យ៉ាងហោចណាស់មនុស្ស៤នាក់ស្លាប់ និងមនុស្ស២នាក់ទៀតរងរបួស ដោយសារផ្ទុះមីនតោនស្ថិតនៅភូមិសែនតេជៈ ខេត្តព្រះវិហារ ខណៈពួកគេចុះបំពេញការងារសម្អាតមីន និងដុតសម្អាតដីដំាំដំឡូងរបស់ខ្លួន។
លោក អ៊ឹម យ៉េប មេឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា នៅម៉ោងប្រមាណ១១ព្រឹក ប្រជាពលរដ្ឋម្នាក់ឈ្មោះ កែវ អាយុ៤៥ឆ្នាំ បានទៅដុតសម្អាតដីដាំដំឡូងនៅភូមិសែនតេជៈ ឃុំមរកត ស្រាប់តែគ្រាប់មីនតោននៅក្នុងគល់ឈើបានផ្ទុះបណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ចំណែកមន្ត្រីជំនាញដោះមីនតោនរបស់អង្គការដោះមីនកម្ពុជា ចំនួន៣នាក់ទៀតនោះ រួមមាន លោក ស៊ុន វង់ អាយុ២៩ឆ្នាំ ប្រធានក្រុមដោះមីនតោនរបស់អង្គការដោះមីនកម្ពុជា (Cambodian Self Help Demining) អនុប្រធានក្រុម លោក ម៉ា ស៊ីម៉េត អាយុ៣២ឆ្នាំ និងលោក ម៉ន ចក់ អាយុ៣២ឆ្នាំ ខណៈក្រុមការងារ២នាក់ទៀតរងរបួសចំមុខ ដោយសារកម្ទេចដីនិងឈើខ្ទាតត្រូវ ហើយបច្ចុប្បន្ននេះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
លោកមានប្រសាសន៍ថា៖ «មួយថ្ងៃនេះកើតឡើង២ករណី គឺករណីទី១ គាត់មកស្លាប់នៅក្នុងចម្ការដំឡូង។ [កន្លែងបុគ្គលិកអង្គការដោះមីនស្លាប់និងរបួសប៉ុន្មាននាក់ បង?] ខ្ញុំ! មួយថ្ងៃនេះ ស្លាប់៤នាក់ និងរបួស២នាក់»។
អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) លោក ហេង រតនា មានប្រសាសន៍ថា អ្នកជំនាញដោះមីនដែលរងគ្រោះនោះជាមន្ត្រីអង្គការរដោះមីនកម្ពុជា ពុំមែនជាមន្ត្រីជំនាញរបស់ស៊ីម៉ាក់នោះទេ។
យ៉ាងណា នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហេង រតនា នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅម៉ោងប្រមាណ១១និង៣០នាទីព្រឹក មានករណីផ្ទុះគ្រាប់មីនតោនស្លាប់អ្នកជំនាញដោះមីនចំនួន៣នាក់ និងរបួសធ្ងន់ចំនួន២នាក់ ដែលជាបុគ្គលិកនៃអង្គការដោះមីនកម្ពុជា (Cambodian Self Help Demining) នៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកបន្តថា អង្គការដោះមីនកម្ពុជាដែលគេស្គាល់ថាជា«អង្គការអាគីរ៉ា» មានទីតាំងស្នាក់ការនៅខេត្តសៀមរាប។
ហ្វេសប៊ុក ហេង រតនា សរសេរថា៖ « ជាភាពចៃដន្យបំផុតដែរ នៅមុនគ្រោះថ្នាក់ស្លាប់អ្នកដោះមីននេះ កើតឡើងតែប្រមាណ២០នាទីប៉ុណ្ណោះ នៅភូមិនេះក៏មានករណីផ្ទុះគ្រាប់ស្លាប់ប្រជាពលរដ្ឋមួយរូបផងដែរ នៅពេលដែលគាត់កំពុងដុតសម្អាតដីដាំដំឡូង។ ខ្ញុំសូមចូលរួមមរណទុក្ខជាមួយគ្រួសារសពនិងសូមវិញ្ញាណក្ខន្ធសពទាំង៤រូប [អ្នកជំនាញដោះមីន៣រូប និងប្រជាពលរដ្ឋមួយរូប)] បានទៅកាន់ទីបរមសុខកុំបីឃ្លៀងឃ្លាតឡើយ និងសូមអ្នករបួសបានជាសះស្បើយឆាប់រហ័ស»។
យោងតាមរបាយការណ៍របស់អាជ្ញាធរមីនកម្ពុជា កាលពីខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ មានជនរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះចំនួន៣៤នាក់។ តួលេខនេះបង្ហាញពីការថយចុះ ៣៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានជនរងគ្រោះចំនួន៥៥នាក់។
អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា ធ្លាប់ឱ្យដឹងកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ថាក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ អាជ្ញាធរបានបោសសម្អាតឬរំដោះផ្ទៃដី ដែលមានគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ទាំងផ្ទៃដីចម្ការមីន និងចម្ការគ្រាប់ សរុបទំហំជិត៩២លានម៉ែត្រក្រឡា (៩១ ៩១៩ ៩៧២) ស្មើនឹងជាង ៩២% នៃផែនការ។ ជាមួយគ្នានេះ លោកថា ស៊ីម៉ាក់ (CMAC) មានផែនការរំដោះផៃ្ទដីរងការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលសល់ពីសង្គ្រាមជាង១២៥គីឡូម៉ែត្រក្រឡា នៅក្នុងឆ្នាំ២០២២។
ឯកសារផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥ បានឱ្យដឹងថា នៅកម្ពុជាអាចមានផ្ទៃដែលប៉ះពាល់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជិត២ ០០០គីឡូម៉ែត្រការ៉េ (១ ៩៧០គីឡូម៉ែត្រការ៉េ) ក្នុងនោះ ជិត១ ០០០ គីឡូម៉ែត្រការ៉េ (៨៧៧គីឡូម៉ែត្រការ៉េ) ជាដីមានផលប៉ះពាល់ខ្ពស់ដោយសារមីន។ ចំណែកផ្ទៃដីជិត៥០០គីឡូម៉ែត្រការ៉េទៀត (៤៩៩គីឡូម៉ែត្រការ៉េ) ជាដីប៉ះពាល់ដោយគ្រាប់បែកចង្កោម និង ៣៣៣គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម។
ឯកសារដដែលនេះបន្តថា ដើម្បីសម្រេចបាននូវគោលបំណងបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមឱ្យអស់នៅត្រឹមឆ្នាំ២០២៥ខាងមុខ កម្ពុជាត្រូវការថវិកាប្រមាណ៤០៦លានដុល្លារទៀតដើម្បីធ្វើការងារនេះ៕