អាជ្ញាធររារាំងបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) ជាង ១៣០០នាក់ មិនឱ្យជួបជុំនិងប្រមូលផ្តុំគ្នានៅមុខក្រុមហ៊ុន ដើម្បីធ្វើកូដកម្មទាមទារឱ្យក្រុមហ៊ុនល្បែងមួយនេះឈប់រើសអើងសហជីព និងទទួលយកបុគ្គលិក ៣៦៥នាក់ ឱ្យចូលធ្វើការងារឡើងវិញ។
តំណាងកម្មករក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ អ្នកស្រី រី សុវ៉ាន់ឌី ប្រាប់វីអូឌីនៅថ្ងៃអាទិត្យនេះថា តាមគម្រោង ពួកគេប្រមាណ១៣០០នាក់ នាំគ្នាប្រមូលផ្តុំធ្វើកូដកម្មនៅមុខក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) ដើម្បីទាមទារឱ្យក្រុមហ៊ុនឈប់រើសអើងសហជីព និងទទួលយកបុគ្គលិក ៣៦៥នាក់ ឱ្យចូលធ្វើការងារឡើងវិញ។ ប៉ុន្តែអ្នកស្រីថា នៅពេលពួកគេទៅជួបជុំគ្នានៅមុខក្រុមហ៊ុន ត្រូវបានកម្លាំងសមត្ថកិច្ច និងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ ចេញមករារាំងមិនឱ្យពួកគេជួបជុំនៅមុខក្រុមហ៊ុននោះទេ ដោយអះអាងថា កុំឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។
ទោះជាបែបនេះក្តី អ្នកស្រី រី សុវ៉ាន់ឌី អះអាងថា ពួកគេមិនមានការព្រួយបារម្ភពីសុវត្ថិភាពនោះទេ ដោយសារពួកគេធ្វើកូដកម្មដោយសន្តិវិធី និងអហិង្សា ដើម្បីទាមទារឱ្យគោរពច្បាប់ការងារតែប៉ុណ្ណោះ។
អ្នកស្រីអះអាងដូចនេះថា៖ «កម្មករទាំងអស់សុទ្ធតែយល់ដឹងពីផ្លូវច្បាប់ហើយ។ អញ្ចឹងពួកគាត់នៅតែបន្តធ្វើកូដកម្ម បើមិនមានភាពអយុត្តិធម៌ទេ ក៏ពួកគាត់រាប់ពាន់នាក់មិនចេញមកតវ៉ា ដើម្បីទាមទារឱ្យក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដោះស្រាយឱ្យដែរ»។
តំណាងកម្មករក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ម្នាក់ទៀត លោក ប៉េង សុភា ថ្លែងថា អាជ្ញាធរបានរារាំងពួកគាត់មិនឱ្យទៅជួបជុំគ្នានៅមុខក្រុមហ៊ុននោះទេ ប៉ុន្តែពួកគេបានទៅជួបជុំគ្នានៅក្បែរច្រកចូលដអរិយក្សត្រ ខ្លះទៀតនៅម្តុំអគាកូរ៉េ ជិតសកលវិទ្យាល័យបៀលប្រាយ និងក្បែរក្រុមហ៊ុនកាស៊ីណូហ្គាវើលដ៍ជាដើម ។
លោក ប៉េង សុភា បញ្ជាក់ថា ការជួបជុំធ្វើកូដកម្មរយៈពេល២ថ្ងៃនេះ ខាងតំណាងក្រុមហ៊ុនមិនបានចេញមកដោះស្រាយជូនពួកគេនោះឡើយ។ ករណីនេះលោកព្រមានថា បើក្រុមហ៊ុននៅតែមិនអើពើ ឬមិនដោះស្រាយបញ្ហាតាមការស្នើសុំរបស់កម្មករទេ នោះពួកគាត់និងបន្តធ្វើកូដកម្មជារៀងរាល់ថ្ងៃរហូតមានដំណោះស្រាយ ។
លោកព្រមានដូចនេះថា៖ «ពួកខ្ញុំធ្វើកូដកម្មដោយសន្តិវីធី តាមផ្លូវច្បាប់។ អញ្ចឹងពួកខ្ញុំនៅតែបន្តធ្វើរហូត រហូតតែមានដំណោះស្រាយ»។
តំណាងកម្មករអះអាងប្រហាក់ប្រហែលគ្នាថា កូដកម្មនេះធ្វើឡើងបន្ទាប់ពីវិវាទការងារនៅក្នុងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ បានកើតឡើងអស់រយៈពេល៨ខែមកហើយ ក្រោយពីក្រុមហ៊ុននេះ បានប្រកាសបញ្ឈប់បុគ្គលិក ១ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង ៨ ០០០នាក់ ដោយលើកហេតុផលថា ក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុដោយសារតែវិបត្តិជំងឺកូវីដ-១៩។
