មន្ត្រីរដ្ឋាភិបាលឱ្យដឹងថា ដីព្រៃលិចទឹកជិត៦០ ០០០ហិកតានៅជុំវិញបឹងទន្លេសាប ត្រូវបានដកហូតមកទុកជាសម្បត្តិរដ្ឋវិញ ក្រោយពីចុះប្រតិបត្តិការទប់ស្កាត់បទល្មើសព្រៃលិចទឹកតាមបណ្ដាខេត្តទាំង៦ រួចមក។
កាលពីឆ្នាំ២០១១ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្ដីពី «ការកំណត់ដែនព្រៃលិចទឹកប្រមាណ៦៥ម៉ឺនហិកតា» ស្ថិតក្នុងខេត្តចំនួន៦ជុំវិញបឹងទន្លេសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ ប៉ុន្តែដែនព្រៃលិចទឹកនេះត្រូវបានប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច រកឃើញថា មានការរំលោភបំពានដោយខុសច្បាប់រាប់ពាន់ហិកតានៅឆ្នាំ២០២១។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាទៅប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ចុះទប់ស្កាត់ជាបន្ទាន់ចំពោះករណីទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបដោយខុសច្បាប់នេះ និងចាត់វិធានការច្បាប់តឹងរ៉ឹងចំពោះអ្នកល្មើសផងដែរ។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត ប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍នេះថា រហូតមកដល់ពេលនេះ ដីព្រៃលិចទឹកជិត៦០ ០០០ហិកតា ក្នុងខេត្តចំនួន៦នៅជុំវិញបឹងទន្លេសាប ត្រូវបានដកហូតមកទុកជាសម្បត្តិរដ្ឋវិញ ក្រោយជនល្មើសទន្ទ្រានកាន់កាប់ដោយខុសច្បាប់។
អ្នកនាំពាក្យរូបនេះបន្តថា ក្រៅពីដកហូតដីមកវិញ រដ្ឋាភិបាលបានបញ្ជាទៅអាជ្ញាធរពាក់ព័ន្ធឱ្យធ្វើការបោះបង្គោលកំណត់ព្រំដី ដំឡើងផ្ទាំងប៉ាណូ ដើម្បីកំណត់ព្រំតំបន់ការពារដែនព្រៃលិចទឹក និងការដាំដើមឈើលិចទឹកក្នុងតំបន់៣ឡើងវិញ រួមទាំងចុះរៀបចំចុះបញ្ជីដីរដ្ឋក្នុងតំបន់៣នេះផងដែរ។
លោកបន្ថែមថា៖ «យើងចាត់វិធានការចំពោះអ្នករំលោភ យើងបានបោះបង្គោលព្រំនៅតាមតំបន់៣ហ្នឹង និងដាំដើមឈើឡើងវិញ ដូចជា ដើមត្នោត ដើមឫស្សី ដើមរាំងជាដើមហ្នឹង នៅតាមព្រំ នៃតំបន់៣ដែលរងការកាប់ទន្ទ្រានហ្នឹង ឱ្យវាមានសភាពដូចដើមវិញ»។
លោក សេង ឡូត បន្ថែមថា ក្នុងប្រតិបត្តិការបង្ក្រាបនិងទប់ស្កាត់បទល្មើសដីព្រៃលិចទឹកនៅតំបន់ជុំវិញបឹងទន្លេសាបនេះ គឺមានប្រជាពលរដ្ឋច្រើនលើសលុបបានសារភាពនិងព្រមប្រគល់ដីជូនរដ្ឋវិញ ខណៈមន្ត្រីរាជការមួយចំនួនដែលល្មើស ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ តែយ៉ាងណា លោកពុំបានបញ្ជាក់លម្អិតពីចំនួនពិតប្រាកដថាប៉ុន្មាននាក់នោះទេ។
យ៉ាងណា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច លើកឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ថាគ្រាន់តែក្នុងខេត្តកំពង់ធំមួយ ព្រៃលិចទឹកបានបាត់បង់ជាង១០ម៉ឺនហិកតា ប៉ុន្តែមន្ត្រីជំនាញបានធ្វើរបាយការណ៍ទៅរដ្ឋាភិបាល ដោយដាក់តែជាង៣ ០០០ហិកតាប៉ុណ្ណោះ។ ករណីនេះ លោក សុខ ទូច បង្ហាញការមិនពេញចិត្ត និងបានទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធហ៊ានបង្ហាញការពិតចំពោះការធ្វើឱ្យព្រៃលិចទឹករងការទន្ទ្រាន និងការបាត់បង់ធនធានមច្ឆជាតិនៅតំបន់នោះ។
