តំណាងប្រជាពលរដ្ឋជាង១០នាក់ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី (OCIC) បាននាំគ្នាប្រមូលផ្ដុំមុខក្រសួងរៀបចំដែនដី ដើម្បីទាមទារឱ្យថ្នាក់ដឹកនាំស្ថាប័ននេះជួយពន្លឿនដោះស្រាយសំណងផលប៉ះពាល់ដីធ្លីជូនពួកគេឱ្យបានឆាប់។
លោក ផុន ដា ដែលអះអាងជាតំណាងពលរដ្ឋរងគ្រោះដីធ្លី ស្ថិតនៅឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទនេះ ពួកគាត់ជិត២០នាក់ តំណាងឱ្យពលរដ្ឋរងគ្រោះ៤១៤គ្រួសារ បាននាំគ្នាឡើងមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឆ្លើយតបនឹងញត្តិដែលពួកគេដាក់ទៅក្រសួងកាលពីជាង២ខែមុន ដែលស្នើឱ្យក្រសួងជួយរកដំណោះស្រាយរឿងសំណងផលប៉ះពាល់ដីធ្លីក្រោមគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីរបស់ក្រុមហ៊ុន OCIC។
លោកបន្តថា ការដែលពួកគាត់នាំគ្នាឡើងមកក្រសួងរៀបចំដែនដី ដើម្បីសុំឱ្យក្រសួងពន្លឿនការដោះស្រាយនេះ ដោយសារតែពួកគាត់បារម្ភខ្លាចក្រុមហ៊ុនមិនផ្ដល់សំណងសមរម្យតាមតម្លៃទីផ្សារជូនពលរដ្ឋ ហើយចេះតែបន្តធ្វើការអភិវឌ្ឍនៅលើដីទំនាស់។
លោកមានប្រសាសន៍ថា៖ «គេចេះតែពន្យារពេល អូសបន្លាយពីមួយខែទៅមួយខែ ពីមួយថ្ងៃទៅមួយថ្ងៃ យើងឱ្យគេរង់ចាំៗ អត់មានចេញលទ្ធផលអី ដល់ពេលយើងតេសួរ ជួនកាលអត់មានភាពឆ្លងឆ្លើយ។ អ៊ីចឹងបានយើងមកដល់ក្រសួងដែនដី ចង់បានព័ត៌មានជាក់លាក់ ហើយយើងចង់ជួបតំណាងក្រុមហ៊ុន ចង់បានការចរចាគ្នាបញ្ចប់រឿងហ្នឹងតែម្ដងដោយសន្តិវិធី»។
បើតាមលោក ផុន ដា អំឡុងពេលប្រមូលផ្ដុំនោះ មន្ត្រីក្រសួងបានប្រាប់តំណាងពួកគាត់ថា ឯកសារញត្តិដែលពលរដ្ឋដាក់មកក្រសួងនោះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា បានចុះហត្ថលេខាតម្កល់ទុកហើយ ប៉ុន្តែមិនបានបញ្ជាក់ថានឹងជួយដោះស្រាយនៅថ្ងៃណាជាក់លាក់នោះទេ។
លោក ភោគ ផាន់នី ដែលអះអាងថាជាតំណាងពលរដ្ឋម្នាក់ទៀត និយាយថា ដីទំហំសរុប៨៣ហិកតារបស់ប្រជាពលរដ្ឋបានរងផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីនេះ តាំងពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ ដោយពុំទាន់បានការដោះស្រាយសំណងនៅឡើយទេ ខណៈផ្នែកខ្លះនៃដីនោះត្រូវបានក្រុមហ៊ុនឈូសឆាយអភិវឌ្ឍខ្លះទៅហើយ។
ករណីនេះ លោកថា បើក្រសួងមិនជួយដោះស្រាយបញ្ហាដីធ្លីនេះជូនពលរដ្ឋឱ្យបានឆាប់ទេ នោះពលរដ្ឋនឹងប្រមូលផ្ដុំគ្នាធ្វើកូដកម្មដោយអហិង្សានៅក្បែរដីដែលមានជម្លោះនាពេលឆាប់ៗខាងមុខនេះ។
លោកព្រមានដូច្នេះថា៖ «បើមិនមានដំណោះស្រាយទេ នៅពេលខាងមុខនេះ ខ្ញុំនឹងប្រមូលផ្ដុំគ្នាតវ៉ានៅកន្លែងក្បាលដីរបស់គាត់ ដើម្បីទាមទារឱ្យអាជ្ញាធរនិងក្រុមហ៊ុនពាក់ព័ន្ធពន្លឿនដោះស្រាយមក»។
វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានទេ នៅរសៀលថ្ងៃនេះ។
មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា ក្រសួងរៀបចំដែនដី ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ មិនត្រូវអូសបន្លាយពេលវេលាក្នុងការដោះស្រាយ ដែលធ្វើឱ្យពលរដ្ឋជួបការលំបាក និងត្រូវនាំគ្នាឡើងមករកកិច្ចអន្តរាគមន៍នៅក្រសួងបែបនេះទេ។
លោកបន្តថា៖ «[ប្រជាពលរដ្ឋ]គាត់អស់ដី អស់ផ្ទះហើយ តាមមើលទៅគាត់នៅតែប្រើប្រាស់សិទ្ធិដែលស្គាល់ដោយច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីបន្តទាមទាររហូត។ ហើយយើងក៏មានការព្រួយបារម្ភ ខ្លាចមានការប៉ះទង្គិចគ្នានៅថ្ងៃណាមួយដូចកាលពីប៉ុន្មានខែមុនអ៊ីចឹង»។
កាលពីខែកក្កដា ឆ្នាំ២០២១ ក្រុមពលរដ្ឋបានចេញលិខិតចំហមួយច្បាប់ដោយបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី អូស៊ីអាយស៊ី (OCIC) របស់លោកឧកញ៉ា ពុង ឃាវសែ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ៣៣០គ្រួសារ មកពីឃុំចំនួន៤ រួមមាន ឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងឃុំពត់សរ នៅស្រុកបាទី ខេត្តតាកែវ ដែលមានក្បាលដីទំហំជាង១លានម៉ែត្រការ៉េ។
កាលពីខែកញ្ញា ឆ្នាំ២០២១ អង្គការសង្គមស៊ីវិលចំនួន៣១ បានចេញសេចក្ដីថ្លែងការណ៍មួយស្នើដល់ស្ថាប័នពាក់ព័ន្ធផ្ដល់សំណងឱ្យបានសមស្របតាមតម្លៃទីផ្សារជូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដីធ្លីពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិថ្មីនេះ និងចៀសវាងនូវកិច្ចព្រមព្រៀងដោយមានការបង្ខិតបង្ខំ ដើម្បីរក្សានូវការគោរពសិទ្ធិមនុស្សដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញកម្ពុជា។
ក្រុមអង្គការទាំងនេះក៏បានស្នើដល់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល ត្រូវដោះស្រាយបញ្ហាជម្លោះដីធ្លីនេះតាមនីតិវិធី ដោយកោះហៅភាគីទំនាស់មកចរចាគ្នាដោយឈរលើផលប្រយោជន៍និងសេចក្ដីត្រូវការរបស់គ្រប់ភាគី ហើយភាគីទំនាស់និងអាជ្ញាធរគួររក្សាឱ្យបាននូវភាពអហិង្សា៕