អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបដិសេធសំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិក្នុងការបញ្ជូនសំណុំរឿង០០៤ ដែលមានជនជាប់ចោទ លោក យឹម ទិត្យ ទៅជំនុំជម្រះ ក្រោមមូលហេតុគ្មានដីកាបញ្ជូនរឿងទៅជំនុំជម្រះដែលអាចអនុវត្តបាន។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាក្ដីខ្មែរក្រហមនៅថ្ងៃទី២៨ ខែធ្នូ បានឱ្យដឹងថា សេចក្ដីសម្រេចនេះ គឺទទួលបានសំឡេងគាំទ្រជាឯកច្ឆន្ទ ដោយបានបដិសេធការយល់ឃើញរបស់សហព្រះរាជអាជ្ញាអន្តរជាតិ ដែលថា សំណុំរឿង០០៤ គួរត្រូវបញ្ជូនទៅជំនុំជម្រះ ដោយកត់សម្គាល់ថា សហចៅក្រមស៊ើបអង្កេត និងអង្គបុរេជំនុំជម្រះ មិនបានចេញដីកាបញ្ជូនរឿងទៅជំនុំជម្រះប្រឆាំងនឹងលោក យឹម ទិត្យ អនុលោមតាមវិធាន ៧៩ (១) នៃវិធានផ្ទៃក្នុង។
ប្រភពដដែលបានបញ្ជាក់ថា អង្គបុរេជំនុំជម្រះបានបញ្ចប់សំណុំរឿង០០៤ នៅពេលអង្គជំនុំជម្រះនេះបានចេញសេចក្ដីពិចារណារបស់ខ្លួន និងបានបញ្ជាក់បំភ្លឺថា សំណុំរឿង០០៤ ត្រូវបានបញ្ចប់ដោយសារគ្មានដីកាបញ្ជូនរឿងទៅជំនុំជម្រះស្ថាពរ និងដែលអាចអនុវត្តបាន។
នៅក្នុងយោបល់ទំទាស់ដោយឡែករបស់ខ្លួន លោកស្រីចៅក្រម Maureen Harding Clark បានសន្និដ្ឋានថា «សេចក្ដីសម្រេចរបស់អង្គបុរេជំនុំជម្រះពុំមានសុពលភាព និងគួរត្រូវបានច្រានចោលដោយសារវាពុំមានសនិទានភាព» ហើយគួរបញ្ចប់កិច្ចដំណើរការនីតិវិធីប្រឆាំងនឹងលោក យឹម ទិត្យ។
អតីតតំបន់១៣ នៃភូមិភាគនិរតី លោក យឹម ទិត្យ កើតនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៣៦ នៅស្រុកត្រាំកក់ ខេត្តតាកែវ។ លោកគឺជាសមាជិកស្រុកគិរីវង់ ជាលេខា និងអនុលេខាស្រុកគិរីវង់ និងជាសមាជិកគណៈកម្មាធិការតំបន់១៣។
កាលពីថ្ងៃទី១៧ ខែធ្នូ តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម ក៏បានបដិសេធសំណើសុំរបស់សហព្រះរាជអាជ្ញាអន្តរជាតិក្នុងការបញ្ជូនសំណុំរឿង០០៣ របស់លោក មាស មុត អតីតកម្មាភិបាលខ្មែរក្រហមជាន់ខ្ពស់ទៅជំនុំជម្រះផងដែរ ដោយមូលហេតុគ្មានដីកាបញ្ជូនរឿងទៅជំនុំជម្រះដែលអាចអនុវត្តបាន។
សេចក្ដីសម្រេចរបស់តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម គឺជាសេចក្ដីសម្រេចបិទផ្លូវតវ៉ា៕