លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅអង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យត្រួតពិនិត្យឡើងវិញជាបន្ទាន់នូវអាវុធនិងសម្ភារយោធាដែលកម្ពុជាមានបច្ចុប្បន្ន ហើយត្រូវប្រមូលអាវុធនិងសម្ភារយោធាអាមេរិកទាំងអស់ទៅរក្សាទុកក្នុងឃ្លាំងឬយកទៅកម្ទេចចោល ប្រសិនបើមាន។
បទបញ្ជារបស់ប្រមុខរដ្ឋាភិបាលកម្ពុជានៅពេលនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ បានចេញសេចក្ដីសម្រេចពីការរឹតត្បិតការលក់ដូរអាវុធនិងសម្ភារយោធាដល់កម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃសុក្រនេះ ថាការសម្រេចរបស់សហរដ្ឋអាមេរិកលើបម្រាមការលក់ដូរអាវុធនិងសម្ភារយោធាមកកម្ពុជានាពេលនេះ បានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនៃការសម្រេចចិត្តរបស់លោកកាលពីឆ្នាំ១៩៩៤ ដែលនៅពេលនោះ លោកបានសម្រេចចិត្តមិនធ្វើការផ្លាស់ប្ដូរប្រព័ន្ធអាវុធកម្ពុជាដែលមានពេលនោះ ទៅទិញប្រព័ន្ធអាវុធអាមេរិក។
ករណីនេះ លោកបានចេញបទបញ្ជាទៅដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យត្រួតពិនិត្យអាវុធនិងសម្ភារយោធារបស់ខ្លួនឡើងវិញជាបន្ទាន់ ហើយប្រសិនបើមានអាវុធនិងសម្ភារយោធាអាមេរិក អង្គភាពទាំងនោះត្រូវយកទៅរក្សាទុកក្នុងឃ្លាំងឬយកទៅកម្ទេចចោលតាមការជាក់ស្ដែង។
លោកបានគូសបញ្ជាក់ថា៖ «ជាថ្មីម្ដងទៀត ខ្ញុំសូមអរគុណសហរដ្ឋអាមេរិកដែលបានជួយបញ្ជាក់ថា ការសម្រេចចិត្តរបស់ខ្ញុំមិនយល់ព្រមទិញអាវុធពីអាមេរិក ពិតជាត្រឹមត្រូវ សម្រាប់នយោបាយការពារជាតិរបស់កម្ពុជា។ ហើយវាក៏ជាសារព្រមានមួយប្រាប់ទៅខ្មែរដែលគ្រប់គ្រងរាជរដ្ឋាភិបាលជំនាន់ក្រោយ ឱ្យបានជ្រាបថា បើចង់មានឯករាជ្យភាពលើវិស័យការពារជាតិ សូមកុំប្រើប្រាស់អាវុធរបស់អាមេរិក»។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកត់ចំណាំដែរថា អ្នកដែលធ្លាប់ប្រើប្រព័ន្ធអាវុធអាមេរិកជាច្រើនបានចាញ់សង្រ្គាម ដូចជា ក្នុងរបបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ ដែលពេលនោះបានប្រើប្រព័ន្ធអាវុធអាមេរិក និងបាននាំចូលអាវុធជាច្រើនមកកម្ពុជា ហើយធ្វើឱ្យកម្ពុជាជាប់បំណុលខ្មៅនេះរហូតមកដល់បច្ចុប្បន្ន។ ថ្មីៗនេះទៀតសោត លោកថា អ្នកប្រើប្រព័ន្ធអាវុធអាមេរិក ក៏បានចាញ់សង្រ្គាមនៅអាហ្វហ្គានីស្ថានដែរ៕