់ការពារទេសភាព «បឹងព្រែកល្ពៅ» ក្នុងខេត្តតាកែវ បានចាត់ទុកតំបន់ដីសើមមួយនេះថាពិតជាមានសារៈសំខាន់ណាស់សម្រាប់សត្វស្លាបទឹករស់នៅនិងពងកូន។
ការអះអាងនេះធ្វើឡើងបន្ទាប់ពីពួកគេបានរកឃើញថា សំបុកសត្វស្លាបទឹកជាច្រើនប្រភេទនៅតំបន់ការពារទេសភាព «បឹងព្រែកល្ពៅ» មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២១នេះ។
ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែវិច្ឆិកា បានឱ្យដឹងថា ក្នុងឆ្នាំ២០២១នេះ ក្រុមអ្នកអភិរក្សនៃក្រសួងបរិស្ថាន និងអង្គការដៃគូ បានរកឃើញសំបុកសត្វស្លាបទឹកចំនួន៦ប្រភេទត្រូវបានកត់ត្រា ដែលក្នុងនោះរួមមាន សំបុកសត្វចង្កៀលខ្យង ចំនួន២ ៩៣១សម្បុក, ក្អែកទឹកតូច ចំនួន២៨៥សំបុក, សត្វខ្វែក ១៨០សំបុក, សត្វស្មោញ ៣២សំបុក, ក្រសារប្រផេះ ៣០សំបុក និង សាធ្នង់ ២២សំបុក។
តាមរយៈទំព័រហ្វេសប៊ុកដដែលគូសបញ្ជាក់ថា៖ «បើប្រៀបធៀបនឹងឆ្នាំ២០២០កន្លងមក ក្រុមអភិរក្សបានសង្កេតឃើញថា សំបុកសត្វទាំងនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលបានបង្ហាញថា បឹងព្រែកល្ពៅ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សត្វស្លាបទឹករស់នៅនិងពងកូន»។
ប្រភពដដែលបានស្រង់ប្រសាសន៍នាយកកម្មវិធីប្រចាំនៅកម្ពុជា នៃអង្គការជីវិតសត្វស្លាបអន្តរជាតិ ( BirdLife in Cambodia) លោក ប៊ូ វរសក្ស ដោយលើកឡើងថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ជាតំបន់ដីសើមដ៏សំខាន់ស្ថិតនៅតំបន់ដីសណ្ដទន្លេមេគង្គនៃប្រទេសកម្ពុជា។ លោកថា តំបន់នេះគាំទ្រដល់ការរស់នៅរបស់សត្វស្លាបជាច្រើនប្រភេទ ក្នុងនោះមានសត្វស្លាប់កម្រនិងជិតផុតពូជ ដូចជា ចាបព្រៃវែង ត្រដក់ធំ និងក្រៀល ជាដើម។
លោកបន្តថា៖ «បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់តំបន់នេះជាតំបន់អភិរក្សចាប់តាំងពីឆ្នាំ២០០៧មក យើងឃើញថា ចំនួនសត្វស្លាបទឹកមួយចំនួនមានការកើនឡើង ជាពិសេសចាប់ពីឆ្នាំ២០២០ សត្វស្លាបទឹកជាច្រើនប្រភេទ ដូច ចង្កៀលខ្យង ស្មោញ ជាដើម បានកាច់សំបុកពងកូននៅតំបន់នេះកាន់តែច្រើនឡើងៗ។ នេះជាសញ្ញាដ៏ល្អដែលកើតចេញពីកិច្ចសហការ ប្រឹងប្រែង គ្រប់គ្រង និងអភិរក្សតំបន់ដីសើមនេះ ដែលដឹកនាំដោយក្រសួងបរិស្ថាន»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា បានអំពាវនាវប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធចូលរួមក្នុងការអភិរក្សតំបន់បឹងព្រែកល្ពៅឱ្យបានគង់វង្ស និងចាត់វិធានការច្បាប់នានាប្រឆាំងនឹងអ្នកដែលទន្ទ្រានកាន់កាប់ដីអភិរក្សខុសច្បាប់ ដើម្បីរក្សាបាននូវទីជម្រក ក៏ដូចជាកន្លែងរកចំណីនិងប្រភពទឹកសម្រាប់សត្វរស់នៅ ជាពិសេសប្រភេទសត្វស្លាបកម្រៗ។
លោកថ្លែងថា៖ «កំណើនឡើងនូវប្រភេទសត្វស្លាបទឹកទាំងនេះ គឺជាដំណឹងដ៏រីករាយបំផុតសម្រាប់រដ្ឋាភិបាល និងសម្រាប់ក្រុមអភិរក្ស ដែលបានបង្ហាញឱ្យឃើញពីភាពប្រសើរឡើងនៅក្នុងការងារការពារនិងអភិរក្សជីវចម្រុះនិងធនធានធម្មជាតិ និងប្រសិទ្ធភាពខ្ពស់ក្នុងការអភិរក្ស»។
លោកបានបន្តថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននិងកំពុងសិក្សារៀបចំកំណត់តំបន់ និងបោះបង្គោលព្រំតំបន់ការពារធម្មជាតិនៅទូទាំងប្រទេស ក្នុងនោះក៏មានតំបន់ការពារព្រែកល្ពៅផងដែរ។
ក្រសួងបរិស្ថានបញ្ជាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់ដីសើមដ៏ធំមួយស្ថិតក្នុងតំបន់ដីសណ្តទន្លេមេគង្គក្រោម និងត្រូវបានកំណត់ជាតំបន់ការពារទេសភាពបឹងព្រែកល្ពៅក្នុងឆ្នាំ២០១៦ មានផ្ទៃដីទំហំ៨ ៣០៥ហិកតា ដែលមានទីតាំងភូមិសាស្រ្តស្ថិតនៅស្រុកបូរីជលសារ និងស្រុកកោះអណ្ដែត ខេត្តតាកែវ។
តំបន់ដីសើមនេះមានសារៈសំខាន់ក្នុងការទ្រទ្រង់ ផ្គត់ផ្គង់ និងជាទីជម្រករបស់សត្វស្លាប រុក្ខជាតិ មច្ឆជាតិ និងសត្វព្រៃផ្សេងៗ ដែលក្នុងនោះមានសត្វនិងរុក្ខជាតិមួយចំនួនមិនទាន់បានកត់ត្រាលម្អិតនៅឡើយទេ៕