តុលាការរាជធានីភ្នំពេញ បានសម្រេចទម្លាក់បទចោទលើអតីតប្រធានចលនាយុវជនរបស់គណបក្សសង្រ្គោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង និងបក្ខពួកចំនួន៩នាក់ផ្សេងទៀតឱ្យមានសេរីភាពវិញ ពាក់ព័ន្ធសំណុំរឿងព្រឹត្តិការណ៍៩វិច្ឆិកា ឆ្នាំ២០១៩ ដែលត្រូវបានបង្កើតឡើងដោយលោក សម រង្ស៉ី។
លោក យឹម ស៊ីណន ប្រធានចលនាយុវជនរបស់អតីតគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ មានប្រសាសន៍នៅថ្ងៃទី១៨ ខែមករានេះថា ដើមចមដែលនាំឱ្យគាត់ត្រលប់មកកម្ពុជា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ ដោយសារតែលោកត្រូវមករួមរស់ជាមួយក្រុមគ្រួសារវិញ ហើយលោកមិនចង់ទៅរស់នៅប្រទេសផ្សេងទៀតក្រៅពីប្រទេសកំណើតរបស់ខ្លួននោះដែរ។
លោកបញ្ជាក់ថា ក្រោយមកដល់កម្ពុជា គឺនៅថ្ងៃទី១៧ ខែមករា ម្សិលមិញ តុលាការបានសម្រេចទម្លាក់បទចោទទៅលើរូបគាត់ និងមនុស្ស៩នាក់ផ្សេងទៀត។
លោក ស៊ីណន និយាយថា៖ «តាមរយៈមេធាវីរបស់ខ្ញុំ គាត់បានបញ្ជាក់ហើយ ស្ថាប័នតុលាការបានសម្រេចទម្លាក់បទចោទប្រកាន់មកលើរូបខ្ញុំ និងអតីសហការីខ្ញុំ៩នាក់ទៀត។ អ៊ីចឹងខ្ញុំមានការសប្បាយរីករាយ និងបាត់បង់ការភ័យខ្លាច បានជួបជុំគ្រួសារនិងសាច់ញាតិវិញ»។
ទាក់ទិននឹងវិស័យនយោបាយវិញ លោកថា បើសិនជាស្ថានការណ៍ធូរស្រាល លោកនឹងពិចារណាចូលប្រឡូកក្នុងវិស័យនយោបាយឡើងវិញ ប៉ុន្តែលោកនៅមិនទាន់បញ្ជាក់ថានឹងចូលរួមជាមួយបក្សណានៅឡើយទេ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន សុំមិនបកស្រាយចំពោះការសម្រេចទម្លាក់ចោលការចោទប្រកាន់លើលោក យឹម ស៊ីណន និងបក្ខពួកនោះឡើយ ដោយថាជាសិទ្ធិសម្រេចរបស់តុលាការ។
លោកមានប្រសាសន៍ថា៖ «ជាការសម្រេចរបស់តុលាការ ដំណើរការនីតិវិធីរបស់តុលាការ ដោយផ្អែកលើមូលដ្ឋានអ្វីខ្លះដែលគាត់សម្រេច ហើយខ្ញុំសុំមិនមានយោបល់ទេ ដោយសារនេះជាការសម្រេចរបស់តុលាការ»។
វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ នៅរសៀលថ្ងៃអង្គារនេះ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា តុលាការសម្រចទម្លាក់បទចោទលើលោក យឹម ស៊ីណន និងបក្ខពួក៩នាក់ ជាសញ្ញាល្អក្នុងសង្គមប្រជាធិបតេយ្យ។
លោកជំរុញទៅតុលាការគួរតែទម្លាក់បទចោទលើមន្ត្រី ឬអ្នកដែលគាំទ្រអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ដើម្បីកុំឱ្យមានការរិះគន់ពីសហគមន៍អន្តរជាតិ ជុំវិញការរឹតត្បិតសេរីភាព ដែលផ្ទុយពីច្បាប់ជាតិនិងច្បាប់អន្តរជាតិ។
លោក អំ សំអាត ថ្លែងថា៖ «យើងឃើញហើយថា ការចោទប្រកាន់លើក្រុមយុវជនដែលនៅកូរ៉េក្ដី នៅក្នុងប្រទេសក្ដី យើងឃើញសហគមន៍ជាតិនិងអន្តរជាតិនៅតែលើកឡើងថា វាជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់»។
លោកមានប្រសាសន៍បន្ថែម៖ «ដើម្បីកុំឱ្យមានការរិះគន់រឿងនេះបន្តទៀត ហើយដើម្បីកុំឱ្យមានការរំលោភបំពានសេរីភាពជាមូលដ្ឋានដែលធានាដោយរដ្ឋធម្មនុញ្ញក្នុងមាត្រា៣៥ ដែលនិយាយថា ពលរដ្ឋទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ហើយនិងបទដ្ឋានអន្តរជាតិដទៃទៀត ដែលកម្ពុជាយើងបានផ្ដល់សច្ចាប័ន ហើយទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញ គួរតែពិចារណាទម្លាក់បទចោទប្រកាន់ពួកគេដូចយុវជននៅកូរ៉េនេះ»។
កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ លោក យឹម ស៊ីណន និងមនុស្ស៩នាក់ផ្សេងទៀត ដែលជាសកម្មជននិងអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិ បានផ្ញើលិខិតមួយស្នើសុំកិច្ចអន្តរាគមន៍ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដកការចោទប្រកាន់ទាំងឡាយទៅលើពួកគេដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍វិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
លិខិតរបស់លោក យឹម ស៊ីណន ពេលនោះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រគល់ទៅឱ្យ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីពិនិត្យមើលនិងដោះស្រាយ៕