របាយការណ៍មួយរបស់អង្គការសមាគមធាងត្នោត បានរកឃើញថា ផ្ទៃបឹងតាមោក ឬបឹងទំនប់កប់ស្រូវ ជាង៦០ភាគរយ ត្រូវបានរដ្ឋាភិបាលកាត់ប្រគល់ទៅឱ្យវិស័យឯកជននិងស្ថាប័នរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិ ដែលធ្វើឱ្យទំហំផ្ទៃបឹងនៅសល់តែជាង១ ០០០ហិកតាប៉ុណ្ណោះ។
អង្គការសមាគមធាងត្នោត នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញរបាយការណ៍មួយដោយបង្ហាញថា គិតត្រឹមខែធ្នូ ឆ្នាំ២០២១ ផ្ទៃបឹងតាមោក ឬបឹងកប់ស្រូវ ប្រមាណជាង២ ០០០ហិកតា (២ ០៩៤,៧១៦៥ហិកតា) ឬស្មើជិត ៦៥% ត្រូវបានរដ្ឋាភិបាលកាត់ឱ្យឧកញ៉ា ក្រុមហ៊ុនឯកជន និងស្ថាប័នសាធារណៈ ដែលសរុបនៃការកាត់ទាំងអស់មានចំនួន៤៣ដង។ សមាគមនេះបញ្ជាក់ថា បើតាមផែនទីនោះ ផ្ទៃបឹងតាមោកឬបឹងទំនប់កប់ស្រូវស្ទើរតែទាំងស្រុង ត្រូវបានកាត់គ្រប់ទីកន្លែងនៃផ្ទៃបឹងទៅហើយ។
របាយការណ៍សមាគមធាងត្នោត បន្តទៀតថា បឹងធម្មជាតិមួយនេះមានប្រជាជនរស់នៅជុំវិញប្រមាណ៣០០គ្រួសារ និងមានមនុស្សប្រហែល១ ០០០នាក់ ដែលភាគច្រើនប្រកបរបរចិញ្ចឹមជីវិតដោយការនេសាទត្រី ដាំដំណាំ ចិញ្ចឹមត្រី និងរកស៊ីលក់ដូរនៅផ្ទះ។
ប្រធានគម្រោងសិទ្ធិលំនៅឋាន និងស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត លោក ស៊ាង មួយឡៃ មានប្រសាសន៍ថា បើតាមប្លង់គូររបស់រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់និងរក្សាផ្ទៃបឹងតាមោកទុកសម្រាប់រំដោះនិងស្តុកទឹកជាង២ ០០០ហិកតា ប៉ុន្តែការអនុវត្តជាក់ស្ដែងបែរជាផ្ទុយទៅវិញ។
លោកបន្តថា អ្វីដែលផ្ទុយនោះ គឺជាង២ ០០០ហិកតាត្រូវបានរដ្ឋាភិបាលកាត់ ខណៈផ្ទៃបឹងនៅសល់តែជាង១ ០០០ហិកតាប៉ុណ្ណោះ ហើយផៃ្ទបឹងជាង១ ០០០ហិកតានេះក៏មិនបា្រកដថានៅថ្ងៃខាងមុខរដ្ឋាភិបាលរក្សាទុកឡើយ ដោយថា បឹងធម្មជាតិនេះអាចនឹងត្រូវបានកាត់ឬលុបអស់ទាំងស្រុងតែម្ដង។
លោកថា៖ «ការរក្សាទុក២ ០០០ហិកតាហ្នឹង ជាក់ស្ដែងវាបញ្ច្រាសទៅវិញ មានន័យថា ផ្ទៃបឹងរាល់ថ្ងៃនេះកាត់អស់ជាង២ ០០០ហិកតា។ អ៊ីចឹងនៅសល់ជាង១ ០០០ហិកតា ដែលយើងគិតថា នឹងមានការកាត់ជាបន្តបន្ទាប់ទៀត»។
លោកបន្តថា ការកាត់ផ្ទៃបឹងតាមោកប្រគល់ឱ្យឯកជននិងស្ថាប័នរដ្ឋចាក់ដីលុបនិងសង់អគារ បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង១០០គ្រួសារដែលបានអាស្រ័យផលពីផ្ទៃបឹងនោះ។
បើសិនជាបឹងធម្មជាតិដែលនៅសល់ជាង១ ០០០ហិកតាត្រូវបានកាត់និងលុបជាបន្តបន្ទាប់ទៀតនោះ លោក ស៊ាង មួយឡៃ បារម្ភថា រាជធានីភ្នំពេញនឹងប្រឈមជំនន់ទឹកភ្លៀង ដោយសារការសាងសង់ប្រឡាយធ្វើប្រព័ន្ធលូមិនអាចដោះស្រាយបញ្ហាទឹកជំនន់ឡើយ បើសិនមានភ្លៀងធ្លាក់ច្រើនឬទឹកធំនៅរដូវវស្សា។
