តំណាងពលរដ្ឋម្នាក់ដែលអះអាងថាកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ នៅស្រុកបទុមសាគរ ខេត្តកោះកុង ត្រូវបានតុលាការកោះហៅឱ្យឆ្លើយបំភ្លឺនៅសប្ដាហ៍ក្រោយ ខណៈពលរដ្ឋជាង១០០គ្រួសារបានចូលទៅរស់នៅលើដីជម្លោះវិញ។
កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង លោក វ៉ៃ ភីរម្យ បានកោះហៅតំណាងពលរដ្ឋម្នាក់ គឺអ្នកស្រី ភាព តេង ឱ្យឆ្លើយបំភ្លឺនៅថ្ងៃទី១៥ ខែកុម្ភៈ ខាងមុខនេះ ដោយចោទប្រកាន់ថាបានបង្កចលាចលនិងធ្វើឱ្យខូចសណ្ដាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្តកោះកុង។
អ្នកស្រី ភាព តេង ដែលអះអាងថាជាតំណាងពលរដ្ឋមានជម្លោះដីធ្លី ២៤៣គ្រួសារ នៅឃុំកណ្ដោល ស្រុកបទុមសាគរ ប្រាប់វីអូឌីនៅថ្ងៃពុធនេះថា តុលាការកោះហៅអ្នកស្រីឱ្យឆ្លើយបំភ្លឺនេះ ធ្វើឡើងក្រោយពីគាត់សកម្មក្នុងការដឹកនាំពលរដ្ឋតវ៉ាទាមទារដីធ្លីពីក្រុមហ៊ុន «កោះកុងស៊ូហ្គើ» និង «កោះកុងផ្លេនថេសិន» របស់ឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា ដែលបានឈូសឆាយរំលោភយកដីរបស់ពួកគេអស់តាំងពីឆ្នាំ២០០៦។
តំណាងពលរដ្ឋរូបនេះចាត់ទុកករណីតុលាការកោះហៅរូបគាត់នេះថាជារឿងមិនត្រឹមត្រូវ និងជាការគំរាមកំហែងបំបាក់ស្មារតី និងជាការគេចវេះមិនទទួលខុសត្រូវដោះស្រាយរបស់អាជ្ញាធរ ខណៈអ្នកភូមិ១៥០គ្រួសារបាននាំគ្នាចូលទៅរស់នៅលើដីទំនាស់កាលពីចុងខែមុន។
អ្នកស្រីបន្ថែមថា៖ «វាអយុត្តិធម៌បំផុតសម្រាប់ខ្ញុំ! មិនព្រមដោះស្រាយបញ្ហាដីធ្លីជូនពួកខ្ញុំ បែរជាប្ដឹងពួកយើងទៅតុលាការទៅវិញ។ ពួកយើងគ្រាន់តែតវ៉ាទាមទារសិទ្ធិដីធ្លីរបស់ខ្លួនឯងសោះ»។
លោក ឈឹម សាផាន ដែលអះអាងថាជាតំណាងពលរដ្ឋ៨៤៣គ្រួសារ នៅឃុំកណ្ដោល មានប្រសាសន៍ថា រូបលោកនិងពលរដ្ឋ១០នាក់ទៀត ក៏ត្រូវបានអាជ្ញាធរលាបពណ៌និងចោទប្រកាន់ថាបានញុះញង់ឱ្យពលរដ្ឋតវ៉ានិងចូលទៅរស់នៅលើដីរដ្ឋខុសច្បាប់ដែរ រួមទាំងរងការគំរាមកំហែងប្ដឹងទៅតុលាការផងដែរ។
លោកអះអាងថា ក្រុមពលរដ្ឋ៨៤៣គ្រួសារ ក្រុមពលរដ្ឋ១២៩គ្រួសារ និងក្រុមពលរដ្ឋ១ ០៥២គ្រួសារទៀត ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ តាំងពីឆ្នាំ២០០៦នោះ ក៏នៅមិនទាន់ទទួលបានដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធនៅឡើយ បើគិតរហូតមកដល់ពេលនេះ។
លោកបន្ថែមថា៖ «គេ [អាជ្ញាធរ] ប្រកាសថា គេដោះស្រាយរួចរាល់ហើយ គេមិនដោះឱ្យ! ហើយគេចោទខ្ញុំថាជាមេខ្លោង ឱ្យខ្ញុំបញ្ឈប់ការតវ៉ា គំរាមកំហែងឱ្យយើងបាក់ស្មារតី។ សហគមន៍៨៤៣ [គ្រួសារ] មិនបាក់ស្មារតីទេ យើងបានឡើងយកញត្តិមកដាក់នៅខុទ្ទកាល័យ និងដាក់នៅក្រសួងរៀបចំដែនដីទៀត។ បើសិនជាអត់រកដំណោះស្រាយទេ ពួកយើងនឹងទៅរស់នៅលើរបស់ពួកយើងវិញ»។
