លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា បានឆ្លងជំងឺកូវីដ-១៩ រយៈពេល៥ថ្ងៃនៅឯប្រទេសបារាំង កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។
លោក សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងរស់នៅប្រទេសបារាំង បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកដោយភ្ជាប់រូបថតមួយសន្លឹកនៅយប់ថ្ងៃពុធនេះថា បើទោះបីជាលោកបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ចំនួន ៣ ម្ជុល (AstraZeneca ពីរម្ជុល និង Pfizer មួយម្ជុល) ក្នុងឆ្នាំ២០២១ យ៉ាងណាក៏ដោយ ក៏លោកបានឆ្លងជំងឺកូវីដ-១៩ កាលពីថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២១។
លោក សម រង្ស៊ី បានសរសេរថា៖ «ទោះជាបានទទួលវ៉ាក់សាំង ៣ ម្ជុល (AstraZeneca ពីរម្ជុល និង Pfizer មួយម្ជុល) ក្នុងឆ្នាំ ២០២១ យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានធ្វើតេស្ត ហើយទទួលបានលទ្ធផលវិជ្ជមាន (មានផ្ទុកមេរោគកូរ៉ូណាវីរុស) កាលពីថ្ងៃ ៣០ ធ្នូ ២០២១។ លោក សម រង្ស៊ី ពេលនោះ មានរោគសញ្ញាតិចតួច គ្រាន់តែក្អក និងឈឺបំពង់កបន្តិច រយៈពេល ២-៣ ថ្ងៃ។ មកដល់ថ្ងៃ៤ មករា ២០២២ តេស្តមួយទៀត បង្ហាញលទ្ធផលអវិជ្ជមាន (អស់មានផ្ទុកមេរោគទៀតទេ)។ នៅថ្ងៃ០៥ មករា ២០២២ នេះ តេស្តមួយទៀត បង្ហាញលទ្ធផលអវិជ្ជមានដដែល មានន័យថា លោក សម រង្ស៊ី បានជាសះស្បើយពេញលេញហើយ»។
បើតាមលោក សម រង្ស៊ី ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ នៅប្រទេសបារាំង និងនៅទូទាំងពិភពលោក មានមេរោគបំប្លែងខ្លួនឈ្មោះ Omicron បានរាតត្បាតយ៉ាងខ្លាំង និងយ៉ាងលឿន។ នៅប្រទេសបារាំង មានអ្នកឈឺថ្មី ពី ២០ ម៉ឺន ទៅ ៣០ ម៉ឺននាក់ ក្នុងមួយថ្ងៃ ដោយសារមេរោគបំប្លែងថ្មី Omicron នេះ។ មេរោគបំប្លែងថ្មីនេះ ឆ្លងឆាប់ តែមិននាំមកហានិភ័យធ្ងន់ធ្ងរទេ គឺឆាប់ឈឺ និងឆាប់ជាទៅវិញ ហើយអាចផ្តល់ភាពស៊ាំ (Immunity) ក្នុងរយៈពេលយូរអង្វែង។
លោក សម រង្ស៊ី ចង់ឱ្យអ្នកវិទ្យាសាស្ត្រយកករណីនេះទៅសិក្សា ខណៈមានមនុស្សជាច្រើន នៅជុំវិញលោក បានធ្លាក់ខ្លួនឈឺដូចគ្នាដែរ តែបានជាសះស្បើយរួចអស់ទៅហើយ៕