លោកបន្ថែមថា៖ «ខ្ញុំទប់អត់បាន តាមមើលថាមិនមែន៣ ០០០ហិកតាទេ ជាង១០០ ០០០ហិកតា។ សូមឱ្យអ្នកទាំងអស់នោះមានភាពស្មោះត្រង់ចំពោះប្រជាជនកម្ពុជា ជាមួយរដ្ឋាភិបាល។ ខ្ញុំទប់អត់បាន អ៊ីចឹងខ្ញុំយកវេទិកានេះប្រាប់ ហើយសូមឱ្យអ្នកទាំងអស់នោះសម្ដែង[ការពិត]ឱ្យ[រដ្ឋាភិបាល] ខ្ញុំស្គាល់ម្ចាស់ភាគច្រើនហើយ តែសូមឱ្យអ្នកទាំងនោះសម្ដែងការពិតជូនរាជរដ្ឋាភិបាល»។
ពាក់ព័ន្ធករណីនេះ ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង ស្នើដល់រដ្ឋាភិបាលធ្វើការស៊ើបអង្កេតរយៈពេលវែង ដោយមិនត្រូវប្រញាប់បិទបញ្ចប់នោះទេ ដើម្បីស្វែងរកភស្តុតាង និងអ្នកពាក់ព័ន្ធបន្ថែមទៀត យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
មន្ត្រីសង្គមស៊ីវិលរូបនេះក៏បានជំរុញឱ្យធ្វើការស៊ើបអង្កេត និងចាត់វិធានការច្បាប់ឱ្យមានតម្លាភាពចំពោះអ្នករំលោភយកដីព្រៃលិចទឹក ដើម្បីឱ្យប្រជាពលរដ្ឋមានជំនឿលើបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល។
លោកបន្ថែមថា៖ «ការបាត់បង់ព្រៃលិចទឹករាប់ម៉ឺនហិកតា វាមិនមែនជារឿងចៃដន្យទេ ហើយវាក៏មិនទើបតែកើតឡើងដែរ គឺប្រាកដណាស់ថាមានចេតនាទុច្ចរិតក្នុងការបំផ្លិចបំផ្លាញធនធានធម្មជាតិមួយនេះ។ អ៊ីចឹងខ្ញុំគិតថា គួរតែបន្តធ្វើការស៊ើបអង្កេតរយៈពេលវែង ហើយមន្ត្រីដែលជាប់ពាក់ព័ន្ធមិនថាធ្វេសប្រហែសឬលាក់បាំងព័ត៌មានទេ ត្រូវតែមានចំណាត់ការលើមន្ត្រីទាំងអស់នេះដែលបានចូលរួមចំណែកធ្វើឱ្យបាត់បង់ព្រៃលិចទឹកដែលជាជម្រកត្រីដ៏សំខាន់នេះ»។
កាលពីថ្ងៃទី៣ ខែធ្នូនេះ រដ្ឋាភិបាលបានប្រគល់ភារកិច្ចឱ្យអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការស៊ើបអង្កេតស្រាវជ្រាវនិងចាត់វិធានការច្បាប់ចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន និងដកហូតដីជាង២ ០០០ហិកតាទុកជាសម្បត្តិរដ្ឋវិញ រួមទាំងមន្ត្រីដែលពាក់ព័ន្ធផ្សេងទៀតផងដែរ។
វីអូឌី នៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង បាននៅឡើយទេ នៅថ្ងៃនេះ។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចឃុំខ្លួនស្នងការរងខេត្តកំពង់ឆ្នាំង លោក ស៊ុំ សុជាតិ និងនាយការិយាល័យអន្ដរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង លោក កែវ ណារុន ពាក់ព័ន្ធការកាន់កាប់ព្រៃលិចទឹក ខណៈអតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន រហូតពេលនេះ មិនទាន់មានព័ត៌មានណាមួយអំពីការនាំខ្លួននិងចាប់ខ្លួននៅឡើយទេ៕