អភិបាលស្រុកបទុមសាគរ លោក ហាក់ ឡេង មានប្រសាសន៍ថា អាជ្ញាធរស្រុកមិនបានប្ដឹងតំណាងពលរដ្ឋ អ្នកស្រី ភាព តេង ទៅតុលាការនោះទេ។
លោកបន្តថា ពលរដ្ឋទាំង៣ក្រុមដែលកំពុងតវ៉ានោះ គឺក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកោះកុង បានចេញលិខិតបដិសេធមិនដោះស្រាយឱ្យជាច្រើនដងហើយ ដោយសារក្រុមពលរដ្ឋទាំងនោះទទួលបានការដោះស្រាយរួចជាយូរមកហើយ។ លោកថា ដីដែលពលរដ្ឋកំពុងចូលបោះតង់រស់នៅនោះជាដីរដ្ឋស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម។
លោក ហាក់ ឡេង បន្ថែមថា អាជ្ញាធរស្រុកតែងតែចុះណែនាំនិងប្រាប់ដល់ពលរដ្ឋឱ្យឈប់តវ៉ា រួមទាំងរុះរើតង់ចេញពីដីរដ្ឋ ប៉ុន្តែពលរដ្ឋទាំងនោះមិនស្ដាប់។
លោកបន្ថែមថា៖ «យើងបានប្រាប់ពួកគាត់ថា បងប្អូនធ្វើអ៊ីចឹងខុសច្បាប់ហើយ! អាជ្ញាធរយើងបានទៅអង្វរករគាត់ជារៀងរាល់ថ្ងៃ។ អ៊ីចឹងក្រៅពីយើងទៅអង្វរករគាត់អស់ពីលទ្ធភាព ហើយគាត់នៅតែមិនព្រមទៀត អាជ្ញាធរនឹងអនុវត្តវិធានការរដ្ឋបាល»។
វីអូឌី មិនអាចរកការឆ្លើយតបពីតំណាងក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ បានទេ ពាក់ព័ន្ធករណីនេះ។
មន្រ្តីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន មានប្រសាសន៍ថា នៅខេត្តកោះកុងមានពលរដ្ឋមិនក្រោម១០នាក់នោះទេដែលកំពុងរងបណ្ដឹងនៅតុលាការដោយសារបញ្ហាដីធ្លី។
មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីចាត់វិធានការលើពលរដ្ឋមានជម្លោះដីធ្លី មិនមែនជាដំណោះស្រាយនិងជាវិធីល្អដើម្បីឱ្យពលរដ្ឋឈប់តវ៉ានោះទេ។
លោកបន្ថែមថា៖ «ដើម្បីកុំឱ្យប្រជាជនធ្វើការតវ៉ា ក៏ដូចជាការទាមទារផ្សេងៗ អ៊ីចឹងអាជ្ញាធរគួរតែធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់ថាតើប្រជាពលរដ្ឋពិតជាប្រជាពលរដ្ឋរងគ្រោះពិតប្រាកដដែរឬក៏អត់? ពួកគាត់ពិតជាបានបាត់បង់ដីពិតប្រាកដមែនឬក៏អត់? ដើម្បីដោះស្រាយជូនពួកគាត់ទៅតាមផ្លូវច្បាប់ ឬក៏ធ្វើការសម្របសម្រួលណាមួយ។ ការប្រើប្រព័ន្ធតុលាការមកលើប្រជាពលរដ្ឋ វាកាន់តែធ្វើឱ្យប្រជាពលរដ្ឋមានកំហឹង និងខឹងមកលើអាជ្ញាធរបន្ថែមទេ»។
កាលពីថ្ងៃទី៨ ខែកុម្ភៈនេះ សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញរបាយការណ៍មួយដោយរកឃើញថា ក្នុងឆ្នាំ២០២១ មានពលរដ្ឋរងគ្រោះដីធ្លី១៥៧នាក់កំពុងជាប់បណ្ដឹងអាជ្ញា និងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតុលាការ ខណៈជនរងគ្រោះ១៧នាក់ទៀតកំពុងឃុំខ្លួនបណ្ដោះអាសន្ន ដោយសារការតវ៉ាទាមទារដីធ្លីរបស់ខ្លួន។
សមាគមមួយនេះបានទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការចោទប្រកាន់និងចាប់ឃុំខ្លួនប្រជាពលរដ្ឋក្នុងរឿងវិវាទដីធ្លីនៅកម្ពុជា ដោយថា ពួកគាត់គ្រាន់តែប្រើសិទ្ធិក្នុងការតវ៉ាដើម្បីទាមទាររកយុត្តិធម៌តែប៉ុណ្ណោះ៕