ក៏ប៉ុន្តែតំណាងសហជីពប្រចាំនៅក្នុងក្រុមហ៊ុនកាស៊ីណូមួយនេះយល់ថា ផែនការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំនេះ គឺជាការគាស់រំលើងសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ចេញពីក្រុមហ៊ុននេះ ដោយថាបុគ្គលិកដែលបញ្ឈប់ភាគច្រើន គឺជាសមាជិក និងថ្នាក់ដឹកនាំសហជីព។
កូដកម្មនេះទាមទារចំណុចសំខាន់ៗចំនួន៩ ក្នុងនោះ រួមមាន ទាមទារឱ្យក្រុមហ៊ុនទទួលយកថ្នាក់ដឹកនាំសហជីព សមាជិកប្រតិភូបុគ្គលិក និងកម្មករនិយោជិតចំនួន ៣៦៥នាក់ ដែលមិនព្រមទទួលយកសំណងបញ្ចប់កិច្ចសន្យាការងារ ចូលបម្រើការងារឡើងវិញ។ លើសពីនេះ ទាមទារឱ្យក្រុមហ៊ុន គិតប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារបង្គ្រប់បន្ថែមឱ្យបានត្រឹមត្រូវសម្រាប់កម្មករនិយោជិត ដែលត្រូវបានកាត់ចេញតាមគម្រោងកាត់បន្ថយបុគ្គលិក។
កូដកម្មក៏ទាមទារឱ្យក្រុមហ៊ុនអនុវត្តសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចទី៣ ដោយគិតប្រាក់បញ្ចប់កិច្ចសន្យាការងារបង្គ្រប់បន្ថែមឱ្យបានត្រឹមត្រូវ៊។ បន្ថែមពីនេះ ទាមទារឱ្យក្រុមហ៊ុនផ្តល់ប្រាក់បំណាច់អតីតភាពការងារ និងប្រាក់រំលឹកអតីតភាពការងារឱ្យបានត្រឹមត្រូវតាមច្បាប់សម្រាប់ឆ្នាំ២០២០ និង ២០២១ រួមនិងចំណុចសំខាន់ៗមួយចំនួនទៀត។
ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងបុគ្គលិរបស់ក្រុមហ៊ុន កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) អ្នកនាង ឌី សីហា សុំមិនធ្វើការបកស្រាយជុំវិញករណីនេះ ដោយអះអាងថា ជាប់រវល់ប្រជុំ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ លើកឡើងលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៩ ខែធ្នូថា នៅក្នុងលោកនេះមិនមានច្បាប់ ឬអនុសញ្ញាណាមួយ ដែលចែងថា ធ្វើការនៅកន្លែងណាមួយ គឺត្រូវធ្វើមួយជីវិតនោះទេ ឬហាមក្រុមហ៊ុន សហគ្រាសមិនឲ្យកាត់បន្ថយបុគ្គលិកនោះដែរ។ លោកបន្តថា សិទ្ធិទទួលបានការងារក៏ត្រូវអនុវត្តស្របជាមួយនឹងស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុន។
លោកថា ក្នុងករណីមានវិបត្តិសេដ្ឋកិច្ច ឬការថយចុះនៃតម្រូវការ ឬការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុន ឬសង្វាក់ផលិតកម្មឡើងវិញ ឬករណីប្រធានស័ក្ត គឺក្រុមហ៊ុន សហគ្រាសអាចកាត់បន្ថយបុគ្គលិកបាន គ្រាន់តែការកាត់បន្ថយគឺត្រូវធ្វើឡើងឲ្យស្របតាមនីតិវិធី ដូចជាត្រូវជូនដំណឹងមុន ត្រូវទូទាត់សំណង និងអត្ថប្រយោជន៍ឲ្យបានត្រឹមត្រូវតាមច្បាប់។
លោក ហេង សួរ សរសេរថា៖ «កន្លងទៅ ក្រសួងបានបញ្ជាក់រួចហើយថា ក្រសួងប្តេជ្ញាការពារឲ្យបានជាដាច់ខាតនូវអ្វីដែលជាផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដែលជាអកុសលត្រូវមានឈ្មោះក្នុងការកាត់បន្ថយបុគ្គលិក ដោយសារតែការធ្លាក់ចុះជាគំហុកនៃភ្ញៀវ និងការសើរើ ឬកាត់បន្ថយប្រតិបត្តិការរបស់ក្រុមហ៊ុន»។