លោកថា៖ «បើសិនជាយើងលុបបឹង ប្រាកដណាស់ យើងមិនអាចរំពឹងទៅលើប្រឡាយទឹក ក្នុងការរំដោះទឹកនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្ដងៗទេ។ អ៊ីចឹងវាមិនអាចហូរទាន់ទេនៅពេលមានភ្លៀងធ្លាក់ម្ដងៗ វាប្រាកដបង្កបញ្ហាទឹកជន់លិចជាដដែល ដែលយើងធ្លាប់ជួបប្រទះកន្លងមកនេះ។ អ៊ីចឹងត្រូវចំណាយពេលវេលា ចំណាយលុយធ្វើរឿងដដែលហ្នឹងរាប់ឆ្នាំតទៅ»។
បឹងតាមោក មានផ្ទៃដីសរុប៣ ២៣៩ហិកតា ជាអាងស្តុកទឹកកខ្វក់និងរំដោះទឹកចេញពីរាជធានីភ្នំពេញ ហើយបឹងនេះត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យមួយកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយកំណត់ជាសម្បតិ្តសាធារណៈរបស់រដ្ឋ។
ប៉ុន្តែបើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ ដល់ខែធ្នូ ឆ្នាំ២០២១ ផ្ទៃបឹងតាមោកសរុបជាង២ ០០០ហិកតាហើយ ត្រូវបានរដ្ឋាភិបាលកាត់និងដោះដូរទៅឱ្យស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងបុគ្គលឯកជន ដែលគេដឹងថាជាអ្នកមានប្រាក់និងមានអំណាច សម្រាប់សាងសង់អគារនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រមទាំងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន សុំមិនធ្វើអត្ថាធិប្បាយ ដោយបង្វែរសំណួរនេះឱ្យសួរទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានីភ្នំពេញ។
លោកថា៖ «ទាល់សួរឯកឧត្ដម ជា សុផារ៉ា ពីព្រោះជាផែនការមេរបស់គាត់ជាមួយនឹងក្រុង ទាល់ពីអង្គភាពនេះទើបអាចឆ្លើយបាន»។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត មានប្រសាសន៍ថា លោកជាប់រវល់ប្រជុំ ខណៈអភិបាលរងសាលារាជធានីភ្នំពេញ លោក កើត ឆែ សុំមិនធ្វើអត្ថាធិប្បាយ។
លោកថា៖ «សួរខាងធាងត្នោត ព្រោះគាត់អ្នកចេញរបាយការណ៍នេះ ទី១! ហើយទី២ ខ្ញុំអត់ទទួលខុសត្រូវផ្នែកនេះទេ រឿងព្យាបាល [ជំងឺកូវីដ-១៩] តាមផ្ទះ ខ្ញុំទទួលខុសត្រូវ។ អ៊ីចឹងសុំសួរអ្នកនាំពាក្យ ព្រោះយើងមានយន្តការធ្វើការជាមួយគ្នា»។
កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា បញ្ហាទឹកជំនន់ដែលបង្កឱ្យលិចរាជធានីភ្នំពេញ មិនមែនបណ្ដាលមកពីការលុបបឹងធម្មជាតិនោះទេ។ លោកថា កន្លងមក ទោះបីជាមិនលុបបឹង រាជធានីភ្នំពេញក៏មានទឹកជំនន់ដែរ ដែលករណីនេះ លោកថា គួរតែឈប់រិះគន់ពីបញ្ហានេះ។
ផ្ទុយពីអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង កាលពីខែឧសភា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានចេញលិខិតមួយដោយព្រមានអំពីគ្រោះមហន្តរាយដោយសារទឹកជំនន់ ក្រោយពីក្រសួងមើលឃើញថាមានការចាក់ដីលុបនិងការសាងសង់សំណង់ផ្សេងៗ បិទផ្លូវទឹក និងកន្លែងស្តុកទឹកនានាជាបន្តបន្ទាប់៕