បក្សកាន់អំណាច​បដិសេធ​ទទួល​ញត្តិ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ព្រលាន​យន្តហោះ​ថ្មី

អ្នកភូមិប្រហែល៣០នាក់ មកពីខេត្តកណ្ដាល និងតាកែវ ​បាននាំ​គ្នាប្រមូល​ផ្ដុំនៅ​មុខ​ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដាក់ញត្តិ​ស្នើដល់ស្ថាប័នមួយនេះជួយដោះ​ស្រាយ​សំណង​ដីធ្លីក្រោមគម្រោង​​អភិវឌ្ឍន៍​​​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី (OCIC) ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ី ឆាយ)

អ្នកភូមិប្រហែល៣០នាក់ មកពីខេត្តកណ្ដាល និងតាកែវ ​ដែលកំពុង​មាន​បញ្ហា​ដីធ្លីជាមួយ​គម្រោង​​អភិវឌ្ឍន៍​​​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី (OCIC) បាននាំ​គ្នាប្រមូល​ផ្ដុំនៅ​មុខ​ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃអង្គារ​ ដើម្បីដាក់ញត្តិ​ស្នើដល់ស្ថាប័នមួយនេះជួយដោះ​ស្រាយ​សំណង​ដីធ្លីសម​​រម្យ​​ដល់​​ពួកគេ ប៉ុន្តែត្រូវបានបដិសេធដោយមន្ត្រីបក្សនៅទីនោះ។

អ្នកស្រី មុយ ប៉េងឡាយ អាយុ៥៥ឆ្នាំ មកពីឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ដែល​ចូលរួមដាក់ញត្តិនៅព្រឹកនេះ បានបង្ហាញការខកចិត្តចំពោះមន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលមិនព្រមទទួលយកញត្តិរបស់ពួកគាត់។ អ្នកស្រីបន្តថា អ្នកភូមិដាក់ញត្តិនៅស្នាក់ការកណ្ដាលគណបក្សកាន់អំណាចមួយនេះ ដើម្បីស្នើសុំដល់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ឱ្យជួយអន្តរាគមន៍ដោះស្រាយសំណងសមរម្យជូនពលរដ្ឋទៅតាមតម្លៃទីផ្សារ។

អ្នកភូមិប្រហែល៣០នាក់ មកពីខេត្តកណ្ដាល និងតាកែវ ​បាននាំ​គ្នាប្រមូល​ផ្ដុំនៅ​មុខ​ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដាក់ញត្តិ​ស្នើដល់ស្ថាប័នមួយនេះជួយដោះ​ស្រាយ​សំណង​ដីធ្លីក្រោមគម្រោង​​អភិវឌ្ឍន៍​​​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី (OCIC) ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។
អ្នកភូមិប្រហែល៣០នាក់ មកពីខេត្តកណ្ដាល និងតាកែវ ​បាននាំ​គ្នាប្រមូល​ផ្ដុំនៅ​មុខ​ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដាក់ញត្តិ​ស្នើដល់ស្ថាប័នមួយនេះជួយដោះ​ស្រាយ​សំណង​ដីធ្លីក្រោមគម្រោង​​អភិវឌ្ឍន៍​​​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី (OCIC) ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ី ឆាយ)

ពលរដ្ឋរូបនេះបន្តថា រយៈពេលជាង៣ឆ្នាំមកនេះ រូបគាត់និងអ្នកភូមិផ្សេងទៀតបានរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធរបស់រដ្ឋជាច្រើនណាស់មកហើយ ប៉ុន្តែនៅតែពុំមានដំណោះស្រាយ ទើបពួកគាត់ងាកមករកបក្សនយោបាយដែលជាបក្សដឹកនាំរដ្ឋាភិបាលជួយដោះស្រាយបន្តទៀត។

អ្នកស្រីបន្ថែមថា៖ «រយៈពេល៣ឆ្នាំមកនេះ ការងារធ្វើស្រែហ្នឹងក៏រាំងស្ទះ។ មិនទាន់បានដោះស្រាយសំណងផង ក្រុមហ៊ុនទៅឈូសឆាយដីគ្នា ប្រជាជនគាត់លំបាកមែនទែន។ អ៊ីចឹងមកនេះ សុំឱ្យសម្ដេចដែលជាប្រធានគណបក្សប្រជាជន ជួយដោះស្រាយជូនពលរដ្ឋឱ្យបានលឿន ដើម្បីពួកយើងយកលុយទៅទិញដីនៅខាងក្រៅបាន និងចិញ្ចឹមកូនចៅទៅមុខទៀត»។

