សាច់ញាតិ​អតីត​សកម្មជន​បក្សប្រឆាំង​ដែល​ជនល្មើស​សម្លាប់ មិន​ហ៊ាន​ប្ដឹង​ទៅ​តុលាការ​រក​យុត្តិធម៌​ទេ​ដោយសារ​ជីវភាព​ក្រីក្រ

លោក ស៊ិន ខុន សកម្មជន​អតីត​គណបក្សសង្គ្រោះជាតិ​។ (ហ្វេសប៊ុក៖ ស៊ិន ខុន)

សាច់ញាតិអតីតសកម្មជន​គណបក្សសង្គ្រោះជាតិដែលត្រូវបានឃាតករយកកាំបិតផ្គាក់​កាប់​សម្លាប់​នៅម្តុំវត្ត​ចាស់ សង្កាត់​ជ្រោយច​ង្វារ រាជធានីភ្នំពេញ ​សុំបញ្ចប់រឿង​ត្រឹម​សមត្ថកិច្ច ដោយ​មិន​ហ៊ាន​ប្ដឹង​ទៅ​តុលាការ​នោះ​ទេ ដោយ​សារ​គ្រួសារ​មាន​ជីវភាព​ក្រីក្រ។

ការលើកឡើងនេះ​ ​បន្ទាប់ពីលោក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកង​រាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការ​ជាមួយអាជ្ញាធរមូលដ្ឋានចាប់ខ្លួនជនសង្ស័យម្នាក់​ កាលពីថ្ងៃទី​២២ ខែ​វិច្ឆិកា ដោយជននោះបានសារភាពថាជាអ្នកសម្លាប់សកម្មជនអតីតគណបក្សសង្គ្រោះជាតិ លោក ស៊ិន ខុន កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។

សារព័ត៌មានក្នុងស្រុកបានស្រង់ចម្លើយសារភាពរបស់ជនសង្ស័យ​ថា ការកាប់សម្លាប់លោក ស៊ិន ខុន នោះ ដោយ​សារ​តែរូបគេ​​មាន​គំនុំ ត្បិតជនរងគ្រោះតែង​តែ​រករឿងប្អូនរបស់ខ្លួន​ស្ទើរជារៀងរាល់​ថ្ងៃ និង​ចោទប្អូន​របស់​គាត់​ថាចាក់​សោរ​ទ្វារ​របង «វត្តពោធិ៍យារាម» ហៅ «វត្តចាស់» មិនឱ្យជនរងគ្រោះចូលស្នាក់នៅក្នុងវត្ត​ ជាដើម។

លោក ស៊ិន ខេង ដែលអះអាងថាជា​បង​ប្រុសប​ង្កើតរបស់​សកម្មជន​អតីត​គណបក្សសង្គ្រោះជាតិ​ ឈ្មោះ ស៊ិន ខុន បានឱ្យដឹង​នៅថ្ងៃពុធនេះថា ប្អូនរបស់គាត់ត្រូវបាន​ជនល្មើស​យក​កាំបិតផ្គាក់​កាប់​ប្រហែល​៧កាំបិត ត្រូវកញ្ចឹង​ក ខ្នង និង​ជើង បណ្ដាល​ឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតនៅម្ដុំវត្តចាស់ សង្កាត់​ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ លោក​បន្តថា ​ក្រុមគ្រួសាររបស់​គាត់មិន​ហ៊ានប្ដឹង​ទៅ​តុលាការ ដើម្បីជួយរកយុត្តិធម៌ឱ្យប្អូនទេ ដោយ​សារ​គ្រួសារ​គាត់​​ក្រី​ក្រ និងមិនចង់មានរឿងវែងឆ្ងាយ ជាដើម។

លោកមានប្រសាសន៍ថា៖ «ខ្ញុំសុំបញ្ចប់ត្រឹមហ្នឹង អត់ឱ្យមានរឿងវែងឆ្ងាយទៀត កុំឱ្យម៉ែឪពិបាកចិត្ត។ គាត់ចាស់ៗអស់ហើយ អាយុ៧០ឆ្នាំទៅ៨០ឆ្នាំអស់ហើយ គាត់អត់ឱ្យខ្ញុំប្ដឹងតទៅមុខទៀតទេ ព្រោះបើបន្តទៅមុខទៀត​ មានតែខ្ញុំដើរ [ចូលរួម] ហើយម៉ែឪថាមិនបាច់ទេ ប៉ុណ្ណឹង​បានហើយ»។

នៅពេលសួរ​ថា តើគ្រួសាររបស់លោក​ទទួលបានសំណងជំងឺចិត្តពីជនល្មើសដែរឬទេ? តើលោក​និង​គ្រួសារ​មានការ​ព្រួយ​បារម្ភពីសុវត្ថិភាពដែរឬទេ? និង​ហេតុអ្វីបានជាមិនប្ដឹង​ជនល្មើស ដើម្បីរកយុត្តិធម៌ឱ្យប្អូនប្រុស​? លោក ស៊ិន ខេង ឆ្លើយយ៉ាងខ្លីថា ពួកគាត់មិនមានអ្វីដែលត្រូវព្រួយបារម្ភពីសុវត្ថិភាពទេ។

ចំណែកសំណងជំងឺចិត្ត លោកថា គ្រួសារ​របស់លោក​ក៏មិនទទួលបានពីជនល្មើសដែរ ដោយសារនៅដើមសប្ដាហ៍នេះ ក្រោយពីសមត្ថកិច្ចចាប់ជនល្មើសបាន សមត្ថកិច្ចហៅគាត់ទៅជួប ហើយប្រាប់គាត់ថា ជនល្មើសនឹងជាប់ទោស​អស់​មួយ​ជីវិត ហើយជនល្មើសខ្លួនឯងក៏សុំជាប់​ទោស​មួយ​ជីវិត ដោយមិនសងសំណង​ដល់គ្រួសារ​គាត់ដែរ។

