កម្ពុជាបន្តរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី «អូមីក្រុង» ជាង១០នាក់បន្ថែមទៀត (យោងតាមលទ្ធផលបញ្ជាក់ដោយ PCR test) ខណៈមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេនៅថ្ងៃម្សិលមិញ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន១៥នាក់ទៀត ដែលសុទ្ធតែជាប្រភេទអូមីក្រុងទាំងអស់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន១២នាក់ និងឆ្លងក្នុងសហគមន៍៣នាក់។ ចំណែកអ្នកជាសះស្បើយថ្មីវិញ ក្រសួងថាមានចំនួន៩នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១២០ ៦៣៦នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១១៧ ០២៣នាក់ អ្នកស្លាប់ចំនួន៣ ០១៥នាក់ រួមទាំងករណីនាំចូលពីក្រៅប្រទេសចំនួន២០ ០៤៨នាក់៕