អ្នកស្រី មុយ ប៉េងឡាយ អះអាងថា នៅឃុំពត់ស ស្រុកបាទី ខេត្តតាកែវ មានពលរដ្ឋចំនួន៧៦គ្រួសារ និងមានដីទំហំជាង៣០ហិកតាប៉ុណ្ណោះដែលមិនទាន់បានដោះស្រាយចប់។

លោក អ៊ឹម តារា ដែលអះអាងថាជាតំណាងពលរដ្ឋ និងជាបេក្ខភាពក្រុមប្រឹក្សាឃុំបឹងខ្យាង ឆ្នាំ២០២២ មកពីគណបក្សដឹកនាំរដ្ឋាភិបាល និយាយថា ពលរដ្ឋដែលយកញត្តិមកដាក់នៅស្នាក់ការកណ្ដាលបក្សប្រជាជននេះ គឺជាសមាជិកគណបក្សប្រជាជននៅឃុំបឹងខ្យាង។

តំណាងពលរដ្ឋរូបនេះចង់ឃើញថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាយកចិត្តទុកដាក់និងជួយអន្តរាគមន៍ដោះស្រាយសំណងសមស្របជូនប្រជាពលរដ្ឋ ខណៈការបោះឆ្នោតក៏ខិតជិតមកដល់ដែរ។

លោកបន្ថែមថា៖ «មកនេះសុទ្ធតែសមាជិកក្រុមប្រឹក្សាបក្ស ដែលយើងបានស្វែងរកដំណោះស្រាយពីគ្រប់ក្រសួងមន្ទីររយៈពេលជិត៤ឆ្នាំហើយ។ យើងបានដាក់ញត្តិអស់ហើយ អត់មានដំណោះស្រាយទេ។ អ៊ីចឹង ខ្ញុំចេះតែបារម្ភ ដូចសម្ដេថាញត្តិចេះតែដាក់ តែញត្តិហ្នឹងមិនបានមកដល់ដៃគាត់ទេ។ អ៊ីចឹងយើងមកដាក់នៅស្នាក់ការកណ្ដាលបក្សទៀត។ ពាក់ព័ន្ធនឹងព្រលានយន្តហោះអន្តរជាតិថ្មីនេះ ពួកយើងមិនប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ទេ។ លោក [រដ្ឋាភិបាល] អភិវឌ្ឍចុះ តែសុំការដោះស្រាយសំណងផលប៉ះពាល់ដីធ្លីហ្នឹងឱ្យបានសមស្របទៅតាមទីផ្សារបច្ចុប្បន្ន និងសមស្របតាមសេដ្ឋកិច្ចសង្គម»

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លោកមិនបានដឹងថា មានពលរដ្ឋមកដាក់ញត្តិនៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជានោះទេ ប៉ុន្តែយ៉ាងណាលោកថា ករណីមន្ត្រីបក្សមិនទទួលញត្តិពីក្រុមពលរដ្ឋ ប្រហែលមន្ត្រីទាំងនោះបានណែនាំឱ្យពលរដ្ឋទៅដាក់នៅស្ថាប័នផ្សេងៗដែលមានសមត្ថកិច្ចក្នុងការដោះស្រាយ។ លោកថា គណបក្សមិនមានតួនាទីឬភារកិច្ចក្នុងការដោះស្រាយ​វិវាទដីធ្លីនោះទេ។

លោកបន្ថែមថា៖ «បក្សកាន់អំណាចស្វាគមន៍បងប្អូនប្រជាពលរដ្ឋទូទៅ ប៉ុន្តែសមត្ថកិច្ចដោះស្រាយ វាអត់មានទេ! អ៊ីចឹងគេពន្យល់ឬណែនាំទៅស្ថាប័នពាក់ព័ន្ធណាដែលមានសមត្ថកិច្ចដោះស្រាយ ដូចក្រសួងរៀបចំដែនដី គណកម្មការដោះស្រាយដីធ្លី ទៅរកអន្តរាគមន៍កន្លែងហ្នឹង វាចំជំនាញដោះស្រាយ»

មន្ត្រី​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា ក្នុងនាមជាគណបក្សនយោបាយដែលជាប់ឆ្នោតនិងកាន់អំណាច មិនគួរណាបដិសេធសំណើរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតនោះទេ។

មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា មន្ត្រីគណបក្សប្រជាជនកម្ពុជាគួរតែទទួលសំណើរបស់ប្រជាពលរដ្ឋនិងរាយការណ៍ពីកង្វល់ឬបញ្ហារបស់អ្នកភូមិទៅកាន់ប្រធានគណបក្ស ដើម្បីពិចារណាក្នុងការរកដំណោះស្រាយជូនម្ចាស់ឆ្នោត។

លោកបន្ថែមថា៖ «អ៊ីចឹងឃើញថា នេះឱកាសមួយ ប្រសិនជាគណបក្សប្រជាជនកម្ពុជាហ្នឹង លោកមានឆន្ទៈក្នុងការដោះស្រាយជូនម្ចាស់ឆ្នោត លោកគួរតែទទួលយកញត្តិរបស់ប្រជាពលរដ្ឋ ហើយផ្ដល់យោបល់ទៅលោកនាយករដ្ឋមន្ត្រី ដើម្បីគិតគូរពិចារណាដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានសមរម្យ ដែលលោកអាចយកតម្លៃឬសំណងដែលអាចទៅទិញដីនៅកន្លែងផ្សេងដែលអាចរស់នៅ អាស្រ័យផល ចិញ្ចឹមជីវិតបន្តទៅទៀត។ មិនគួរបដិសេធក្នុងនាមជាគណបក្សដែលប្រជាពលរដ្ឋផ្ដល់ទំនុកចិត្តឱ្យនោះទេ»

ក្នុងញត្តិគ្រោងដាក់នៅស្នាក់ការកណ្ដាលគណបក្សកាន់អំណាចនៅថ្ងៃនេះ គឺក្រុមពលរដ្ឋទាមទារឱ្យអាជ្ញាធរ និងក្រុមហ៊ុន OCIC ផ្ដល់សំណងជូនពួកគេទៅតាមតម្លៃទីផ្សារបច្ចុប្បន្ន។ ញត្តិដដែលបញ្ជាក់ថា ដីធ្លីរបស់ពួកគាត់ដែលរងផលប៉ះពាល់ជាដីមានបណ្ណកម្មសិទ្ធិ និងបច្ចុប្បន្នដីនៅតំបន់នោះមានតម្លៃចន្លោះពី «៧០ដុល្លារ ទៅ១០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ»។

ញត្តិបន្ថែម​ថា ចាប់​តាំងពីក្រុមហ៊ុនធ្វើការសាងសង់​ព្រលាន​យន្តហោះថ្មី​ រហូត​មក​ដល់ពេលនេះ ខាង​អាជ្ញាធរ​ពាក់​ព័ន្ធ​នៅ​តែ​កំណត់​តម្លៃត្រឹមតែ​ «៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េ» សម្រាប់ការផ្ដល់​សំណងជូន​ពលរដ្ឋ ដែល​សំណង​នេះ អ្នកភូមិមិនអាចទទួលយកបានឡើយ ដោយមិនអាចយកទៅទិញដីក្បែរតំបន់នោះបានទេ។

កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ អង្គការសង្គមស៊ីវិលចំនួន៣១ស្ថាប័នបានចេញសេចក្ដីថ្លែងការណ៍មួយ​ស្នើដល់​ស្ថាប័នពាក់ព័ន្ធ​ផ្ដល់សំណងឱ្យ​បាន​សមស្រប​តាម​តម្លៃ​ទីផ្សារ​​ជូន​ប្រជា​ពលរដ្ឋ ដែល​កំពុ​​ង​​រងផល​ប៉ះពាល់ដីធ្លីពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិ​ថ្មី​នេះ និងចៀសវាងនូវកិច្ចព្រមព្រៀង​ដោយ​មានការបង្ខិត​បង្ខំ ដើម្បីរក្សានូវការគោរពសិទ្ធិមនុស្សដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញកម្ពុជា។

ក្រុមអង្គការទាំងនេះក៏បាន​ស្នើដល់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល ត្រូវដោះស្រាយបញ្ហា​ជម្លោះ​​ដីធ្លី​នេះតាម​នីតិវិធី​ ដោយ​កោះ​ហៅ​ភាគីទំនាស់​មក​ចរចា​គ្នា ដោយ​ឈរ​លើ​ផល​ប្រយោជន៍ និង​សេចក្ដីត្រូវកា​រ​របស់​គ្រប់​​ភាគី ហើយ​ភាគី​ទំនាស់និងអាជ្ញាធរគួររក្សាឱ្យបាននូវភាពអហិង្សា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