វីអូឌី មិនអាចសុំការបំភ្លឺបន្ថែមពីលោក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ​​បា​ន​ទេ ខណៈអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ក៏ទំនាក់ទំនងមិនបានដែរនៅថ្ងៃពុធនេះ។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល​សិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ពន្យល់ថា តាម​នីតិវិធី​ច្បាប់​ក្នុងសំណុំរឿ​ង​ព្រហ្មទ​ណ្ឌ ត្រូវមានបណ្ដឹងចំនួនពីរ ទី១ បណ្ដឹងរដ្ឋប្បវេណី ជាបណ្ដឹងរបស់ជនរងគ្រោះ ដែលត្រូវទាម​ទារ​សំណង​ជំងឺ​ចិត្ត​ពី​ជន​ល្មើស និងទី២ បណ្ដឹងអាជ្ញា ដែលព្រះរាជអាជ្ញាជាម្ចាស់បណ្ដឹង។

ករណីនេះ លោកថា បើសិនជាជនរងគ្រោះមិនប្ដឹងទាមទារសំណង​ជំងឺចិត្តពីជនល្មើសទេ ក៏ជន​ល្មើស​មិនអាច​រួច​ផុត​ពី​បណ្ដឹងអាជ្ញាដែរ គឺព្រះរាជអាជ្ញាជាអ្នកធ្វើការចោទប្រកាន់និងបញ្ជូនសំណុំរឿងទៅចៅក្រម​ស៊ើបសួរ ឱ្យ​ចាត់វិធាន​ការ​ច្បាប់​បន្ត រហូតផ្ដន្ទាទោសជនល្មើសតាមច្បាប់។

មន្ត្រីសិទ្ធិមនុស្សរូបនេះជំរុញទៅអាជ្ញាធរ​ ត្រូវ​ស្រាវជ្រាវនិង​ស្វែងរកភស្តុតាងនិងអ្នកពាក់ព័ន្ធបន្ថែមទៀត ខណៈ​ឃាត​កម្ម​​លើ​សកម្មជនអតីតគណបក្សសង្គ្រោះជាតិ​ ឈ្មោះ ស៊ិន ខុន នេះ បានធ្វើ​ឱ្យ​​មហាជនមួយចំនួនកំពុង​តែដាក់​មន្ទិលសង្ស័យថា ជាប់ទាក់ទិននឹងរឿងនយោបាយច្រើន​ជាងរឿងបុគ្គល។

លោកមានប្រសាសន៍ថា៖ «រឿងនេះ វាស្ថិតនៅក្នុងមន្ទិលសង្ស័យបន្ថែមទៀត​ ហើយណាមួយដើម្បីចៀសវាងការរិះគន់ថា បញ្ហាទាំងអស់នេះ វាពាក់ព័ន្ធនឹងរឿងនយោបាយ អ៊ីចឹង​សមត្ថកិច្ចនិងតុលាការត្រូវតែធ្វើការស៊ើបអង្កេតឱ្យបានពេញលេញ ហើយរកអ្នកដែលពាក់ព័ន្ធទាំងអស់យកទៅអនុវត្តទៅតាមផ្លូវច្បាប់ ជាពិសេសការស៊ើបអង្កេតត្រូវធ្វើឡើងដោយយុត្តិធម៌»។

កាលពីថ្ងៃទី១២ ខែ​ឧសភា ឆ្នាំ២០២១ លោក ​ស៊ិន ខុន អាយុ៣១​ឆ្នាំ ជា​អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ត្រូវបានជនមិនស្គាល់មុខចំនួន៤នាក់ ព្រួតគ្នាវាយដោយ​ដំបង​ដែក បណ្ដាល​ឱ្យរងរបួសត្រង់ក្បាល លើចិញ្ចើមខាងឆ្វេងនិងដៃខាងឆ្វេង ហូរឈាម​ស្រោ​ចខ្លួន ស្ថិតនៅសង្កាត់ជ្រោ​យចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​ ខណៈសំណុំរឿងហិង្សាទៅលើអតីតសកម្មជនរូបនេះនិងមន្ត្រីបក្សប្រឆាំងមុនៗ មិនទាន់ត្រូវបានសមត្ថកិច្ចរាយការណ៍ថាបានរកឃើញជនល្មើសមកផ្ដន្ទាទោសតាមច្បាប់នៅឡើយ។

ក្រោយរងអំពើហិង្សាពេលនោះ អតីតយុវជនបក្សប្រឆាំង លោក ស៊ិន ខុន ធ្លាប់អះអាងប្រាប់ វីអូឌី ថាករណី​ហិង្សាទៅលើរូបលោក​នេះ គឺពាក់ព័ន្ធនឹង​ការគំរាមកំហែងផ្នែកន​យោបា​យ ដោយសារលោកគ្មានជម្លោះឬជំពាក់បំណុលជាមួយអ្នកណាទេ​ពីមុន​មក​ ប៉ុន្តែលោកឧស្សាហ៍បង្ហោះរឿងនយោបាយលើបណ្ដាញ​ស​ង្គម និងបានចុះចែកអំណោយ​ដល់ពលរដ្ឋខ្វះខាត​​ដោយសារវិធានបិទខ្ទប់ជាដើម៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