អាជ្ញាធរគ្រឿងញៀនកម្ពុជា បានអះអាងថា សារធាតុគីមីផ្សំជាគ្រឿងញៀនជាង ១០០តោនដែលកម្ពុជាទើបបង្ក្រាបបានកាលពីពេលថ្មីៗនេះ នាំចូលដោយក្រុមហ៊ុនចិនដែលទទួលបានអាជ្ញាប័ណ្ណនាំចូលពីមុខទំនិញចំនួន ៤មុខ ប៉ុន្តែក្រុមហ៊ុននេះបាននាំចូលដល់ទៅ ៨មុខ។
កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានចេញបញ្ជាផ្ទាល់មាត់ឱ្យស្ថាប័នពាក់ព័ន្ធស្វែងរកអ្នកទទួលខុសត្រូវចំពោះការអនុញ្ញាតឱ្យក្រុមហ៊ុនមួយនាំចូលសារធាតុផ្សំជាគ្រឿងញៀនជាង ១០០តោនចូលមកកម្ពុជានេះ។ លោក ស ខេង ក៏បានប្រាប់រដ្ឋមន្ត្រីនៅក្រសួងពាក់ព័ន្ធ ដែលផ្តល់អាជ្ញាប័ណ្ណនាំសារធាតុផលិតគ្រឿងញៀនចូលកម្ពុជា មិនត្រូវមើលស្រាលលើបញ្ហានេះទេ។ បើពុំដូច្នេះទេ លោកថា រដ្ឋមន្ត្រីរូបនោះ នឹងជាប់ជំពាក់នឹងការបំផ្លាញសុខភាពសាធារណៈ និងបំផ្លាញសេដ្ឋកិច្ច សង្គម ថែមទៀត។
អគ្គស្នងការរងនគរបាលជាតិទទួលផែនប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ មានប្រសាសន៍នៅថ្ងៃសុក្រនេះថា ក្រុមហ៊ុនដែលនាំចូលសារធាតុគីមីជាង ១០០តោនដោយស្របច្បាប់នេះមានឈ្មោះ ស៊ិនយីងហ្វេង ជារបស់ជនជាតិចិន។ លោកបន្តថា ក្រុមហ៊ុននេះ បាននាំចូលសារធាតុគីមីចំនួន ៨មុខ ប៉ុន្តែទទួលបានអាជ្ញាបណ្ណពីក្រសួងតែ៤មុខប៉ុណ្ណោះ។
លោកថា៖ «ដំបូងយើងទើបរកឃើញក្រុមហ៊ុនទេ ដែលនាំចូលដោយមានអាជ្ញាប័ណ្ណ គាត់នាំចូល ក្រុមហ៊ុនហ្នឹង ៨មុខ តែមានអាជ្ញាប័ណ្ណ ៤មុខទេ ដោយឡែកនៅទីតាំងផ្សេងទៀត អត់មានអាជ្ញាបណ្ណ។ ក្រុមហ៊ុនហ្នឹង ក្រុមហ៊ុន ស៊ិនយីងហ្វេង ដែលយើងបង្ក្រាបបាននៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ»។
លោក ម៉ក់ ជីតូ បន្តថា សារធាតុគីមីជាង ១០០តោន ត្រូវបានរក្សាទុកនៅតាមទីតាំងនីមួយៗ ហើយបច្ចុប្បន្នអាជ្ញាធរទទួលផែនប្រឆាំងគ្រឿងញៀន កំពុងសហការជាមួយក្រុមបច្ចេកទេសសហរដ្ឋអាមេរិក និងអូស្ត្រាលី ដើម្បីសុំបច្ចេកទេសបន្សាបគ្រឿងញៀន មុននឹងបំផ្លាញចោល។
នៅពេលសួរថា តើស្ថាប័នណាជាអ្នកទទួលខុសត្រូវចំពោះករណីនេះ? លោក ម៉ក់ ជីតូ នៅមិនទាន់អាចឆ្លើយបាននៅឡើយទេ ដោយកំពុងធ្វើការស៊ើបអង្កេតបន្ត។
លោកថា៖ «អាហ្នឹង អាស្រ័យលើការស៊ើបអង្កេតរបស់យើង តើការពាក់ព័ន្ធចេតនា ឬអចេតនា ឥឡូវឆ្លើយមិនទាន់បានទេ»។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ សុំមិនធ្វើអត្ថាធិប្បាយ នៅពេលសួរថា តើក្រុមហ៊ុន ស៊ិនយីងហ្វេង បានចុះបញ្ជីធ្វើអាជីវកម្មនៅក្រសួងពាណិជ្ជកម្មដែរឬទេ?
