សាលាដំបូងខេត្តកោះកុង បានសម្រេចផ្អាកសវនាការសំណុំរឿងតំណាងពលរដ្ឋ២នាក់ ដោយសារមានពលរដ្ឋ២ក្រុមប្រមូលផ្ដុំគ្នាគាំទ្រនិងប្រឆាំងតំណាងអ្នកភូមិរូបនោះនៅមុខតុលាការនាព្រឹកថ្ងៃអង្គារនេះ។
មន្ត្រីសម្របសម្រួលសហគមន៍នៅសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាប្រចាំខេត្តកោះកុង លោក ញ៉ិល ភាព ដែលឃ្លាំមើលករណីនេះ ឱ្យដឹងថា តំណាងពលរដ្ឋ២នាក់ រួមមាន អ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន ត្រូវបានតុលាការខេត្តកោះហៅឱ្យចូលសវនាការជាថ្មីទៀតនៅថ្ងៃទី១១ ខែមករានេះ ពាក់ព័ន្ធបទចោទ «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងបរិហារកេរ្តិ៍ជាសាធារណៈ» ទៅតាមបណ្ដឹងរបស់អ្នកស្រី ឆាយ វី ដែលជាអតីតតំណាងពលរដ្ឋដូចគ្នា។
លោក ញ៉ិល ភាព បន្តថា នៅពេលអ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន ត្រៀមចូលសវនាការនោះ គឺមានប្រជាពលរដ្ឋ២ក្រុមបានទៅនាំគ្នាប្រមូលផ្ដុំមុខតុលាការ ដោយមួយក្រុមមានគ្នាប្រហែល៧០០នាក់ មកពី៦សហគមន៍ នៃស្រុកបទុមសាគរ ស្រុកស្រែអំបិល និងស្រុកថ្មបាំង ដើម្បីគាំទ្រតំណាង២នាក់ ខណៈពលរដ្ឋមួយក្រុមទៀតដែលមានគ្នាជាង១០០នាក់តវ៉ាប្រឆាំង និងគាំទ្រដើមបណ្ដឹង គឺគាំទ្រអ្នកស្រី ឆាយ វី។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា ក្រោមហេតុផលពលរដ្ឋ២ក្រុមតវ៉ាប្រឆាំងគ្នានេះហើយ ទើបតុលាការខេត្តកោះកុងបានសម្រេចពន្យារពេលសវនាការតំណាងពលរដ្ឋទាំង២នាក់នោះទៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២វិញ។
លោកបន្ថែមថា៖ «អ៊ីចឹងមានភាពរញ៉េរញ៉ៃពេញមុខតុលាការ ហើយស្រែកជេរឌឺដងគ្នាពេញទឹកពេញដី។ តុលាការគេមិនអាចដំណើរការនីតិវិធីរបស់គេបាន ក៏លើកពេលទៅ»។
តំណាងពលរដ្ឋម្នាក់ អ្នកស្រី ផាវ ញ៉ើង និយាយថា ករណីតុលាការពន្យារពេលសវនាការលើសំណុំរឿងរបស់ពួកគាត់នេះ គឺមានចេតនាលម្អៀងទៅភាគដើមបណ្ដឹង ហើយថា ការពន្យារពេលនេះទៀត គឺធ្វើឱ្យអ្នកស្រីនិងពលរដ្ឋដែលចូលរួមគាំទ្រខាតបង់ថវិកាសម្រាប់ការធ្វើដំណើរ និងពេលវេលារកស៊ីផងដែរ។
