ក្រសួងយុត្តិធម៌ ពង្រឹងជំនាញមន្ត្រីតុលាការបន្ថែម ដើម្បីទប់ស្កាត់ការចរាចរលុយខុសច្បាប់ ខណៈអង្គការពិភពលោកឃ្លាំមើលអំពើលាងលុយកខ្វក់ មិនទាន់ដកកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខ្ពស់ខាងអំពើលាងលុយកខ្វក់នៅឡើយ។
ក្នុងកិច្ចប្រជុំមួយតាមបណ្ដាញសង្គម ZOOM កាលពីថ្ងៃម្សិលមិញ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានណែនាំអំពីបច្ចេកទេសក្នុងការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ដល់ប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាដំបូង និងប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងរាជធានី-ខេត្តទូទាំងប្រទេស។
ក្រសួងយុត្តិធម៌ បញ្ជាក់លើហ្វេសប៊ុករបស់ខ្លួនថា កិច្ចប្រជុំនេះ ដើម្បី«បង្កើនប្រសិទ្ធភាពនៃចំណាត់ការនីតិវិធីតុលាការ ចំពោះសំណុំរឿងដែលអាចមានការពាក់ព័ន្ធដល់ការងារប្រឆាំងការសម្អាតប្រាក់»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ឱ្យវីអូឌីដឹងបន្ថែមនៅថ្ងៃសុក្រនេះថា ការប្រយុទ្ធប្រឆាំងបទល្មើសសម្អាតប្រាក់ ឬលាងលុយកខ្វក់ ត្រូវការចូលរួមពីគ្រប់មន្ត្រីអនុវត្តច្បាប់មកពីគ្រប់ស្ថាប័ន រួមទាំងនគរបាលយុត្តិធម៌ និងស្ថាប័នតុលាការផងដែរ។
លោកបញ្ជាក់ថា កិច្ចប្រជុំនេះជាការបង្ហាញនីតិវិធីពិសេសរបស់តុលាការ ពាក់ព័ន្ធនឹងសំណុំរឿងសម្អាតប្រាក់ ដើម្បីធានាទប់ស្កាត់បទល្មើសសម្អាតប្រាក់ឱ្យមានប្រសិទ្ធភាពខ្ពស់។
លោកថា៖ «ពីព្រោះបទល្មើសសម្អាតប្រាក់នេះ វាជាបទល្មើសព្រហ្មទណ្ឌពិសេស ដែលវាត្រូវការជំនាញនិងបច្ចេកទេសដោយឡែកដែរ រួមទាំងជំនាញបច្ចេកទេស ដែលសមត្ថកិច្ចមន្ត្រីយុត្តិធម៌ត្រូវអនុវត្ត រួមទាំងជំនាញនិងបច្ចេកទេសពិសេសសម្រាប់តុលាការ ដែលត្រូវអនុវត្តនៅក្នុងដំណើរការនីតិវិធីតុលាការក្នុងសំណុំរឿងសម្អាតប្រាក់នេះ»។
អំឡុងខែកុម្ ភៈឆ្នាំ២០១៩ ក្រុមឃ្លាំមើលការលាងលុយកខ្វក់ពិភពលោក (FinancialActionTaskforce (FATF)) បានដាក់ប្រទេសកម្ពុជា ជាលើកទី២ ក្នុងបញ្ជីប្រផះ ដែលជាប្រទេសងាយរងគ្រោះដោយការលាងលុយកខ្វក់ ក្រោយពីពួកគេរកឃើញថា ប្រព័ន្ធតុលាការរបស់កម្ពុជាមានអំពើពុករលួយខ្ពស់ និងខ្វះឆន្ទៈក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មើលយើញថា ការចេញដំណើររបស់ក្រសួងយុត្តិធម៌អាចនឹងធ្វើឱ្យកម្ពុជារើខ្លួនរួចពីបញ្ជីប្រផះនៃប្រទេសលាងលុយនៅថ្ងៃអនាគត បើរដ្ឋាភិបាលពង្រឹងប្រសិទ្ធភាពនៃការទប់ស្កាត់លំហូរសាច់ប្រាក់ខុសច្បាប់នេះបាន។
បើតាមលោក ពិសី កម្ពុជាធ្លាប់តាំងចិត្តពង្រឹងកិច្ចសហការជាមួយភាគីពាក់ព័ន្ធលើយន្តការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការលាងលុយកខ្វក់និងលំហូរសាច់ប្រាក់ភេរវកម្ម ទាំងនៅក្នុងប្រទេស តំបន់ និងអន្តរជាតិ ហើយយន្តការនេះកម្ពុជាត្រូវមានច្បាប់ មានគណៈកម្មការជំនាញ មានប្រព័ន្ធយុត្តិធម៌ប្រកបដោយការជឿទុកចិត្ត រួមទាំងមានការចូលរួមពីអង្គការសង្គមស៊ីវិល។
តែផ្ទុយទៅវិញ លោកថា បើកម្ពុជាមិនអាចទប់ស្កាត់បញ្ហានេះបានទេ កម្ពុជាអាចប្រឈមនឹងការទាក់ទាញអ្នកវិនិយោគ ដែលវាបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច និងការបង្កើតការងារក្នុងប្រទេស។
លោកថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលគាត់ធ្វើដំណើរត្រូវហើយ ព្រោះទី១ គាត់អនុម័តច្បាប់ហើយ អ៊ីចឹងចំណុចដែលសំខាន់ជាងគេ គឺការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។ ហើយកន្លងមក កម្ពុជានៅមានចំណុចខ្សោយត្រង់ចំណុចហ្នឹង មានន័យថា កន្លែងខ្លះរកឃើញ ចាប់បានលុយនៅព្រលានយន្តហោះអីបានហើយ នៅមិនទាន់ការកាត់ទោស[អ្នកប្រព្រឹត្ត]អីទេ។ ប៉ុន្តែក្រោយមកនេះ មានករណីមួយចំនួនត្រូវបានគេកាត់ទោសហើយ បើកម្ពុជាធ្វើ ទៅថ្ងៃមុខ ប្រហែលជាល្អប្រសើរជាងហ្នឹង»។
បញ្ហានេះ សហរដ្ឋអាមេរិក កាលពីចុងឆ្នាំ២០២១ តាមរយៈមន្ត្រីជាន់ខ្ពស់ស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានណែនាំដល់ក្រុមហ៊ុននិងវិនិយោគិនជនជាតិអាមេរិកទាំងអស់ឱ្យប្រុងប្រយ័ត្នពីហានិភ័យហិរញ្ញវត្ថុ ដូចជា ការវិនិយោគផ្នែកអចលនទ្រព្យ កាស៊ីណូ និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងវិស័យកម្មន្តសាល និងឈើហ៊ុប ជាដើម ដោយថា វិស័យទាំងនោះអាចជាប់ពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្ស សកម្មភាពឧក្រិដ្ឋ ឬអំពើពុករលួយ។
តែយ៉ាងណា មាត្រា១នៃច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលប្រកាសឱ្យប្រើអំឡុងខែមិថុនា ឆ្នាំ២០២០ បានចែងថា៖ «ច្បាប់នេះមានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់និងហិញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម»៕