លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហើបថា កម្ពុជាបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទ អូមីក្រុង នៅក្នុងសហគមន៍បានកើនដល់៤ករណីហើយគិតត្រឹមព្រឹកថ្ងៃចន្ទនេះ។
ការថ្លែងរបស់នាយករដ្ឋមន្ត្រីនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣០នាក់ថ្មី ដែលរកឃើញកាលពីថ្ងៃម្សិលមិញ គឺប្រភេទបំប្លែងខ្លួន «អូមីក្រុង» ហើយការនាំចូលពីក្រៅប្រទេសមាន២៩ករណី និងមួយករណីជាការរកឃើញឆ្លងក្នុងសហគមន៍។
ក្រសួងបន្តថា ករណីរកឃើញនេះ គឺនៅលើបុរសជនជាតិខ្មែរម្នាក់ អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្រសួងបញ្ជាក់ទៀតថា ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បុរសជនជាតិខ្មែររូបនេះបានធ្វើដំណើរទៅកន្លែងជាច្រើន ដូចជា រាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តសៀមរាប និងទៅលេងទីតាំងមួយចំនួននៅតានីទូកមាស ខេត្តកំពត ដោយបានធ្វើដំណើរជាមួយបងប្អូនជីដូនមួយមកពីប្រទេសអូស្ត្រាលីនេះកាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ គាត់បានទៅកំដរអ្នកជំងឺដែលជាបងប្អូនជីដូនមួយគាត់នៅមន្ទីរពេទ្យមួយ ដែលក្រោយមកក៏បានរកឃើញមានវិជ្ជមានវីរុសកូវីដ-១៩ អូមីក្រុង ផងដែរ៕