យ៉ាងណា លោក ហេង សួរ អះអាងថា ក្រសួងនឹងបន្តពន្យល់ និងបន្តបង្ហាញអំពីរបៀបនៃការគណនាសំណងប្រសិនជាភាគីពាក់ព័ន្ធនៅមានចម្ងល់។ ប៉ុន្តែក្រសួង ក៏ដូចជាសហជីព ឬអង្គការមិនមានសិទ្ធិអំណាច ហាមឃាត់ក្រុមហ៊ុនមិនឲ្យកាត់បន្ថយបុគ្គលិក ដោយមូលហេតុសមរម្យនោះទេ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីម្សិលមិញ បានចេញសេចក្តីជូនដំណឹងដល់កម្មករនិយោជិត នៃក្រុមហ៊ុនណាហ្គាវើលដ៍ ផ្អាកការធ្វើកូដកម្ម បាតុកម្ម ដើម្បីចូលរួមរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសរដ្ឋបាលរាជធានីភ្នំពេញនឹងបន្តធ្វើការដោះស្រាយតាមនីតិវិធី ច្បាប់ជាធរមាន និងផ្អែកតាមសមភាព សមធម៌ ដើម្បីធានាថា បងប្អូនកម្មករនិយោជិតដែលកំពុងតវ៉ាទទួលបាននូវ ដំណោះស្រាយមួយសមស្រប និងអាចទទួលយកបានទាំងអស់គ្នាទាំងអស់គ្នាផងដែរ។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានស្នើដល់កម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ និងសាធារណជន រក្សាភាពនឹងនរក្នុងចិត្ត ចៀសវាងចាញ់បោកជនខិលខូចមួយចំនួនដែលមានបំណងញុះញង់ បង្កអស្ថិរភាពដល់ក្រុមហ៊ុន និងសណ្តាប់ធ្នាប់សាធារណៈ ដែលអាចបង្កផលប៉ះពាល់ដល់ការងាររបស់បងប្អូនកម្មករ និយោជិតដទៃទៀតដែលកំពុងបំពេញការងារនិងទទួលបានប្រាក់ឈ្នួលពីក្រុមហ៊ុនណាហ្គាវើលដ៍។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស សង់ត្រាល់ លោក ឃុន ថារ៉ូ ចាត់ទុកការរារាំងរបស់សមត្ថកិច្ចមកលើកម្មករដែលធ្វើកូដកម្មដោយអហិង្សាថា ជាទង្វើផ្ទុយពីច្បាប់ជាតិ និងច្បាប់អន្តរជាតិ ។
លោកបន្តថា បើសិនជាក្រសួងពាក់ព័ន្ធមិនចាត់វិធានការច្បាប់លើក្រុមហ៊ុនទេ ជាគំរូអាក្រក់ ហើយអាចធ្វើឱ្យថៅកែក្រុមហ៊ុនផ្សេងទៀតរំលោភសិទ្ធិកម្មករ ហើយអ្នកដែលរងគ្រោះធ្ងន់ធ្ងរ គឺកម្មករ ។
លោកមានប្រសាសន៍ថា៖ «បើសិនជាក្រុមហ៊ុនណាហ្គានេះអាចបញ្ឈប់កម្មករបាន វាឱ្យក្រុមហ៊ុនផ្សេងទៀតបញ្ឈប់បានដូចគ្នា គឺគាត់អាចប្រើប្រាស់ទម្រង់អាក្រក់ហ្នឹង ដោយបញ្ឈប់ថ្នាក់ដឹកនាំសហជីពដោយសេរី តាមតែចិត្តរបស់គាត់»។
លោកមានប្រសាសន៍បន្ថែមថា៖ « ធម្មតាកម្មករ ពេលថៅកែបញ្ឈប់ពីការងារ គាត់ទទួលរងផលប៉ះពាល់សេដ្ឋកិច្ច មួយទៀតបើការអនុវត្តច្បាប់ដោយមិនស្មើភាព ហើយនិយោជករំលោភច្បាប់បានវាមិនល្អទេ ព្រោះប្រទេសកម្ពុជាជាប្រទេសមួយប្រកាន់របបលទ្ធិប្រជាធិបតេយ្យ អនុវត្តសិទ្ធិមនុស្ស សិទ្ធិការងារត្រឹមត្រូវ អញ្ចឹងវាមិនល្អសម្រាប់កម្ពុជាលើឆាកអន្តរជាតិទេ»។
កាលពីដើមខែធ្នូ ឆ្នាំ២០២១នេះ អង្គការ សមាគម និងសហជីពចំនួន ២៥ បានចេញសេចក្តីថ្លែងការណ៍មួយសំដែងការខកចិត្ត ចំពោះការបញ្ឈប់បុគ្គលិកកាស៊ីណូណាហ្គាវើលដ៍។ សេចក្តីថ្លែងការណ៍បានចាត់ទុកថា ក្រុមហ៊ុនមានចេតនារំលាយរចនាសម្ព័ន្ធថ្នាក់ដឹកនាំសហជីព ដោយថា ការធ្វើបែបនេះមិនសមហេតុផល និងមិនអាចទទួលយកបានឡើយ៕