តំណាងពលរដ្ឋរូបនេះនៅតែអះអាងថា ខ្លួនគ្មានកំហុស និងរក្សាជំហរចោទប្រកាន់អ្នកស្រី ឆាយ វី ដែលជាអតីតតំណាងពលរដ្ឋដូចគ្នាថា បានគប់គិតគ្នាលក់ដីរដ្ឋឱ្យឧកញ៉ាដដែល ហើយទាមទាឱ្យពន្លឿននីតិវិធីសវនាការសំណុំរឿងនេះឱ្យបានឆាប់ផងដែរ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំចង់ដឹងថា តុលាការនឹងផ្ដល់យុត្តិធម៌ដល់ខ្ញុំដែរអត់? ពីព្រោះខ្ញុំជាជនរងគ្រោះបាត់បង់ដី! ហើយក្នុងសំណុំរឿងនេះ ខ្ញុំជាអ្នកការពារដីរដ្ឋទុកឱ្យរដ្ឋ មិនបានទៅរំលោភយកដីរដ្ឋដូច ឆាយ វី នាំប្រជាជនមកធ្វើការគាំទ្រខ្លួនទៀតនោះទេ។ ហើយសុំឱ្យតុលាការប្រើក្រមសីលធម៌និងវិជ្ជាជីវៈក្នុងនាមជាតុលាការកាត់ក្ដីដោយយុត្តិធម៌»។
អ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង លោក វ៉ៃ ភិរម្យ មានប្រសាសន៍ថា តុលាការសម្រេចពន្យារពេលសវនាការ ដោយសារតែប្រជាពលរដ្ឋគាំទ្រភាគីទាំងសងខាងក្នុងសំណុំរឿងក្ដីមួយនេះបានមកប្រមូលផ្ដុំគ្នានៅមុខតុលាការច្រើនពេក។ លោកថា ដើម្បីបញ្ចៀសនូវការប្រឈមមុខដាក់គ្នា និងការប្រព្រឹត្តអំពើហិង្សាជាយថាហេតុ ទើបតុលាការពន្យារពេលទៅសវនាការនៅពេលក្រោយវិញ។
លោកបន្ថែមថា៖ «ចៅក្រមជំនុំជម្រះបានសាកសួរមតិយោបល់តំណាងអយ្យការ មេធាវីការពារសិទ្ធិភាគីនៃរឿងក្ដី និងបានសម្រេចតាមការស្នើសុំឱ្យលើកពេលសវនាការទៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ វិញ»។
វីអូឌី មិនអាចសុំការឆ្លើយតបពីដើមបណ្ដឹង គឺអ្នកស្រី ឆាយ វី បានទេ ពាក់ព័ន្ធករណីនេះ។
ប៉ុន្តែអតីតតំណាងពលរដ្ឋ អ្នកស្រី ឆាយ វី ធ្លាប់ប្រាប់ វីអូឌី ថាអ្នកស្រីប្ដឹងតំណាងពលរដ្ឋទាំង២នាក់នោះទៅតុលាការ ដោយសារពួកគេបានចោទអ្នកស្រីថា បានគប់គិតគ្នាលួចលក់ដីសហគមន៍ទៅឱ្យឧកញ៉ានៅខេត្តកោះកុង ប៉ុន្តែអ្នកស្រីក៏មិនបានដឹងថាឧកញ៉ារូបណានោះដែរ ទាំងដែលអ្នកស្រីមិនបានធ្វើដូចការចោទប្រកាន់នោះឡើយ។
អ្នកស្រី ឆាយ វី បន្តថា ការចោទប្រកាន់អ្នកស្រីពីសំណាក់តំណាងពលរដ្ឋទាំង២នាក់នោះ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់គាត់។
ពាក់ព័ន្ធសំណុំរឿងនេះ មន្ត្រីអង្គការសង្គមស៊ីវិលប្រចាំខេត្តកោះកុងធ្លាប់ជំរុញឱ្យតុលាការចុះស៊ើបអង្កេតស្រាវជ្រាវនិងធ្វើការដោយឈរលើគោលការណ៍ឯករាជ្យ តម្លាភាព ដើម្បីផ្ដល់យុត្តិធម៌ដល់ភាគីទាំងសងខាង។
កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមពលរដ្ឋ១៧៥គ្រួសារ នៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានប្ដឹងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដោយចោទប្រកាន់អ្នកស្រី ឆាយ វី ថាបាន «ញុះញង់ឱ្យប្រជាពលរដ្ឋលក់ដីសេសសល់បម្រុងទុករបស់សហគមន៍ទៅឱ្យឧកញ៉ាម្នាក់នៅខេត្តកោះកុង» ប៉ុន្តែត្រូវបានអ្នកស្រី ឆាយ វី ច្រានចោល និងប្ដឹងបកទៅតុលាការវិញ៕