លោកថា៖ «ខ្ញុំសុំមិនធ្វើអត្ថាធិប្បាយបានទេ»។
អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម ប្រាប់ថា លោកកំពុងជាប់រវល់ប្រជុំ ដោយមិនអាចឆ្លើយនឹងសំណួរថា តើហេតុអ្វីបានជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករអនុញ្ញាតឱ្យមានក្រុមហ៊ុន ស៊ិនយីងហ្វេង នាំមុខទំនិញលើសពីអាជ្ញាប័ណ្ណចូលកម្ពុជានោះ។ ប៉ុន្តែលោកធ្លាប់លើកឡើងថា អគ្គនាយកដ្ឋានគយបានអនុញ្ញាតឱ្យនាំចូលទំនិញគីមីចូលកម្ពុជា បន្ទាប់ពីក្រសួងជំនាញបានផ្ដល់អាជ្ញាប័ណ្ណឱ្យតែប៉ុណ្ណោះ។
វីអូឌី មិនទាន់អាចស្វែងរកការអត្ថាធិប្បាយជុំវិញករណីនេះពីតំណាងក្រុមហ៊ុន ស៊ិនយីងហ្វេង បាននៅឡើយទេនៅថ្ងៃនេះ។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ករណីនេះ អាចជាប់ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ ដោយមន្ត្រីប្រចាំការនៅតាមច្រកព្រំដែន។ លោកបានជំរុញដល់មន្ត្រីនៅស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវធ្វើយ៉ាងណាកុំឱ្យមានការនាំចូលសារធាតុគីមី ដែលអាចយកផ្សំធ្វើជាគ្រឿងញៀនចូលកម្ពុជា។
លោកថា៖ «យើងមិនអាចធ្វើសេចក្ដីសន្និដ្ឋានបានទេ ជាការយល់ឃើញឬជាការសង្ស័យហើយពលរដ្ឋ ក៏អាចសង្ស័យដូចគ្នាដែរ បើសិនជាសារធាតុហ្នឹងនាំចូលដោយអត់មានអាជ្ញាបណ្ណ ហើយអាចយកចូលបានប្រហែលជាអាចមានការស៊ីសំណូកសូកប៉ាន់ ការសូកលុយទ្រង់ទ្រាយធំ ហើយបានអាចអនុញ្ញាតឱ្យក្រុមហ៊ុននាំចូលបាន។ នេះជាការសង្ស័យ ប៉ុន្តែកន្លែងនេះទាមទារឱ្យមានការស៊ើបអង្កេតជាក់លាក់ទៅលើបញ្ហាហ្នឹង។ យើងមានអាជ្ញាធរមានកាតព្វកិច្ចស៊ើបអង្កេតពុករលួយស្រាប់ អ៊ីចឹងសម្រាប់យើងគ្រាន់តែគិតថា មានការពាក់ព័ន្ធអ៊ីចឹង ប៉ុន្តែមិនមែនជាព័ត៌មានជាក់លាក់ទេ អ៊ីចឹងទាមទារឱ្យអាជ្ញាធរត្រួតពិនិត្យ ហើយស៊ើបអង្កេតបន្ថែម»។
ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ ដែលរៀបចំដោយអគ្គនាយកដ្ឋានកសិកម្ម កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានណែនាំឱ្យមន្ត្រីក្រោមឱវាទយកចិត្តទុកដាក់ និងត្រូវសហការជាមួយអាជ្ញាធរគ្រឿងញៀន ត្រួតពិនិត្យចំពោះសមាសភាពផ្សំជីគីមី និងថ្នាំសម្លាប់សត្វល្អិត ដែលអាចយកមកលាយផលិតជាគ្រឿងញៀនបាន។
យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន (UNODC) ចេញផ្សាយកាលពីខែមិថុនាឆ្នាំ២០២១ថា កម្ពុជាគឺជាគោលដៅនៃក្រុមឧក្រិដ្ឋជនគ្រឿងញៀនប្រើប្រាស់សម្រាប់ចរាចរណ៍គ្រឿងញៀន ផលិត និងចែកចាយ។
របាយការណ៍ដែលមានចំណងជើងថា «ការវិវត្តន៍ចុងក្រោយនិងការប្រឈមលើបញ្ហាគ្រឿងញៀននៅតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍» នេះ បានឱ្យដឹងថា ការជួញដូរគ្រឿងញៀននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅតំបន់ត្រីកោនមាស មិនមានការថយចុះឡើយ បើទោះបីជាមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ក្តី។
របាយការណ៍ដដែល បន្តថា ផ្ទុយទៅវិញ ការជួញដូរគ្រឿងញៀននៅឆ្នាំ២០២០កន្លងទៅនេះមានចំនួន ១៧០តោន ដែលចំនួននេះបានកើនឡើង១៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ ក្នុងនោះ រដ្ឋសាន (Shan) នៃប្រទេសភូមា គឺជាប្រភពរោងចក្រផលិតគ្រឿងញៀនដ៏ធំជាងគេ ខណៈប្រទេសកម្ពុជា គឺជាគោលដៅចំបងនៃក្រុមឧក្រិដ្ឋជនគ្រឿងញៀនប្រើប្រាស់ជាទីតាំង សម្រាប់ការចរាចរណ៍គ្រឿងញៀន ការផលិត កែច្នៃ និងចែកចាយបន្ត ហើយក្រុមឧក្រិដ្ឋជនគ្រឿងញៀនទាំងនោះ ភាគច្រើន គឺជាជនជាតិចិន និងចិនតៃវ៉ាន់។
ដោយឡែក បើតាមអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រាប់វីអូឌីកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ថាការបង្ក្រាបបទល្មើសគ្រឿងញៀនកាលពីឆ្នាំ២០២១ សមត្ថកិច្ចចាប់ជនល្មើសបាន ១២ ០០០នាក់ ក្នុងនោះ ៣០% ជាអ្នកប្រើប្រាស់ និង ៧០% ជាអ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀន ដូចជា ជួញដូរ រក្សាទុក និងដាំដុះ ខណៈគ្រឿងញៀនសមត្ថកិច្ចរឹបអូសបានជាង ៤ តោន។ ចំនួនគ្រឿងញៀនដែលបង្ក្រាបបាននៅឆ្នាំ២០២១ បើធៀបកាលពីឆ្នាំ២០២០ មានការកើនឡើងប្រហែល ៣០%៕